ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី៖«ទ្រព្យសម្បត្តិ លុយកាក់ ផ្ទះសម្បែង ដីធ្លី មិនសំខាន់ទេ»
20, Nov 2021 , 2:44 pm        
រូបភាព
រូបពី AFP
រូបពី AFP
ការដែលតុលាការកម្ពុជា រឹបអូសដីធ្លី ផ្ទះសម្បែងនៅកម្ពុជា យកទៅដាក់លក់ ពុំបានធ្វើឲ្យលោក សម រង្ស៊ី មេដឹកនាំកំពូលរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស ស្តាយស្រណោះ ឬកើតទុក្ខម្នេញអ្វីឡើយ។ លោក ប្រាប់ថា នៅកម្ពុជា លោក មានទ្រព្យសម្បត្តិបន្តិចបន្តួចប៉ុណ្ណោះ ដូច្នេះ លោក មិនមានចំណងវាក់វិននឹងទ្រព្យសម្បត្តិទាំងនោះទេ។ 



ក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សម រង្ស៊ី បាននិយាយពីខ្លួនលោកដូច្នេះថា៖«ខ្ញុំ អត់ខ្វល់ទេ ពីព្រោះខ្ញុំ មិនមែនជាមនុស្សសម្ភារនិយម។ រឿងទ្រព្យសម្បត្តិ លុយកាក់ ផ្ទះសម្បែង ដីធ្លី មិនសំខាន់ទេ ខ្ញុំ ជាមនុស្ស ដែលអត់មានចំណង [ចំពោះរឿងទាំងអស់ហ្នឹងទេ]»។ 
 
លោក បន្តថា បើមានចំណងដោយសារទ្រព្យសម្បត្តិ មនុស្ស នឹងត្រូវបាត់បង់សេរីភាពផ្លូវចិត្ត ព្រោះបារម្ភនឹងការបាត់បង់ទ្រព្យសម្បត្តិ តែបើមិនមានចំណងនឹងទ្រព្យសម្បត្តិ គេ នឹងមានសេរីភាពផ្លូវចិត្ត ព្រោះមិនចាំបាច់ត្រូវបារម្ភនឹងការបាត់បង់ទ្រព្យសម្បត្តិ។ លោក ចាត់ទុកទ្រព្យសម្បត្តិថា គ្រាន់តែជាសំបកខាងក្រៅប៉ុណ្ណោះ ដែលអាចត្រូវបានឆក់ប្លន់បាន ប៉ុន្តែ ទឹកចិត្ត និងឧត្តមគតិ គ្មាននរណាអាចប៉ះពាល់បានឡើយ។ 
 
ប្រមុខដឹកនាំក្រុមប្រឆាំងរូបនេះ ថ្លែងដូច្នេះថា៖«បើយើង មានចំណងជាទ្រព្យសម្បត្តិច្រើន គេ សម្លុតរឹបអូស អាហ្នឹង យើង បាត់បង់សេរីភាពហើយ ពីព្រោះយើង ខ្លាចបាត់ទ្រព្យសម្បត្តិរបស់យើង។ តែខ្ញុំ អត់មានខ្លាចបាត់ទ្រព្យសម្បត្តិបន្តិចបន្តួច ដែលខ្ញុំ មាននៅប្រទេសកម្ពុជាទេ។ អ៊ីចឹង ក៏វាល្អម្យ៉ាងដែរ ឲ្យអស់ចំណងសម្ភារៈ គឺនៅសល់តែចំណងចិត្ត។ ខ្ញុំ មានចំណងចិត្តជាមួយប្រជារាស្រ្តខ្មែរ ជាមួយមាតុភូមិកំណើតរបស់ខ្ញុំ ចំណងចិត្តហ្នឹង គ្មាននរណា កាត់ផ្តាច់បានទេ»។  
 
ផ្ទះ និងដីធ្លីរបស់លោក សម រង្ស៊ី ជាមួយភរិយា គឺអ្នកស្រី ជូឡុង សូមួរ៉ា ដែលស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវលោក អនុញ្ញាតឲ្យអតីតគណបក្សសង្គ្រោះជាតិ យកធ្វើជាទីស្នាក់ការកណ្តាល។ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្រាប់តែតុលាការភ្នំពេញ ចេញដីកាស្តីពីការរឹបអូសយកទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ និងស្តីពីការចាប់ផ្តើមនីតិវីនៃការដាក់លក់ ដើម្បីយកប្រាក់ទៅសងមេដឹកនាំគណបក្សប្រជាជនកម្ពុជា។ 
 
