ជាតិ
សង្គមជាតិ
ពលរដ្ឋកម្ពុជា ជាង២.៨លាននាក់ ​កំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ​
18, Nov 2021 , 7:59 pm        
រូបភាព
លោក ឆាយ ថន ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងផែនការ ក្នុងសន្និសីទកាសែតស្តីពី««វិធីសាស្រ្តថ្មីសម្រាប់គណនាអត្រាភាពក្រីក្រនៅកម្ពុជា និងអត្រាភាពក្រីក្រឆ្នាំ២០២០» នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ។
លោក ឆាយ ថន ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងផែនការ ក្នុងសន្និសីទកាសែតស្តីពី««វិធីសាស្រ្តថ្មីសម្រាប់គណនាអត្រាភាពក្រីក្រនៅកម្ពុជា និងអត្រាភាពក្រីក្រឆ្នាំ២០២០» នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ។
​ពលរដ្ឋកម្ពុជា ចំនួន១៧.៨ភាគរយ ​ឬស្មើជាង ២.៨លាននាក់ នៃប្រជាសរុប បានរស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ នៅក្នុងឆ្នាំ២០១៩-២០២០។ រដ្ឋាភិបាល បានកំណត់ខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិថ្មី មានចំនួន ១០ ៩៥១រៀល ក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ ហើយខ្សែបន្ទាត់ភាពក្រីក្រនេះ ត្រូវបានប្រកាសនៅថ្ងៃទី១៧ ខែវិច្ឆិកានេះ។ បើតាមរដ្ឋមន្ត្រីក្រសួងផែនការ ក្នុងចំណោមពលរដ្ឋដែលរស់នៅក្រោមខ្សែបន្ទាត់ភាពក្រីក្រនៅកម្ពុជា មាន៤.២ភាគរយរស់នៅរាជធានីភ្នំពេញ ១២.៦ភាគរយ នៅតំបន់ទីប្រជុំជនផ្សេងទៀត និងអត្រាភាពក្រីក្រនៅតំបន់ជនបទមាន២២.៨ភាគរយ។

 
ពលរដ្ឋកម្ពុជា ចំនួន១៧.៨ភាគរយ ​ឬជាង២.៨លាននាក់ នៃប្រជាជនសរុប ១៦លាននាក់​ បានរស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ នៅក្នុងឆ្នាំ២០១៩-២០២០។ លោក ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បញ្ជាក់ដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី«វិធីសាស្រ្តថ្មីសម្រាប់គណនាអត្រាភាពក្រីក្រនៅកម្ពុជា និងអត្រាភាពក្រីក្រឆ្នាំ២០២០» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមរដ្ឋមន្ត្រីក្រសួងផែនការ​  ខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិសម្រាប់កម្ពុជា មានចំនួន ១០ ៩៥១រៀល ​ក្នុងចំណោមពលរដ្ឋម្នាក់ ក្នុងមួយថ្ងៃ ​ហើយខ្សែបន្ទាត់នៃភាពក្រីក្រថ្មីនេះ ត្រូវបានកំណត់ឡើងដោយប្រើប្រាស់​ទិន្នន័យ ពីការអង្កេតសេដ្ឋ​​កិច្ច សង្គមកិច្ចកម្ពុជាឆ្នាំ២០១៩-២០២០។ ក្នុងចំណោមពលរដ្ឋ​ដែលរស់នៅក្រោមបន្ទាត់ក្រីក្រទាំងជាង១៧.៨ភាគរយនោះអត្រាភាពក្រីក្រនៅរាជធានីភ្នំពេញមាន៤.២ភាគរយ​ ដោយពលរដ្ឋរកចំណូល១០ ៩៥១រៀល ក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ។ អត្រាភាពក្រីក្រនៅតំបន់ទីប្រជុំជនផ្សេងទៀត ១២.៦ភាគរយ ដែលពលរដ្ឋមានចំណូល៩ ៥៧១រៀល ក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ។ អត្រាភាពក្រីក្រ នៅតំបន់ជនបទ មាន២២.៨ភាគរយ ​ ដោយពលរដ្ឋរកចំណូលបានចំនួន ៨ ៩០៨រៀល ក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ។ 
 
បើតាមរដ្ឋមន្ត្រីក្រសួងផែនការ អត្រាភាពក្រីក្រនៅកម្ពុជាសម្រាប់ឆ្នាំ២០១៩-២០២០ បានរងផលប៉ះពាល់ខ្លះ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានចាប់ផ្តើមពីដើមឆ្នាំ២០២០មក  មកលើសេដ្ឋកិច្ចកម្ពុជា។ លោក ឆាយ ថន ពន្យល់បន្ថែមដូច្នេះ៖ «ការរីករាលដាលនៃកូវីដ-១៩ ដែលបានប៉ះពាល់ដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់លើវត្ថុធាតុដើម សម្រាប់ការផលិតផលិតផលនាំចេញ ការថយចុះការបញ្ជាទិញពីក្រៅប្រ​ទេស និងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ»។
 
