អន្តរជាតិ
របបសឹកមីយ៉ាន់ម៉ាចោទលោកស្រី ស៊ូជី មួយករណីទៀតជុំវិញការបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតឆ្នាំ២០២០
16, Nov 2021 , 9:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ:
របបយោធាមីយ៉ាន់ម៉ាបានចោទមេដឹកនាំរដ្ឋាភិបាលស៊ីវិល អ៊ុងសាន ស៊ូជី ពីបទបបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតឆ្នាំ២០២០។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរដ្ឋមីយ៉ាន់ម៉ានៅថ្ងៃទី១៦ ខែវិច្ឆិកា។

 
មីយ៉ាន់ម៉ាស្ថិតក្នុងភាពចលាចលតាំងពីរដ្ឋប្រហារយោធានៅខែកុម្ភះដែលបង្កឱ្យមានការតវ៉ាប្រឆាំងទូទាំងប្រទេសនិងមានការបង្រ្កាបយ៉ាងសាហាវដល់អ្នកប្រឆាំង។ មេដឹកនាំរដ្ឋាភិបាលស៊ីវិល អ៊ុងសាន ស៊ូជី ដែលត្រូវបានឃុំខ្លួនតាំងពីរដ្ឋប្រហារ ប្រឈមនឹងការចោទប្រកាន់ជាច្រើនរួមមានការបំពានច្បាប់រក្សាការសម្ងាត់រដ្ឋ ការបះបោរ និងអំពើពុករលួយជាដើម។ លោកស្រីនឹងអាចប្រឈមនឹងការជាប់ពន្ធនាគាររាប់ទសវត្សរ៍។
 
បទចោទចុងក្រោយដែលអតីតមេដឹកនាំមីយ៉ាន់ម៉ារូបនេះប្រឈម គឺទាក់ទិននឹងការក្លែងបន្លំសន្លឹកឆ្នោត និងសកម្មភាពល្មើសច្បាប់។ កាសែតរដ្ឋ Global New Light of Myanmar ផ្សព្វផ្សាយបែបនេះនៅថ្ងៃទី១៦ ខែវិច្ឆិកា ដោយមិនបានផ្តល់ព័ត៌មានលម្អិតឡើយ។ លើសពីនេះ បើតាមប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរដ្ឋដដែល មន្ត្រី១៥នាក់ផ្សេងទៀតរួមមាន ប្រធានាធិបតីមីយ៉ាន់ម៉ា Win Myint និងប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត ក៏ប្រឈមមុខនឹងការចោទប្រកាន់ដូចគ្នា។
 
សូមបញ្ជាក់ថ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតឆ្នាំ ២០២០ បើធៀបនឹងការបោះឆ្នោតឆ្នាំ ២០១៥ ។ ប៉ុន្តែ របបយោធាអះអាងថា មានការក្លែងបន្លំអំឡុងពេលបោះឆ្នោត ហើយក៏យករឿងនេះជាមូលហេតុនៃការធ្វើរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ។
 
កាលពីខែកក្កដា របបយោធា ក៏បានលុបចោលលទ្ធផលនៃការបោះឆ្នោត ដោយប្រកាសថា ខ្លួនបានរកឃើញភាពមិនប្រក្រតីនៃសន្លឹកឆ្នោតជាង ១១ លានករណី។ យ៉ាងណាមិញ បើតាមរបាយការណ៍ស្តីពីការបោះឆ្នោតឆ្នាំ ២០២០ ក្រុមឃ្លាំមើលបណ្តាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរី បញ្ជាក់ថាលទ្ធផលទាំងអស់នោះតំណាងឱ្យឆន្ទៈរបស់ប្រជាជន៕

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com