អន្តរជាតិ
អាម៉េរិក​​ថា ខ្លួន​មិន​មាន​កិច្ច​ចរចាផ្លូវការស្តីពីការ​គ្រប់គ្រង​អាវុធ​​​ជាមួយ​​​ចិន​ទេ
18, Nov 2021 , 2:59 pm        
រូបភាព
ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក Jake Sullivan ។ រូបថត AFP
ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក Jake Sullivan ។ រូបថត AFP
ដោយ:
អាម៉េរិក និងចិន គ្រោងមានកិច្ចសន្ទនាស្តីពីការគ្រប់គ្រងអាវុធដើម្បីបញ្ចៀសការរត់ប្រណាំងសព្វាវុធជាថ្មី ប៉ុន្តែមិនមែនជាការចរចាផ្លូវការមួយទេ។ ក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិកបញ្ជាក់បែបនេះនៅថ្ងៃទី១៧ ខែវិច្ឆិកា បន្ទាប់ពីជំនួបរវាងមេដឹកនាំប្រទេសទាំងពីរនៅថ្ងៃទី១៥ ខែវិច្ឆិកា។

 
ប្រធានាធិបតីអាម៉េរិក ចូ បៃដិន និងប្រធានាធិបតីចិន ស៊ី ជិនភីង នៅសប្តាហ៍នេះបានយល់ព្រមរកមើលការចាប់ផ្តើមបន្តជាមួយការពិភាក្សាស្តីពីស្ថិរភាពជាយុទ្ធសាស្រ្ត។ ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan ​លើកឡើងបែបនេះនៅថ្ងៃទី១៦ ខែវិច្ឆិកា ដោយសំដៅដល់​ការ​ព្រួយ​បារម្ភ​របស់​អាម៉េរិក​អំពី​ការ​បង្កើត​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​ចិននាពេលកន្លងមក។ យ៉់ាងណាមិញ កម្រិតនៃការពិភាក្សា មានត្រឹមជាការសន្ទនា ជាជាងការចរចាផ្លូវការ។
 
«វាគួរតែច្បាស់ ដូចដែលទីប្រឹក្សាសន្តិសុខជាតិលោក Sullivan បញ្ជាក់ចឹង។ កិច្ចសន្ទនានេះនឹងមិនដូចគ្នាទៅនឹងកិច្ចពិភាក្សាដែលយើងមានជាមួយរុស្ស៊ី ដែលមានភាពចាស់ទុំ និងមានប្រវត្តិសាស្ត្រនោះទេ»។ អ្នក​នាំ​ពាក្យទីប្រឹក្សាសន្តិសុខជាតិសង្កត់ធ្ងន់បែបនេះមុនបន្តថា ទាំង​នេះ​មិន​មែន​ជា​ការ​ពិភាក្សា​ទៅលើការគ្រប់គ្រង​អាវុធ​ទេ ប៉ុន្តែ​ជា​ការ​សន្ទនាជាមួយដៃគូសន្ទនាប៉ុណ្ណោះ។
 
ជុំវិញកិច្ចសន្ទនានេះទៀតសោត ក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន អះអាងថា មិនដូចអ្វីដែលអាម៉េរិកជជែកជាមួយរុស្ស៊ីដែរ ព្រោះចិន និងអាម៉េរិកមិនស្ថិតក្នុងកម្រិតដូចគ្នាដែលអាម៉េរិក និងរុស្ស៊ីមានទំនាក់ទំនងជាច្រើនទសវត្សរ៍មកហើយទេ។
 
កន្លងមក ទីក្រុងវ៉ាស៊ីនតោន​បានជំរុញ​ចិន​ម្តង​ហើយ​ម្តង​ទៀត​ឱ្យ​ចូលរួម​ជាមួយ​ខ្លួន​និង​រុស្ស៊ី​ក្នុង​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​ថ្មី។ យ៉ាងណាមិញ ទីក្រុងប៉េកាំងអះអាងថា ឃ្លាំងអាវុធរបស់រុស្ស៊ីនិងអាម៉េរិកគឺធំជាងឆ្ងាយជាងរបស់ខ្លួន។ លើសពីនេះ ទីក្រុងប៉េកាំងប្រកាសថា ខ្លួនត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសន្ទនាទ្វេភាគីស្តីពីសន្តិសុខជាយុទ្ធសាស្ត្រ ដោយផ្អែកលើសមភាព និងការគោរពគ្នាទៅវិញទៅមក។
 
គួររំលឹកថា ជំនួបតាមប្រព័ន្ធវីដេអូដែលមានរយៈពេល៣ម៉ោងកន្លះ រវាងលោក បៃដិន និង លោកស៊ី មេដឹកនាំទាំងពីរបានលើកឡើងពីជំហររៀងៗខ្លួនដែលនាំឱ្យមានការរកាំរកូសមិនចេះចប់មិនចេះហើយរវាងប្រទេសទាំងពីររួមមានស្ថានភាពសិទ្ធមនុស្សនៅចិន និងបញ្ហាទាក់ទិននឹងតៃវ៉ាន់ជាដើម។ ថ្វីបើយ៉ាងនេះក្តី មេដឹកនាំទាំងពីរហាក់ដូចជាមិនមានភាពខុសគ្នាច្រើនឡើយទាក់ទងនឹងស្ថិរភាពនៃការការពារការអភិវឌ្ឍប្រទេសទាំងពីរ ព្រមទាំងសន្តិភាព និងស្ថិរភាពពិភពលោកផងដែរ៕
 

Tag:
 ចិន
 ​អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com