អន្តរជាតិ
ហ្វីលីពីន ថ្កោលទោសសកម្មភាពកងឆ្មាំសមុទ្រចិននៅសមុទ្រចិនខាងត្បូង
18, Nov 2021 , 4:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសហ្វីលីពីន Teodoro Locsin ។ រូបថត Xinhua
រដ្ឋមន្រ្តីការបរទេសហ្វីលីពីន Teodoro Locsin ។ រូបថត Xinhua
ដោយ:
ហ្វីលីពីន បានថ្កោលទោសចិនជុំវិញសកម្មភាពរបស់នាវាឆ្មាំសមុទ្រចិន៣គ្រឿងដែលបានរារាំង និងប្រើប្រាស់កាណុងបាញ់ទឹកទៅលើទូកផ្គត់ផ្គង់របស់ទីក្រុងម៉ានីល។ ឧប្បត្តិហេតុនេះកើតឡើងនៅថ្ងៃទី ១៦ ខែវិច្ឆិកានៅតំបន់ថ្មប៉ប្រះទឹក Second Thomas ដែលគ្រប់គ្រងដោយហ្វីលីពីននៅសមុទ្រចិនខាងត្បូង។

 
ការប៉ះពារជាថ្មីរបស់ហ្វីលីពីន និងចិនបានកើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកាកន្លងទៅ។ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន Teodoro Locsin អះអាងនៅថ្ងៃទី១៨ ខែវិច្ឆិកាថា គ្មាននរណាម្នាក់រងរបួសក្នុងអំឡុងពេលឧប្បត្តិហេតុនៅតំបន់ Second Thomas Shoal ទេ ប៉ុន្តែបេសកកម្មរបស់ទូកហ្វីលីពីនដែលកំពុងដឹកជញ្ជូនអាហារដល់បុគ្គលិកយោធាដែលមានមូលដ្ឋាននៅទីនោះ ត្រូវបានលុបចោល។
 
«ចិនគ្មានសិទ្ធិអនុវត្តច្បាប់នៅក្នុង និងជុំវិញតំបន់ទាំងនេះទេ។ ពួកគេត្រូវតែប្រុងប្រយ័ត្ននឹងសកម្មភាពរបស់ពួកគេ ហើយដកថយ»។ លោក Locsin អះអាងបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយរំឭកចិនថា សកម្មភាពរបស់ឆ្មាំសមុទ្រចិនគឺខុសច្បាប់ ហើយនាវាហ្វីលីពីនស្ថិតនៅក្រោមសន្ធិសញ្ញាការពារគ្នាទៅវិញទៅមករបស់ហ្វីលីពីន-អាម៉េរិក។
 
«ខ្ញុំបានបញ្ជូនពាក្យដែលស្ថិតនៅក្នុងន័យធ្ងន់បំផុតអំពីការ​ខឹងសម្បារ ការ​ថ្កោលទោស និង​ការ​តវ៉ារបស់យើង​​ចំពោះ​ឧប្បត្តិហេតុ​នេះទៅកាន់អគ្គរដ្ឋទូតចិនប្រចាំទីក្រុងម៉ានីល»។ លោក Locsin បន្តបែបនេះ មុនថា ការណ៍ដែលចិនបរាជ័យអនុវត្តនូវការគ្រប់គ្រងសកម្មភាពខ្លួននេះគំរាមកំហែងដល់ទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ។
 
ជាមួយគ្នានេះដែរ ការិយាល័យប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌើទើតេ ដែលមានគោលនយោបាយគាំទ្រចិនបញ្ជាក់ថា ខ្លួនបានដឹងអំពីឧប្បត្តិហេតុនៅតំបន់ថ្មប៉ប្រះនេះ។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យស្តីទីលោក Karlo Nograles អះអាងថា ហ្វីលីពីននឹងបន្តការពារអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងអំណាចច្បាប់របស់ហ្វីលីពីន។
 
ជុំវិញរឿងនេះ មុនពេលកើតហេតុ ទីប្រឹក្សាសន្តិសុខជាតិ លោក Hermogenes Esperon និយាយថា អាជ្ញាធរបានកត់សម្គាល់ឃើញវត្តមានមិនប្រក្រតីនៃកងជីវពលដែនសមុទ្ររបស់ចិននៅក្បែរតំបន់ថ្មប៉ប្រះទឹក និងកោះ Thitu ដែលកាន់កាប់ដោយហ្វីលីពីន។ លោក Esperon ប្រាប់អ្នកយកព័ត៌មានថា មាននាវាចំនួន ១៩គ្រឿង នៅជិតតំបន់ Second Thomas កាលពីសប្តាហ៍មុន និង ៤៥គ្រឿងនៅជិតកោះ Thitu ហើយលោកក៏ពិពណ៌នាថាជាការឈ្លានពានខ្លាំងណាស់។
 
គួរបញ្ជាក់ថា តំបន់ថ្មប៉ប្រះទឹក​ Second Thomas ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ហ្វីលីពីន។ ចិនចាត់ទុកតំបន់នេះជាទឹកដីរបស់ខ្លួន ដោយសារវាស្ថិតនៅក្នុងខ្សែបន្ទាត់៩ចំណុចដែលចិនប្រើនៅលើផែនទីដើម្បីទាមទារផ្នែកស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូង៕

Tag:
 ហ្វីលីពីន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com