កីឡាជាតិ
ជាតិ
សម្តេច ទៀ បាញ់៖ កម្ពុជានឹងធ្វើ​ជា​ម្ចាស់ផ្ទះកីឡា​យុវជន​អាស៊ី​នា​ឆ្នាំ​២០២៩
19, Nov 2021 , 9:59 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩​ ដែលមាន៤៥ប្រទេសចូលរួម។ នេះបើតាម ​ការ​បញ្ជាក់​របស់​សម្ដេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និង​ជាប្រធាន​គណៈកម្មាធិការ ជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) នាថ្ងៃទី១៩ ខែវិច្ឆិកា។

 
នាពិធីចូលរួមមហាសន្និបាតអូឡាំពិកអាស៊ីលើកទី៤០ នៅទីក្រុងឌូបៃ ប្រទេសរ៉ាប់អារួម នៅថ្ងៃទី២០-២៣ ខែវិច្ឆិកា  សម្ដេច ទៀ បាញ់ បានមានប្រសាសន៍ថា កម្ពុជាគ្រោងចុះហត្ថលេខាទទួលសិទ្ធិធ្វើ ជាម្ចាស់ផ្ទះរៀប ចំការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩ (The 5th Asian Youth Games 2029)។
 
បើតាម​សម្ដេច ទៀ បាញ់ ​ នេះជាកិត្តិយស សម្រាប់ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលជាការបន្ត និរន្តរភាព នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈវិស័យកីឡា ក្រោយ កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។


  រូបភាពពីហ្វេសប៊ុក​សម្ដេច ទៀ បាញ់ ។

ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី (AYG) ដែល​រៀបចំដោយក្រុម​ប្រឹក្សា​អូឡាំពិកអាស៊ី (OCA) ចាប់ផ្តើមពី​ឆ្នាំ២០០៩មក នៅ​ប្រទេសសិង្ហបុរី បន្ទាប់មកពី​នៅក្រុងណានជីង (ចិន) នា​ឆ្នាំ២០១៣។ ព្រឹត្តិការណ៍​ ដែលគ្រោងរៀបចំនៅក្រុង Hambantota (ស្រីលង្កា) បន្ទាប់មកក្រុងហ្សាការតា (ឥណ្ឌូណេស៊ី) នា​ឆ្នាំ២០១៧​ ត្រូវបានរំសាយ​ចោល។
 
ព្រឹត្តិការណ៍លើកទី៣ នឹងរៀបចំនៅ​ក្រុង Shantou (ចិន) នា​ឆ្នាំ២០២២, លើកទី៤នៅក្រុង Tashkent (អ៊ូសបេគីស្ថាន) នា​ឆ្នាំ២០២៥ និងលើកទី៥នៅ​រាជធានីភ្នំពេញ នា​ឆ្នាំ២០២៩៕

Tag:
 កីឡាយុវជនអាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com