ជាតិ
រថយន្ត
ញូវដេលី ពិចារណា​ឲ្យយានយន្តឯកជន​បើក​បរឆ្លាស់ថ្ងៃគ្នា ដើម្បី​ទប់ទល់អ័ព្ទពុលដ៏គ្រោះថ្នាក់
22, Nov 2021 , 7:59 pm        
រូបភាព
ទិដ្ឋភាពនៅក្នុងក្រុងញូវដេលី។ រូបថត Xinhua
ទិដ្ឋភាពនៅក្នុងក្រុងញូវដេលី។ រូបថត Xinhua
ដោយ:
រដ្ឋធានីញូវដេលី កំពុងពិចារណាពីវិធានការរឹតបន្តឹងយានយន្តឯកជន ដោយការអនុញ្ញាតឱ្យមានការបើកបរក្នុងថ្ងៃឆ្លាស់គ្នា។ការត្រៀមវិធានការរឹតបន្តឹងនេះ នឹងត្រូវអនុវត្ត ប្រសិនបើខ្យល់បំពុលដ៏ធ្ងន់ធ្ងរនេះនៅតែបន្តវាយលុករដ្ឋធានីឥណ្ឌាមួយនេះមិនថមថយ។ នេះបើតាមសម្តីរដ្ឋមន្រ្តីក្រសួងបរិស្ថានប្រាប់ទីភ្នាក់ងារ Reuters ​កាលពី​ថ្ងៃទី១៨ ខែវិចិ្ឆកា។

 
​នៅក្នុងខែវិច្ឆិកានេះ អ័ព្ទពុលដ៏គ្រោះថ្នាក់ បានសាយភាយពាសពេញទីក្រុងដែលមានប្រជាជនរស់នៅកុះកុញខ្លាំងដល់ទៅ២០លាននាក់ ​និងបង្កជាក្តីបារម្ភខ្លាំងដល់ប្រជាជនឥណ្ឌា។ជុំវិញបញ្ហានេះ រដ្ឋាភិបាលឥណ្ឌា ក៏បានចាត់វិធានបន្ទាន់មួយចំនួនដែរដោយរួមមាន ការបិទសាលារៀន​ ហាមឃាត់សកម្មភាពសាងសង់និងការដុតកាកសំណល់ អនុញ្ញាតឱ្យប្រជាជនធ្វើការពីផ្ទះ និងបានចាប់ផ្តើមវិធានការគ្រប់គ្រងធូលីផ្សេងៗដូចជាការប្រើប្រាស់ឡានពន្លត់អគ្គិភ័យដើម្បីបាញ់ទឹកបន្ថយកម្រិតធូលីក្នុងបរិយាកាសជាដើម។
 
«បើសិនជាខ្យល់បំពុលនៅតែស្ថិតនៅកម្រិតខ្ពស់ យើងនឹងសម្លឹងមើលវិធានការថ្មីមួយទៀតដូចជាប្រព័ន្ធលេខសេស (លើយានជំនិះ)។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងព្រៃឈើ និងអភិវឌ្ឍសត្វព្រៃ​ លោក Gopal Rai បានថ្លៃងបែបនេះក្នុងកិច្ចសម្ភាសន៍មួយ។
 
ក្រោមវិធានការប្រព័ន្ធលេខសេសនេះ គឺត​ម្រូវឱ្យបណ្តាយានយន្តឯកជនទាំងអស់អាចបើកបរបានតែក្នុងថ្ងៃឆ្លាស់គ្នាដោយផ្អែកតាមលេខលើខ្ទង់ចុងក្រោយនៃផ្លាកលេខយានយន្តនីមួយៗ។
 
លោក Rai បានបន្ថែមថា ​រូបលោកនឹងតាមដានស្ថានការណ៍បន្ថែមទៀតប្រសិនជាមានតម្រូវការឱ្យមានការបិទខ្ទប់ទាំងស្រុងដើម្បីដោះស្រាយវិបត្តិអ័ព្ទពុលនេះ។ប៉ុន្តែវិធានការបិទខ្ទប់នេះ  អាចនឹងមិនដំណើរការទេ ប្រសិនជាប្រជាជនរស់នៅក្បែររដ្ឋធានីមិនសហការជាមួយរដ្ឋាភិបាល។
 
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ក្រុមគ្រូពេទ្យបានព្រមានថាក្មេងជាច្រើនកំពុងស្ថិតនៅមន្ទីរពេទ្យដោយមានបញ្ហាលើការដកដង្ហើមព្រោះតែការស្រូបយកផ្សែងពុលដ៏គ្រោះថ្នាក់ក្នុងរដ្ឋធានីញូវដេលី។ទាក់ទងរឿងនេះ​ ​រដ្ឋាភិបាលបានបញ្ជាឱ្យមានការបិទស្ថានីយ៍ថាមពលចំនួន៥ និងពន្យាពេលនៃការបិទសាលារៀនបន្ថែមទៀតដើម្បីព្យាយាមទប់ទល់នឹងវិបត្តិនេះ។
 
បើតាមការសិក្សាថ្មីដោយមជ្ឍមណ្ឌលស្រាវជ្រាវលើផ្នែកវិទ្យាសាស្រ្តនិងបរិស្ថាន សកម្មភាពចេញពីទីក្រុងបណ្តាលឱ្យមានខ្យល់ពុលខ្លាំងមានតែ៣០ភាគរយប៉ុណ្ណោះ ហើយនៅសល់ប៉ុន្មានទៀតសុទ្ធសឹងតែចេញពីបណ្តាក្រុងនៅក្បែរនោះដែលមានរោងចក្រដំណើរការទាំងធុនតូច​   និ​ងធំរាប់ពាន់កន្លែង។
 
លោក Rai បន្ថែមទៀត រដ្ឋាភិបាលកណ្តាលគួរតែកោះហៅកិច្ចប្រជុំនៃទីក្រុងញូវដេលីជាមួយរដ្ឋាភិបាលនៃរដ្ឋជិតខាងរួមមាន រដ្ឋ​ Punjab​​ ,  Haryana , Uttra Paradesh ដើម្បីត្រៀមរៀបចំផែនការរួមគ្នាលើការដោះស្រាយការបំពុលខ្យល់៕

Tag:
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com