ជាតិ
សង្គមជាតិ
លោក សុខ ឥសាន៖«បើអាម៉េរិកល្អ ទៅធ្វើខ្ញុំអាម៉េរិកឲ្យអស់ទៅ កុំនៅឲ្យធ្ងន់ផែនដីខ្មែរ»
17, Nov 2021 , 8:59 pm        
រូបភាព
លោក សុខ ឥសាន ស្ថិតក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា កាលពីខែមិថុនា ឆ្នាំ២០២០។ រូបពីព្រឹទ្ធសភា
លោក សុខ ឥសាន ស្ថិតក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា កាលពីខែមិថុនា ឆ្នាំ២០២០។ រូបពីព្រឹទ្ធសភា
ដោយ: ថ្មីៗ
បើយល់ថា អាម៉េរិកល្អ ទៅធ្វើជាខ្ញុំគេនៅអាម៉េរិកទៅ កុំនៅស្រុកខ្មែរ។ នេះជាសារខ្លីមួយរបស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ជូនទៅអ្នកដែលស្រឡាញ់អាម៉េរិក និងតែងសរសើរពីភាពល្អរបស់អាម៉េរិកមិនដាច់ពីមាត់។



ទណ្ឌកម្មអាម៉េរិក ដែលធ្លាក់លើមន្រ្តីយោធាជាន់ខ្ពស់ពីររូបរបស់កម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះ បានទទួលការសាទរពីក្រុមអ្នកប្រឆាំង ហើយពួកគេ ថែមទាំងជំរុញឲ្យអាម៉េរិក ដាក់ទណ្ឌកម្មលើមន្រ្តីផ្សេងទៀតរបស់កម្ពុជា ដែលសមនឹងទទួលទណ្ឌកម្ម។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលកម្ពុជា មិនសប្បាយចិត្តសោះឡើយចំពោះការដាក់ទណ្ឌកម្មនេះ ហើយរឹតតែទើសចិត្ត នៅពេលឃើញក្រុមអ្នកប្រឆាំង ដែលមានឈាមជ័រជាខ្មែរ បែរជាត្រេកអរនឹងការដាក់ទណ្ឌកម្មរបស់បរទេសមកលើមន្រ្តីខ្មែរឯងបែបនេះ។
 
លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណកប្សប្រជាជនកម្ពុជា ក៏ជាជនម្នាក់ ស្ថិតក្នុងចំណោមមន្រ្តីរដ្ឋាភិបាលកម្ពុជាដែរ ដែលប្រតិកម្មនឹងអាម៉េរិក ចំពោះការដាក់ទណ្ឌកម្មលើមន្រ្តីយោធាជាន់ខ្ពស់ពីររូបរបស់កម្ពុជា។ ប្រតិកម្មរបស់លោក ធ្វើឡើងតាមរយៈសំណេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម។ លោក តែងសរសេរសំណេរអំពីស្ថានការណ៍នៅកម្ពុជា ទៅកាន់អ្នកកាសែតតាមបណ្តាញទំនាក់ទំនងតេឡេក្រាមស្ទើររៀងរាល់ថ្ងៃ។
 
មិនត្រឹមតែប្រតិកម្មនឹងអាម៉េរិកទេ លោក នៅបានឆ្លើយតបនឹងប្រជាជនខ្មែរខ្លះ ដែលសាទរចំពោះការដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជាពីសំណាក់អាម៉េរិក និងតែងសរសើរពីចំណុចល្អៗរបស់អាម៉េរិក។ ជាការពិត គឺមានប្រជាជនខ្មែរខ្លះ ដោយរួមទាំងអ្នកដែលមាននិន្នាការប្រឆាំងផង តែងសរសើរអាម៉េរិកថា មានភាពជឿនលឿន មានប្រជាធិបតេយ្យ និង គោរពសិទ្ធិមនុស្ស ជាដើម។ 
 
