អន្តរជាតិ
បញ្ហាតៃវ៉ាន់៖ លោក បៃឌិន ថា ជំហររបស់អាម៉េរិកលើអធិបតេយ្យចិន មិនផ្លាស់ប្តូរឡើយ
17, Nov 2021 , 5:13 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅទី១៦ ខែវិច្ឆិកា បានបញ្ជាក់ជាថ្មីពីទំនាក់ទំនងរវាងកោះតៃវ៉ាន់ និងអាម៉េរិក បន្ទាប់ពីលោកបង្កការភាន់ច្រឡំម្ដងទៀតពីជំហររបស់អាម៉េរិក។ លោក បៃឌិន និយាយថាជំហររបស់អាម៉េរិកលើអធិបតេយ្យភាពរបស់ចិន មិនមានការផ្លាស់ប្តូរទេ។



ជាលើកទីបី លោកប្រធានាធិបតី ចូ បៃឌិន និយាយមិនស៊ីចង្វាក់គ្នាជុំវិញជំហររបស់អាម៉េរិកចំពោះកោះតៃវ៉ាន់។ ក្នុងដំណើរទៅកាន់រដ្ឋ New Hampshire លោក បៃឌិន និយាយដោយសំដៅតៃវ៉ាន់ថា វាជារឿងឯករាជ្យ ហើយវាសម្រេចចិត្តដោយខ្លួន។
 
យ៉ាងណាមិញ នៅពេលបន្ទាប់ លោក បៃឌិន ស្រាប់តែនិយាយជាថ្មី អាម៉េរិក ​នឹង​មិន​ផ្លាស់​ប្តូរ​គោល​នយោបាយ​ឡើយ ហើយមិនលើកទឹកចិត្តឱ្យមានឯករាជ្យភាពនៅតៃវ៉ាន់ទេ។ លោកបន្តថា អ្វីដែលអាម៉េរិកកំពុងធ្វើ គឺលើកទឹកចិត្តតៃវ៉ាន់ឱ្យធ្វើអ្វីដែលច្បាប់ទំនាក់ទំនងតៃវ៉ាន់ប៉ុណ្ណោះ។ 
 
នៅក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់ (Taiwan Relations Act) អាម៉េរិកមិនទទួលស្គាល់ឯករាជ្យភាពរបស់តៃវ៉ាន់ទេ ប៉ុន្តែប្តេជ្ញាជួយកោះនេះការពារខ្លួន។ តាំងពីបញ្ចប់ទំនាក់ទំនងផ្លូវការមក អាម៉េរិកបន្តទំនាក់ទំនងស៊ីជម្រៅជាមួយតៃវ៉ាន់ដដែល ហើយផ្គត់ផ្គង់សព្វាវុធឱ្យដែនកោះនេះទៀតផង។
 
នេះ​ជា​ករណីចុងក្រោយហើយ​ដែល​ប្រធានាធិបតីអាម៉េរិក ​បៃឌិន ​បង្ហាញ​ពី​ការ​​គាំទ្រ​របស់​លោក​ចំពោះ​តៃវ៉ាន់​ ដែល​ផ្ទុយ​ពី​គោល​នយោបាយ​របស់​អាម៉េរិក។ នៅខែតុលាកន្លងទៅ លោក បៃឌិន ធ្លាប់បានអះអាងថា នឹងការពារតៃវ៉ាន់ប្រសិនបើមានការវាយប្រហារពីចិន។
 
គួរបញ្ជាក់ថា លោក បៃឌិន និងប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី​ ១៥ ខែ វិច្ឆិកាបានជួបជជែកជាលើកដំបូងតាមប្រព័ន្ធវីដេអូក្រោយបានជួ​បសន្ទនាតាមទូរស័ព្ទពីរដង។ ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរបាន លើកឡើងពីបញ្ហាសិទ្ធិមនុស្សក៏ដូចជាបញ្ហានៅតៃវ៉ាន់ផងដែរ។ លោកស៊ី ក្នុងកិច្ចប្រជុំនេះបានព្រមានអាម៉េរិកថា ការគាំទ្រឯករាជ្យរបស់តៃវ៉ាន់​ ប្រៀបដូចកំពុងប្រលែងនឹងភ្លើង៕

Tag:
 ចិន
  អាម៉េរិក
  បៃឌិន
© រក្សាសិទ្ធិដោយ thmeythmey.com