ជាតិ
សង្គមជាតិ
ករណីរំលោភ៖ ត្រូវបញ្ឈប់ការដាក់បន្ទុកលើជនរងគ្រោះ ហើយ​ឱ្យអ្នកប្រព្រឹត្តទទួលខុសត្រូវ!
23, Nov 2021 , 11:41 am        
រូបភាព
រូបភាព៖ freepik
រូបភាព៖ freepik
ដោយ:
ភ្នំពេញ៖ ករណីរំលោភបំពាន នៅតែបន្តកើតមានក្នុងសង្គម។ ទន្ទឹមនឹងនេះការដាក់បន្ទុកលើស្ត្រី ឬ​ជនរងគ្រោះ តែងតែកើតមានរាល់ពេល ប៉ុន្តែអ្នកប្រព្រឹត្តមិនត្រូវបានជជែក និងដាក់បន្ទុក ឱ្យធ្ងន់ធ្ងរនោះឡើយ​។ តើករណីរំលោភបំពាន នរណាជាអ្នកប្រព្រឹត្ត? តើវាជាកំហុសអ្នកណា? តើការដាក់បន្ទុកលើជនរងគ្រោះ អាចបញ្ឈប់ការរំលោភបំពានបានទេ ?

 
ស្ទើរតែគ្រប់ករណីរំលោភបំពាន តែងសង្កេតឃើញមានមតិរបស់មហាជនមួយចំនួន ដាក់បន្ទុកលើជនរងគ្រោះដោយភាគច្រើនជាស្ត្រី ដូចជាពួកគេទៅកន្លែងស្ងាត់, ដើរលេងពេលរាត្រី, ការស្លៀកពាក់ និងមូលហេតុជាច្រើនទៀតរាប់មិនអស់​។ មនុស្សមួយចំនួនក្នុងសង្គម បានរកហេតុផលរាប់ម៉ឺន រាប់លាន ដើម្បីការពារអ្នកប្រព្រឹត្ត ហើយថាជនរងគ្រោះ មិនបានការពារនោះឡើយ​។ ផ្នត់គំនិតទាំងនេះ បានដក់ក្នុងខ្លួនមនុស្សចំនួន រាប់ជំនាន់មកហើយ។ តើនរណាជាអ្នកទទួលខុសត្រូវ លើករណី រំលោភបំពាន?


 ផ្ទាងសាររូបភាពខ្លី ដែលអង្គរការសហប្រជាជាតិ បង្ហោះនៅថ្ងៃទី២២វិច្ឆិកា
 
ពាក់ព័ន្ធនឹងការបៀតបៀន អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា (UN) បានចូលរួមអំពាវនាវឱ្យសាធារណជន បញ្ឈប់ការមាក់ងាយលើស្ត្រី និងសកម្មភាពយាយីផ្លូវភេទគ្រប់ទម្រង់រូបភាព។ លើសពីនេះ ត្រូវបញ្ឈប់ការប្រើភាសាស្ដីបន្ទោស លើជនរងគ្រោះ។  «កុំឱ្យគេរំលោភ » ហើយប្ដូរ មកប្រើពាក្យ «កុំរំលោភ »។ នេះជាសារខ្លីរបស់ UN Cambodia ដែលបានបង្ហោះ លើបណ្ដាញសង្គមរបស់ខ្លួន កាលពី​ថ្ងៃទី២២វិច្ឆិកានេះ។
 
កញ្ញា បុណ្យ​ រចនា សហស្ថាបនិក និងជានាយិកាអង្គការក្លាហាន ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey លើកឡើងថា នៅក្នុងសង្គមគេ​ឱ្យតម្លៃទៅបុរសជាធំ ហើយអ្នកប្រព្រឹត្តការបៀតបៀនស្ត្រី ភាគច្រើនជាបុរសហេតុនេះហើយទើបធ្វើឱ្យមនុស្សក្នុងសង្គមដាក់បន្ទុកលើជនរងគ្រោះ។ 
 
