ជាតិ
តម្លៃជ្រូករស់នឹងងើបឡើងវិញឆាប់ៗ បន្ទាប់ពីរដ្ឋាភិបាលបើកដំណើរការប្រទេស
20, Nov 2021 , 7:29 pm        
រូបភាព
ជិត៣ខែហើយទីផ្សារជូករស់កម្ពុជា នៅតែបន្តធ្លាក់ថ្លៃ ខណៈសមគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា តម្លៃជ្រូករស់នឹងងើបឡើងវិញនៅពាក់កណ្ដាលខែធ្នូ ឬដើមខែមករា បន្ទាប់ពីរដ្ឋាភិបាលបើកឲ្យដំណើរការប្រទេស។ ស្របពេល ក្រសួងកសិកម្ម បានបិទការនាំចូលពីប្រទេសជិតខាងទាំងស្រុង ដូច្នេះ ជ្រូករស់អាចនឹងឡើងថ្លៃដល់១១០០០ ទៅ១២០០០រៀលក្នុងមួយគីឡូ។

 
លោក ស្រ៊ុន ពៅ ប្រធានសមគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗ២៥នៅថ្ងៃទី១៧ ខែវិច្ឆិកានេះថា តម្លៃជ្រូករស់នៅកម្ពុជានឹងងើបឡើងវិញនៅពាក់កណ្ដាលខែធ្នូ ឬដើមខែមករា បន្ទាប់ពីរដ្ឋាភិបាលបើកឲ្យរៀបចំពិធីមង្គលការ បុណ្យ និងទេសចរណ៌ទូទាំងប្រទេសឡើងវិញ ខណៈក្រសួងកសិកម្ម បានបិទការនាំចូទាំងស្រុងពីប្រទេសជិតខាង។ លោក លើកឡើងថា សព្វថ្ងៃ កសិករចិញ្ចឹមជ្រូកក្នុងស្រុករងការខាតបង់យ៉ាងខ្លាំងដោយសារតម្លៃថោក និងគ្មានទីផ្សារ រីឯចំណីឡើងថ្លៃ។ ដូច្នេះ ប្រសិនបើ តម្លៃជ្រូករស់ឡើងមិនដល់១២០០០រៀលនោះទេ កសិករនឹងប្រឈមខាតបង់ទៀត។  
 


លោក ប្រាប់ដូច្នេះថា៖«ខ្ញុំជឿជាក់ថា មិនឲ្យហួស១ខែទៀតទេ ជ្រូករស់នឹងឡើងថ្លៃវិញ។ អ៊ីចឹង! យើងសង្ឃឹមថាវានឹងឡើងថ្លៃ ក្រោមមូលហេតុ យើងបិទមិនឲ្យប្រទេសជិតខាងចូល។ យើងបិទការនាំចូលទាំងស្រុក កាលពីអាទិត្យមុន ហើយខ្ញុំក៏បានចុះល្បាត ដើម្បីយកព័ត៌មានតាមព្រំដែនដែរ ឃើញថាពិតជាមានការបិទ១០០ភាគរយមែន»។ 
 
លោក ស្រ៊ុន ពៅ បញ្ជាក់ថា ថ្វីត្បិត បច្ចុប្បន្នកម្ពុជាបានបិទការនាំចូលជ្រូកពីប្រទេសជិតខាង ប៉ុន្តែកម្ពុជានឹងអាចនាំចូលមកវិញនៅប៉ុន្មានខែខាងមុខ ដោយសារតម្រូវការជ្រូករស់នឹងកើនឡើងពី៩ពាន់ ទៅ១ម៉ឺនក្បាលជារៀងរាល់ថ្ងៃ។ លោក អំពាវនាវឲ្យក្រសួងកសិកម្ម និងអគ្គនាយកដ្ឋានសុខភាពសត្វ ត្រូវនាំចូលដើម្បីបង្គប់ទីផ្សារ ដាច់ខាតកុំនាំមកដើម្បីប្រកួតប្រជែង ឬប៉ះពាល់ដល់តម្លៃទីផ្សារកសិករក្នុងស្រុក។ 
 
លោក ប្រាប់យ៉ាងដូច្នេះថា៖«ខ្ញុំសំណូមពរឲ្យក្រសួងកសិកម្ម ក៏ដូចជាអគ្គនាយដ្ឋាន គឺដាច់ខាតគ្រាន់តែនាំមកបង្គប់បានហើយ កុំឲ្យនាំហូរហៀ ឬនាំមកឲ្យប្រកួតប្រជែងជាមួយតម្លៃទីផ្សារ»៕   
 
 
 

Tag:
 ជ្រូក
 លោក ស្រ៊ុន ពៅ
  សមគមអ្នកចិញ្ចឹមសត្វកម្ពុជា
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com