អន្តរជាតិ
ចិន និងអាម៉េរិកយល់ព្រមបន្ធូរបន្ថយការរឹតត្បឹតអ្នកសារព័ត៌មាន
17, Nov 2021 , 2:22 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ:
ចិន និងអាម៉េរិក សម្រេចបន្ធូរបន្ថយការរឹតត្បឹតលើសិទ្ធអ្នកសារព័ត៌មានប្រទេសទាំងពីរទៅវិញទៅមក។ នេះបើការផ្សាយរបស់កាសែតចិន China Daily និងក្រសួងការបរទេសអាម៉េរិកនៅថ្ងៃទី១៦ ខែវិច្ឆិកា ។

 
ការយល់ព្រមលើការបន្ធូរបន្ថយទិដ្ឋាការរបស់អ្នកសារព័ត៌មានស្ថិតក្នុងចំណោមចំណុចផ្សេងៗទៀតដែលចិន និងអាម៉េរិកត្រូវរ៉ូវគ្នា មុនពេលកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូរវាងប្រធានាធិបតីចិន ស៊ី ជិនភីង និងសមភាគីអាម៉េរិក ចូ បៃដិន នៅថ្ងៃទី១៦ ខែវិច្ឆិកា។ កាសែតផ្លូវការចិន China Daily ផ្សាយបែបនេះ។
 
បើតាមកាសែតដដែល ក្រោមការឯកភាពគ្នានេះ អាម៉េរិកនឹងចេញទិដ្ឋាការដែលមានរយៈពេលជាច្រើនឆ្នាំដល់អ្នកសារព័ត៌មានចិន។ បន្ថែមពីនេះ ភាគី​ចិនក៏​បាន​ប្ដេជ្ញា​ផ្តល់​ភាពស្មើ​គ្នា​ដល់​អ្នក​សារព័ត៌មាន​អាម៉េរិក​ នៅ​ពេល​ដែល​គោលនយោបាយ​អាម៉េរិក​ចូល​ជា​ធរមានភ្លាម។ បើតាមកាសែតផ្លូវការ China Daily និងអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក ប្រទេសទាំងពីរនឹងចេញទិដ្ឋាការដល់អ្នកសារព័ត៌មានដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិដែលអាចអនុវត្តបាន។ អ្នកសារព័ត៌មាននឹងអាចចេញដំណើរទៅ និងត្រឡប់មកវិញដោយសេរី តែត្រូវអនុវត្តតាមវិធានទប់ស្កាត់ជំងឺកូវីដ-១៩។
 
ចិន និងអាម៉េរិក ទាស់គ្នាលើវិស័យជាច្រើនទាំងពីបញ្ហាបច្ចេកវិទ្យា និងពាណិជ្ជកម្ម រហូតដល់សិទ្ធមនុស្ស និងជំងឺកូវីដ-១៩ ហើយក៏រាលដាលដល់វិស័យសារព័ត៌មានកាលពីឆ្នាំ២០២០។ ទីក្រុងប៉េកាំងបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា ធ្វើសកម្មភាពបង្រ្កាបអ្នកកាសែតចិន បន្ទាប់ពីអាម៉េរិកបានកាត់បន្ថយចំនួនជនជាតិចិនដែលអាចធ្វើការក្នុងការិយាល័យសារព័ត៌មានរដ្ឋចិនប្រចាំអាម៉េរិក ហើយកាត់បន្ថយរយៈពេលស្នាក់នៅរបស់ពួកគេមក៩០ថ្ងៃ តែភ្ជាប់ជាមួយជម្រើសអាចពន្យារពេលថែម។ 
 
ជាការសងសឹកទៅវិញ ចិនបានបណ្តេញអ្នកកាសែតអាម៉េរិកចេញមួយចំនួន ហើយបានចេញការរឹតបន្តឹងទិដ្ឋាការថ្មីលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកមួយចំនួនថែមទៀត។
 
នៅក្នុងកិច្ចប្រជុំកំពូលរយៈពេលជាង៣ម៉ោងនេះ លោក បៃដិន បានសង្កត់ធ្ងន់ទៅលើស្ថានភាពសិទ្ធមនុស្សនៅចិនដូចជាទីបេ ស៊ីនជាំង និងហុងកុងជាដើម ខណៈលោក ស៊ី ព្រមានថាទីក្រុងប៉េកាំងនឹងតបតទៅនឹងការរករឿងណាមួយទាក់ទិននឹងតៃវ៉ាន់៕

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com