ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រៅពីរើសអនុប្រធានទី១ថ្មី រដ្ឋសភា ក៏ត្រូវរុះរើថ្នាក់ដឹកនាំគណៈកម្មការជំនាញមួយចំនួនដែរ
21, Nov 2021 , 6:29 pm        
រូបភាព
ពីឆ្វេងដៃទៅស្តាំ៖ លោក ជាម យៀប លោក ឈាង វុន លោក សួស យ៉ារ៉ា និង លោក នឹម ច័ន្ទតារា (រូបពីរដ្ឋសភា)
ពីឆ្វេងដៃទៅស្តាំ៖ លោក ជាម យៀប លោក ឈាង វុន លោក សួស យ៉ារ៉ា និង លោក នឹម ច័ន្ទតារា (រូបពីរដ្ឋសភា)
ដោយ: ថ្មីៗ
គណបក្សប្រជាជនកម្ពុជា ត្រូវរៀបចំដាក់អ្នកអង្គុយកៅអីអនុប្រធានទី១រដ្ឋសភាជំនួសលោក ងួន ញ៉ិល ដែលទើបនឹងទទួលមរណភាព ហើយថែមទាំងត្រូវរៀបចំថ្នាក់ដឹកនាំតាមគណៈកម្មការជំនាញមួយចំនួនរបស់រដ្ឋសភាផងដែរ។ អ្នក ដែលត្រូវជ្រើសរើសឲ្យកាន់តំណែងជាអនុប្រធានទី១រដ្ឋសភាក្តី និងអ្នក ដែលត្រូវជ្រើសរើសឲ្យដឹកនាំតាមគណៈកម្មការជំនាញក្តី មិនមែនជាអ្នកផ្សេងមកពីណាឡើយ គឺសុទ្ធតែជាសមាជិករដ្ឋសភាពីគណបក្សប្រជាជនកម្ពុជាដដែលទេ ដោយគ្រាន់តែផ្លាស់គ្នាពីមួយទៅមួយប៉ុណ្ណោះ។


  
លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការជំនាញទី២) ត្រូវស្នើឲ្យជ្រើសតាំងជាអនុប្រធានទី១រដ្ឋសភា ជំនួសលោក ងួន ញ៉ិល។ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង ពត៌មាន (គណៈកម្មការជំនាញទី៥) ត្រូវបានស្នើឲ្យជ្រើសតាំងជាប្រធានគណៈកម្មការទី២ ជំនួសលោក ជាម យៀប។ 
 
លោក សួស យ៉ារ៉ា ជាអនុប្រធានគណៈកម្មការជំនាញទី៥ ត្រូវបានស្នើឲ្យជ្រើសតាំងជាប្រធានគណៈកម្មការជំនាញទី៥ ជំនួសលោក ឈាង វុន។ លោក នឹម ច័ន្ទតារា ជាលេខាធិការគណៈកម្មការជំនាញទី៥ ត្រូវបានស្នើឲ្យជ្រើសតាំងជាអនុប្រធានគណៈកម្មការជំនាញទី៥ ជំនួសលោក សួស យ៉ារ៉ា។ 
 
លោក ទី សុគន្ធ សមាជិកគណៈកម្មការជំនាញទី៥ ត្រូវបានស្នើឲ្យជ្រើសតាំងជាលេខាធិការគណៈកម្មការជំនាញទី៥ ជំនួសលោក នឹម ច័ន្ទតារា។ លោក ជៀប ស៊ីវន ដែលជាតំណាងរាស្រ្តមណ្ឌលភ្នំពេញ ត្រូវបានស្នើឲ្យជ្រើសតាំងជាសមាជិកគណៈកម្មការជំនាញទី៥ ជំនួសលោក ទី សុគន្ធ។ 
 
សំណើនៃការផ្លាស់ប្តូរខាងលើនេះ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភារួចហើយ។ នេះបើតាមការចុះផ្សាយលើគេហទំព័ររបស់គណបក្សប្រជាជនកម្ពុជា
 
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា ប្រាប់សារព័ត៌មានថ្មីៗថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំ ដើម្បីកំណត់របៀបវាៈ និងកាលបរិច្ឆេទនៃកិច្ចប្រជុំពេញអង្គរដ្ឋសភា។ បើតាមអ្នកនាំពាក្យ កិច្ចប្រជុំពេញអង្គរដ្ឋសភា ដែលគ្រោងរៀបចំឡើងក្នុងសប្តាហ៍នេះដែរនោះ គឺដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់បេក្ខជនខាងលើតាមសំណើរបស់ប្រធានគណបក្សប្រជាជនកម្ពុជា។
 
ដោយសារមរណភាពរបស់លោក ងួន ញ៉ិល រដ្ឋសភា បានបាត់បង់តំណាងរាស្រ្តម្នាក់ជាសមាជិក។ ដូច្នេះ រដ្ឋសភា ត្រូវជ្រើសតាំងតំណាងរាស្រ្តថ្មីម្នាក់បន្ថែម។ លោក ឡេង ប៉េងឡុង អះអាងថា រដ្ឋសភា បានទទួលឈ្មោះបេក្ខជន ដែលត្រូវបានស្នើឲ្យជ្រើសតាំងជាតំណាងរាស្រ្តថ្មីរួចហើយ តែលោក ពុំបានចាំឈ្មោះបេក្ខជននោះឡើយ។ 
 
តំណាងរាស្រ្តសរុប មាន១២៥រូប សម្រាប់នីតិកាលទី៦នេះ (២០១៨-២០២៣)។ ព្រោះតែគណបក្សសង្គ្រោះជាតិ ដែលត្រូវបានចាត់ទុកជាគណបក្សប្រឆាំងធំជាងគេ និងមានកម្លាំងគាំទ្រប្រហាក់ប្រហែលគណបក្សប្រជាជនកម្ពុជា ត្រូវបានរំលាយចោល គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចដឹកនាំរដ្ឋាភិបាល ក៏បានឈ្នះការបោះឆ្នោតតែម្នាក់ឯង សម្រាប់នីតិកាលទី៦។ តំណាងរាស្រ្តទាំង១២៥រូប ក្នុងនីតិកាលទី៦នេះ សុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជាទាំងអស់៕ 

Tag:
 រដ្ឋសភា
  រុះរើប្រធានគណៈកម្មការជំនាញ
© រក្សាសិទ្ធិដោយ thmeythmey.com