អន្តរជាតិ
រដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិកថា អាម៉េរិកមិនបង្ខំឱ្យអាស៊ីអាគ្នេយ៍ជ្រើសយករវាងអាម៉េរិកនិងចិននោះទេ
17, Nov 2021 , 7:29 pm        
រូបភាព
រដ្ឋមន្រ្តីពាណិជ្ជកម្មអាម៉េរិក Gina Raimondo ។ រូបថត AFP
រដ្ឋមន្រ្តីពាណិជ្ជកម្មអាម៉េរិក Gina Raimondo ។ រូបថត AFP
ក្នុងកិច្ចសម្ភាសផ្ទាល់ជាមួយទូរទស្សន៍ CNA នៅថ្ងៃទី១៦ ខែវិច្ឆិកា រដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិក លោកស្រី Gina Raimondo អះអាងថា អាម៉េរិកមិនមែនកំពុងតែបង្ខំ​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ឱ្យជ្រើសរើសរវាងចិននិងអាម៉េរិកនោះទេ។ លោកស្រីក៏បានបញ្ជាក់ថា​ វត្តមានរបស់​អាម៉េរិក​នៅ​តំបន់នេះមានមកជាយូរមកហើយ ហើយនឹងនៅតែបន្តធ្វើការយ៉ាង​សកម្មជាមួយ​ប្រទេស​ក្នុង​តំបន់​នេះទៀត។

 
រដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិក លោកស្រី Gina Raimondo កំពុង​ដំណើរទស្សនកិច្ចជា​ផ្លូវ​ការជាលើក​ដំបូងនៅ​អាស៊ី​ចាប់​ពី​ថ្ងៃ​ទី១៥ ដល់ទី១៨ ខែ​វិច្ឆិកា។ លោកស្រី ត្រូវធ្វើទស្សនកិច្ចនៅជប៉ុន សិង្ហបុរី និងម៉ាឡេស៊ី។ នៅសិង្ហបុរី លោកស្រី Raimondo បញ្ជាក់ជាថ្មីពីជំហររបស់អាម៉េរិកសម្រាប់អាស៊ីអាគ្នេយ៍។
 
«នេះមិនមែនជាការជ្រើសរើសអាម៉េរិក ឬក៏ចិននោះទេ»។ លោកស្រី Raimondo សង្កត់​ធ្ងន់​បែប​នេះ​នៅក្នុងកិច្ចសម្ភាសថ្ងៃទី១៦ ខែវិច្ឆិកា មុនបន្តថា ដំណើរទស្សនកិច្ចរបស់លោកស្រីនៅតំបន់នេះ និង​ការ​ប្តេជ្ញាចិត្តរបស់អាម៉េរិក មិនទាក់ទងបញ្ហាជាមួយចិនឡើយ។
 
ទោះជាយ៉ាងណា វត្តមានអាម៉េរិកនៅក្នុងតំបន់ ត្រូវមើលឃើញថា ជាការទប់ស្កាត់ការងើបឡើងរបស់ចិន។ សម្ព័ន្ធភាពទើបបង្កើតថ្មី AUKUS រវាងអាម៉េរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ក៏ជា​វិធានការ​មួយ​ដែលអាម៉េរិកព្យាយាមពង្រឹងវត្តមានខ្លួនដែរ។
 
ក្នុងកិច្ចសម្ភាសខាងលើនោះ លោកស្រី  Raimondo លើកឡើងថា ការទូត​អាម៉េរិក​ក្នុង​តំបន់​នេះ​ផ្អែក​លើ​កេរដំណែល​ជាជាង​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​បច្ចុប្បន្ន។ រដ្ឋមន្ត្រីរូបនេះបញ្ជាក់​ថា៖ « អាម៉េរិក​មាន​វត្តមាន​ទាំងផ្នែក សេដ្ឋកិច្ច និង​​យោធា​ជាច្រើន​ទសវត្សរ៍​មកហើយក្នុង​តំបន់នេះ។ ខណៈ​ដែលការរីកចម្រើនរឹតតែមានខ្លាំងឡើង ព្រមទាំងការច្នៃប្រឌិតបច្ចេកវិទ្យាជាច្រើននៅក្នុងតំបន់ អាម៉េរិក រឹតតែចង់មានវត្តមានច្រើនជាងមុននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដើម្បីបន្តភាព​ជា​ដៃគូទាំង​នោះ»។ 
 
រដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិក ទទួលស្គាល់ថា វត្តមានរបស់អាម៉េរិកនៅក្នុងតំបន់នេះបានធ្លាក់ចុះក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រោមរដ្ឋបាលលោក ដូណាល់​ ត្រាំ ។ ឯរដ្ឋាបាល​បច្ចុប្បន្នវិញ កំពុង​តែព្យាយាមស្ដារសហប្រតិបត្តិការជាមួយតំបន់នេះឡើងវិញ។
 
គួរបញ្ជាក់ថា កាលពីខែតុលា លោក ចូ បៃឌិន បានសន្យាវិនិយោគប្រាក់រហូតដល់ ១០២ លានដុល្លារ​អាម៉េរិកនៅក្នុងគំនិតផ្តួចផ្តើមថ្មីដើម្បីពង្រីកភាពជាដៃគូយុទ្ធសាស្ត្រអាម៉េរិក-អាស៊ាន។ ប្រធានាធិបតី​អាម៉េរិករូបនេះ ក៏បានប្រកាសពីការអភិវឌ្ឍក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក​ដោយ​សំដៅ​លើ​ពាណិជ្ជកម្ម និងការវិនិយោគដោយយុត្តិធម៌ និងបើកចំហ៕

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com