អន្តរជាតិ
ជំងឺផ្តាសាយបក្សីចាប់ផ្តើមវាយលុកតំបន់អឺរ៉ុប និងអាស៊ីជាថ្មី
16, Nov 2021 , 6:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ:
ការផ្ទុះឡើងការរីករាលដាលជំងឺផ្តាសាយបក្សី បានវាយប្រហារទ្វីបអឺរ៉ុប និងអាស៊ីសារជាថ្មីនៅប៉ុន្មានថ្ងៃនេះ ដែលជាសញ្ញាបង្ហាញថា វីរុសនេះកំពុងសាយភាយយ៉ាងឆាប់រហ័សម្តងទៀត។។ ករណីថ្មីៗ ក៏ត្រូវបានរាយការណ៍ទៅកាន់អង្គការសុខភាពសត្វពិភពលោក(OIE) ។



ការរីករាលដាលនៃជំងឺបក្សីដ៏កាចសាហាវនៅអឺរ៉ុប និងអាស៊ី បានធ្វើឱ្យឧស្សាហកម្មសត្វបក្សីផ្តើមប្រុងប្រយ័ត្នខ្ពស់សារជាថ្មី ដោយសារតែចាប់តាំងពីវីរុសនេះកើតឡើង ​បានសម្លាប់សត្វបក្សីរាប់សិបលានក្បាល។ ការផ្ទុះឡើងជំងឺផ្តាសាយបក្សីនេះ នាំឱ្យមានវិធានរឹតបន្តឹងពាណិ្ជកម្មសត្វបក្សីផងដែរ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារ​ Reuters ។
​វីរុសនេះ ក៏កំពុងទាក់ទាញចំណាប់អារម្មណ៍ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកជំងឺឆ្លង​ឱ្យសិក្សាលើបញ្ហានេះដែរ ដោយមេរោគនេះអាចច​ម្លងទៅកាន់មនុស្សបាន។ 
 
ក្នុងឆ្នាំ២០២១​ ​​ចិនបានរាយការណ៍ករណីឆ្លងលើមនុស្ស២១នាក់​ ដែលជាជំងឺផ្តាសាយបក្សីប្រភេទ H5N6 ។ ចំណែក OIE​ នៅថ្ងៃទី១៥ ខែវិច្ឆិកា បាននិយាយ​ថា​ អាជ្ញាធរកូរ៉េខាងត្បូងបានរាយការណ៍ពីការផ្ទុះឡើងនៅកសិដ្ឋានមួយដែលមានសត្វបក្សីប្រមាណ៧៧ម៉ឺនក្បាល នៅខេត្ត Chungcheongbuk-do ហើយដោយសត្វទាំងនោះត្រូវបញ្ជាឱ្យសម្លាប់ចោលទាំងអស់។
​ក្នុងតំបន់អាស៊ីដដែល ជប៉ុន ក៏មានករណីឆ្លងដំបូងនារដូវរងាក្នុងឆ្នាំ២០២១នេះ​​។ ការរីករាលដាលនេះ ត្រូវបានរកឃើញ​នៅឯកសិដ្ឋានមួយ​នៅប៉ែកឦសាននៃប្រទេស។ ប្រភេទនៃវីរុសក្នុងករណីផ្ទុះនេះ ជាប្រភេទ H5N8 ។
 
ន័រវែសស្ថិតនៅទ្វីបអឺរ៉ុបវិញ​ បានរាយការណ៍ពីការរាតត្បាតនៃជំងឺផ្តាសាយបក្សីប្រភេទ H5N1 ​នៅតំបន់ Rogaland ក្នុងហ្វូងសត្វចំនួន៧០០០ក្បាល។ ​ឯរដ្ឋាភិបាលបែលហ្ស៊ិក បានដាក់ប្រទេសស្ថិតក្នុងហានិភ័យខ្ពស់លើការកើនឡើងនៃជំងឺនេះ ដោយបញ្ជាឱ្យរក្សាសត្វបក្សីទុកនៅក្នុងផ្ទះចាប់ពីថ្ងៃទី១៥ខែវិច្ឆិកានេះតទៅ​ ក្រោយពីរកឃើញមេរោគនេះនៅក្នុងខ្លួនសត្វក្ងានព្រៃ។ នេះបើតាមការបញ្ជាក់ពី OIE។
 
ជំងឺផ្តាសាយបក្សីនេះ បានលេចឡើងតាំងពីឆ្នាំ១៩៩៦ ដោយរកឃើញដំបូងនៅទឹកដីចិន។ ជំងឺនេះ បានសម្លាប់សត្វបក្សីរាប់លានក្បាលនិងប៉ះពាល់ដល់ប្រាក់ចំណូលរបស់ម្ចាស់កសិដ្ឋានយ៉ាងធ្ងន់ធ្ងរ។ជាទូទៅ ជំងឺនេះ តែងតែផ្ទុះឡើងនៅរដូវស្លឹកឈើជ្រុះអំឡុងការផ្លាស់ប្តូរទីលំនៅរបស់សត្វស្លាបព្រៃ។
 
ជំងឺផ្តាសាយបក្សីនេះ​ អាចចម្លងទៅកាន់មនុស្សបានតាមរយៈការប៉ះពាល់ផ្ទាល់លើសត្វបក្សីដែលឆ្លងមេរោគរួច។ ប៉ុន្តែវា មិនអាចចម្លងទៅកាន់មនុស្សតាមរយៈការបរិភោគផលិតផលសាច់សត្វស្លាបណាដែលបានចម្អិនរួចទេ៕

Tag:
 ផ្ដាសាយបក្សី
© រក្សាសិទ្ធិដោយ thmeythmey.com