ជាតិ
សង្គមជាតិ
យោធាផ្កាយ១ និងគ្នា២នាក់ទៀត លួចជួញដូរអាវុធ ត្រូវចាប់ខ្លួន
22, Nov 2021 , 9:59 pm        
រូបភាព
កាំភ្លើងវែងប្រភេទ AK ចំនួន៥០ដើម ត្រូវបានសមត្ថកិច្ច រកឃើញក្នុងកន្លែងមួយ នៅស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។
កាំភ្លើងវែងប្រភេទ AK ចំនួន៥០ដើម ត្រូវបានសមត្ថកិច្ច រកឃើញក្នុងកន្លែងមួយ នៅស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។
ដោយ: ថ្មីៗ
យោធាម្នាក់ ដែលមានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) និងគូកនជាយោធា២នាក់ទៀត ត្រូវកងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងនគរបាល ឃាត់ខ្លួន ក្រោមការសង្ស័យថា លួចរក្សាទុក និងជួយដូរកាំភ្លើងវែងប្រភេទ AK ជាង៣០ដើមដោយខុសច្បាប់។


 
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រាប់សារព័ត៌មានថ្មីៗថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ជនសង្ស័យជាយោធាទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់អយ្យការអមតុលាការភ្នំពេញរួចហើយ ដើម្បីចាប់ការបន្តតាមនីតិវិធី។ ឈ្មោះ ឋានន្តរស័ក្តិ និងអត្តសញ្ញាណរបស់ជនសង្ស័យ រួមទាំងព័ត៌មានផ្សេងទៀត ជុំវិញការជួយដូរអាវុធនេះ លោក បដិសេធមិនប្រាប់ឡើយ។  
 
យ៉ាងណាក៏ដោយ លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រាប់សារព័ត៌មាន Fresh News ថា ក្នុងចំណោមយោធាទាំង៣នោះ ម្នាក់ឈ្មោះ អូន ពិសិដ្ឋ ជាឧត្តមសេនីយ៍ត្រី ដែលបម្រើការងារក្នុងអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារតជាតិ ម្នាក់ជាយោធា ដែលជាអតីតអនុប្រធានផ្នែកសឹករង និង ម្នាក់ទៀត ជាយោធាធម្មតា។
 
មុនចាប់បានយោធាទាំង៣នាក់ កម្លាំងសមត្ថកិច្ច បានរកឃើញកាំភ្លើង AK ជាង៣០ដើមនោះ ក្នុងចម្ការមៀនមួយកន្លែង នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។  
ជុំវិញកណនីយោធាទាំង៣ខាងលើ សារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺបន្ថែមពីលោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិបានទេ ដោយសារលោក មិនទទួលការហៅចូល។ 
 
កាលពីខែតុលា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច ក៏បានរកឃើញអាវុធជាច្រើនដើមដែរ ដែលត្រូវបានលាក់ទុកក្នុងកន្លែងមួយ នៅស្រុកកំរៀង ខេត្តបាត់ដំបង ដោយក្នុងនោះ មានកាំភ្លើងវែងប្រភេទ AK ដល់ទៅ៥០ដើម។ គេ មិនទាន់ដឹងថា កាំភ្លើង AK ទាំង៥០ដើមនេះ អាចពាក់ព័ន្ធនឹងមន្រ្តីយោធាទាំង៣នាក់ខាងលើដែរ ឬក៏អត់នោះទេ៕ 

Tag:
 យោធា
  ជួញដូរអាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com