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បានផ្ញើសារទៅកាន់អ្នកដែលនិយមចូលចិត្តអាម៉េរិកយ៉ាងដូច្នេះថា៖«បើថាអាម៉េរិកល្អ នាំគ្នាទៅនៅធ្វើខ្ញុំកញ្ជះអាម៉េរិកឲ្យអស់ទៅ កុំនៅឲ្យធ្ងន់ផែនដីខ្មែរធ្វើអី»។ លោក បន្តថា៖«ខ្មែរខ្លះ ដល់បានទៅធ្វើខ្ញុំគេហ្នឹងឡើងអឿដាក់ខ្មែរគ្នាឯង ទោះគេ សង្កត់ក្បាលរាល់ថ្ងៃ រាល់យប់ អត់ដែលឮថ្ងូរមួយហ៊ឹះសោះ»។  
 
លោក បានហៅការដាក់ទណ្ឌកម្មរបស់អាម៉េរិកលើមន្រ្តីយោធាកម្ពុជា ថាជាការបំពានចូលកិច្ចការផ្ទៃក្នុង និងអធិបតេយ្យកម្ពុជា ហើយថែមទាំងបំពានច្បាប់អន្តរជាតិទៀតផង។ យ៉ាងណាក៏ដោយ លោក មើលឃើញថា ការដាក់ទណ្ឌកម្មនេះ គ្មានប្រសិទ្ធភាពអ្វីឡើយ ហើយកម្ពុជា និងអាម៉េរិក នៅតែមានទំនាក់ទំនងល្អជាមួយគ្នា។ 
 
នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកកាន់អគ្គយកដ្ឋានសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ និងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ត្រូវបានអាម៉េរិក ដាក់ទណ្ឌកម្ម ក្រោមហេតុផលថា លោកទាំងពីរ ពាក់ព័ន្ធនឹងអំពើពុករលួយ និងរំលោភសិទ្ធិមនុស្ស។ ទណ្ឌកម្ម ដែលអាម៉េរិក ដាក់នោះ គឺហាមមិនឲ្យលោកទាំងពីរ ចូលទឹកដីអាម៉េរិក និងបង្កកទ្រព្យសម្បត្តិរបស់ពួកលោក ដែលមាននៅលើទឹកដីអាម៉េរិក។ 
 
ក្រៅពីមន្រ្តីរដ្ឋាភិបាលកម្ពុជា ដែលចេញមុខប្រតិកម្មជាលក្ខណៈបុគ្គលទៅកាន់អាម៉េរិក ស្ថាប័នផ្លូវការរបស់រដ្ឋាភិបាលកម្ពុជា គឺក្រសួងការពាជាតិ និងក្រសួងការបរទេស ក៏បានចេញមកប្រតិកម្មដែរ ដោយក្រសួងការពារជាតិ ចេញជាសេចក្តីប្រកាសព័ត៌មាន ហើយក្រសួងការបរទេស ចេញជាសេចក្តីថ្លែងការណ៍។ ក្រសួងទាំងពីរ សុទ្ធតែបង្ហាញការប្រឆាំងយ៉ាងដាច់អហង្ការចំពោះការដាក់ទណ្ឌកម្មរបស់អាម៉េរិក។ 
 
សម្រាប់ក្រសួងការពារជាតិ ការដាក់ទណ្ឌកម្មនេះ គឺជាកាយវិការខ្វះវិចារណញ្ញាណ ហើយសម្រាប់ក្រសួងការបរទេសវិញ ការដាក់ទណ្ឌកម្មនេះ គឺជាការមាក់ងាយទាំងស្រុងលើឯករាជ្យកម្ពុជា ព្រមទាំងផ្ទុយនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។ 
 
លោក សុខ ឥសាន ចង់ឲ្យអាម៉េរិក បង្ហាញភស្តុតាង ចំពោះការចោទប្រកាន់ថា មន្រ្តីយោធាទាំងពីររូបរបស់កម្ពុជា ប្រព្រឹត្តអំពើពុករលួយ៕ 

Tag:
 សុខ ឥសាន
  កម្ពុជា-អាម៉េរិក
  ទណ្ឌកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com