យោងតាមសេចក្តីសម្រេចរបស់តុលាការ លោក សម រង្ស៊ី ជាកូនបំណុល ត្រូវបង់ប្រាក់ទៅ៤ភាគីជាម្ចាស់បំណុល គឺបង់ដល់ទៅ១លានដុល្លារ ជូនសម្តេចសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បង់៦សែនដុល្លារ ជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភា បង់ប្រមាណ៥សែនដុល្លារ ជូនសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង បង់ជាង៤,៤សែនដុល្លារ ជូនរដ្ឋាភិបាលកម្ពុជាទាំងមូល។ ភាគីទាំង៤នេះ បានដាក់ពាក្យប្តឹងលោក សម រង្ស៊ី ពីបទចោទផ្សេងៗពីគ្នា និងទាមទារឲ្យលោក បង់ប្រាក់ជាការសងជំងឺចិត្ត។ 
 
ប្រធានក្រុមមេធាវីរដ្ឋាភិបាល ដែលមានលោកមេធាវី គី តិច ជាប្រធាន បានចេញសេចក្តីថ្លែងការណ៍បំភ្លឺជុំវិញការចាប់ផ្តើមនីតិវិធីលក់ទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ ដែលជាកម្មសិទ្ធិរបស់លោក សម រង្ស៊ី និងភរិយា។ ក្រុមេធាវីរដ្ឋាភិបាល លើកឡើងថា លោក សម រង្ស៊ី និងភិរិយា ត្រូវតុលាការ កាត់ក្តីឲ្យមានទោស ហើយថែមទាំងតម្រូវឲ្យសងសំណងទៅជនរងគ្រោះ ដែលជាអ្នកដាក់ពាក្យប្តឹង។ 
 
ក្រុមមេធាវីរដ្ឋាភិបាល បញ្ជាក់ថា៖«នីតិវិធីអនុវត្តតាមរយៈការចេញដីកាសម្រេចចាប់ផ្តើមលក់ដោយបង្ខំនូវអចលនវត្ថុ ដែលជាកម្មសិទ្ធិរបស់ពិរុទ្ធជនឈ្មោះ សម រង្ស៊ី និង ជូឡុង សូមួរ៉ា ដែលជាទ្រព្យសម្បត្តិឯកជនរបស់ពិរុទ្ធជននេះ ជាការប្រតិបត្តិនូវច្បាប់ និងនីតិវិធីជាធរមានទាំងស្រុង»។ 
 
ក្រុមមេធាវីរដ្ឋាភិបាល បន្ថែមថា ពេលនីតិវិធីលក់ដោយបង្ខំ ត្រូវបានអនុវត្តចប់រួចរាល់ហើយ អចលនវត្ថុនេះ ដែលជាទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ នឹងក្លាយជាកម្មសិទ្ធិរបស់អ្នកទិញ ដែលជាបានដេញថ្លៃទិញពីតុលាការ ហើយលោក សម រង្ស៊ី និងភរិយា ឬជនណាក៏ដោយ គ្មានសិទ្ធិ ទទួលវិញឡើយ។ ក្រុមមេធាវីរដ្ឋាភិបាល បកស្រាយថា ការរឹបអូស និងដាក់លក់ទ្រព្យសម្បត្តិរបស់ពិរុទ្ធជន ឬកូនបំណូលតាមផ្លូវតុលាការ ជានីតិវិធីអនុវត្តជាប្រក្រតីលើគ្រប់បុគ្គល ដែលមានកាតព្វកិច្ចសងសំណងរដ្ឋប្បវេណី មិនមែនអនុវត្តចំពោះតែលោក សម សម រង្ស៊ី និងភរិយាទេ។ 
 
យ៉ាងណាក៏ដោយ លោក សម រង្ស៊ី ចោទថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតាមសងសឹក និងធ្វើទុក្ខបុកម្នេញលោកតាមផ្លូវនយោបយា ហើយការដែលតុលាការ រឹបអូសទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ ដែលជាផ្ទះសម្បែងរបស់លោក ត្រូវលោក ហៅថា ជាការធ្វើទុក្ខបុកម្នេញលោកលើផ្នែកហិរញវត្ថុ៕ 
 
 
 

Tag:
 នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com