យ៉ាងណាក៏ដោយ លោក ឆាយ ថន ផលប៉ះពាល់លើកម្រិតជីវភាពរស់នៅរបស់គ្រួសារប្រជាជនកម្ពុជា អាចចាប់ផ្តើមពីខែមេសា ឆ្នាំ២០២០ នៅពេល​ដែលវិធានការរឹតបន្តឹង ត្រូវបានអនុវត្ត​។
 
​បើតាមរដ្ឋមន្ត្រីក្រសួងផែនការ រាជរដ្ឋាភិបាល ​បាន​កែលម្អកម្រងសំណួរការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជាឆ្នាំ ២០១៩-២០២០ ដើម្បីទទួលបាន​ព័ត៌មានប្រសើរជាងមុន ស្តីពីការប្រើប្រាស់ម្ហូបអាហារ ដោយប្រើបញ្ជីលម្អិត និងកត់ត្រាពីបរិមាណប្រើប្រាស់នៃមុខទំនិញនីមួយៗ ដើម្បីឆ្លុះបញ្ចាំងពីភាពប្រែប្រួលនៃការចំណាយលើការប្រើប្រាស់ក្រុមជនក្រីក្រ និងធ្វើឱ្យប្រសើរឡើងវិធីសាស្ត្រសម្រាប់វាស់វែងភាពក្រីក្រ។ វិធីសាស្ត្រដែលកែសម្រួលនេះ បានផ្តោតលើ​២ចំណុចសំខាន់​ គឺទី១ បង្កើតការចំណាយលើការប្រើប្រាស់សរុបថ្មីមួយ ដែលដាក់បញ្ចូល​តម្លៃប៉ាន់ស្មានថ្លៃជួលផ្ទះ និងតម្លៃប៉ាន់ស្មានលើការប្រើប្រាស់​សម្ភារប្រើប្រាស់បានយូរ និងទី២ គឺការអនុវត្តវិធីសាស្ត្រចំណាយ​លើតម្រូវការមូលដ្ឋាន និងកន្ត្រករួម ដើម្បីកំណត់ខ្សែបន្ទាត់ភាពក្រីក្រ។
 
សូមជម្រាបថា ខ្សែបន្ទាត់ភាពក្រីក្រសម្រាប់កម្ពុជា ត្រូវបានកំណត់ដំបូងនៅឆ្នាំ១៩៩៧ ដោយប្រើប្រាស់ទិន្នន័យពីសង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ១៩៩៣-១៩៩៤ ហើយខ្សែបន្ទាត់ភាពក្រីក្រនេះ ត្រូវបានប្រើប្រាស់សម្រាប់វាសវែងកម្រិតនៃភាពក្រីក្រនៅកម្ពុជា រហូតដល់ឆ្នាំ២០០៨។ រាជរដ្ឋាភិបាល ​បានសម្រេច​កំណត់ខ្សែបន្ទាត់ក្រីក្រកម្ពុជាឡើងវិញ ​ក្នុងឆ្នាំ២០១៣ ដោយប្រើប្រាស់ទិន្ន័យសង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជាឆ្នាំ២០០៩ បន្ទាប់ពីសង្កេតឃើញថា សេដ្ឋកិច្ចកម្ពុជា មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជា  ក្នុ​ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៨។ ខ្សែបន្ទាត់ភាពក្រីក្រនេះ ត្រូវបានប្រើប្រាស់​សម្រាប់វាស់វែងភាពក្រីក្រនៅកម្ពុជា រហូតមកដល់បច្ចុប្បន្ន ដោយកែសម្រួល​តាមកម្រិតអតិផរណានៃថ្លៃទំនិញក្នុងឆ្នាំនីមួយៗ​។

នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ រដ្ឋាភិបាល ទើបកំណត់ខ្សែបន្ទាត់ភាពក្រីក្រថ្មី និងអត្រាភាពក្រីក្រឆ្នាំ២០១៩-២០២០។  ការកំណត់ខ្សែបន្ទាត់ភាពក្រីក្រថ្មីនេះ ក៏នឹងត្រូវ​ប្រើប្រាស់​ដើម្បីតាមដានត្រួតពិនិត្យលទ្ធផល នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងលទ្ធផលនៃការសម្រេចបាន គោលដៅអភិវឌ្ឍប្រកបដោយ​ចីរភាពកម្ពុជា ២០១៦-២០៣០៕
 

Tag:
 ភាពក្រីក្រ
 អត្រាភាពក្រីក្រ
 ឆាយ ថន
© រក្សាសិទ្ធិដោយ thmeythmey.com