កញ្ញាបន្តដូច្នេះ៖ « ការស្ដីបន្ទោសជនរងគ្រោះនេះហើយ ដែលធ្វើឱ្យសង្គមរបស់យើងមានអំពើរហឹង្សា ផ្ដោតលើយេនឌ័រ និងការរំលោភបំពានលើផ្លូវភេទនៅបន្តកើតមានពីមួយជំនាន់ ទៅមួយជំនាន់។​ ហើយជនប្រព្រឹត្តដែលភាគច្រើនជាបុរសនោះ មិនខ្លាចរអាថាមានការស្ដីបន្ទោសពីសង្គមឡើយ »។​  
 


 កញ្ញា បុណ្យ រចនា សហស្ថាបនិកអង្គការក្លាហាន
 
សហស្ថាបនិកអង្គការក្លាហាន ដែលធ្វើការលើការការពារ និងលើកកម្ពស់ស្ត្រីបន្តថា ការបញ្ឈប់ ការ រំលោភបំពានលើស្ត្រី គឺផ្ដើមពីការបញ្ឈប់ការស្ដីបន្ទោសដល់ជនរងគ្រោះ និងបង្រៀនឱ្យមនុស្ស បុរសគោរពមនុស្សស្រី ជៀសជាងការដាក់សំពាធលើស្ត្រីឱ្យការពារខ្លួនរាល់ពេលចេញទៅខាងក្រៅ ឬកាលៈទេសណាមួយ។ ការបញ្ឈប់ការរំលោភបំពាន មិនមែនជាទំនួលខុសត្រូវរបស់ស្រ្តី តែជាការទទួលខុសត្រូវរួម ដោយរាប់ទាំងការអប់រំនៅសាលារៀន ក្នុងគ្រួសារ សង្គម និងការការពារសន្តិសុខរបស់អាជ្ញាធរ។ 
 
ជុំវិញបញ្ហានេះដែរ លោក ហុង រស្មី នាយកប្រចាំប្រទេសនៃអង្គការអាក់សិនអេតកម្ពុជា លើកឡើងថា ស្រ្តីប្រឈមនឹងការបៀតបៀនខ្លាំងនៅកន្លែងងងឹត និងកន្លែងស្ងាត់​។ លោកជំរុញឱ្យស្ត្រីរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋានភ្លាមៗ រាល់ពេលមានការបៀតបៀនគ្រប់រូបភាពកើតឡើង។ បើសិន អាជ្ញាធរមិនអន្តរាគមន៍ភ្លាម ស្ត្រីត្រូវបន្តរាយការណ៍ដល់ថ្នាក់លើបន្តទៀត។ ចំណែកអាជ្ញាធរ ត្រូវអន្តរាគមន៍ឱ្យទាន់ពេល និងរាល់ពេលមានការរាយការណ៍របស់ជនរងគ្រោះ ដែលត្រូវបានគេបៀតបៀន។
 
លោក ហុង រស្មី បញ្ជាក់ថា៖«បើសិនស្ត្រីម្នាក់ឯងរាយការណ៍ មិនមានភូមិឃុំ ចាត់វិធានការអន្តរាគមន៍ ត្រូវនាំគ្នាទៅរាយការណ៍រហូត។ យន្តការការពារស្ត្រីមានច្រើន តែការតាំងចិត្ត អនុវត្ត មានតិចនៅឡើយ…។ ហើយការរាយការណ៍របស់ស្ត្រី នៅកម្រិតណាក៏ដោយ ព័ត៌មានទាំងនោះ គួរតែទទួលបានការអន្តរាគមន៍មកវិញ»។ 
 


 លោក ហុង រស្មី នាយកប្រចាំប្រទេសនៃអង្គការអាក់សិនអេតកម្ពុជា ។​ រូបភាព៖ ActionAid Cambodia
 
នាយកប្រចាំប្រទេសនៃអង្គការអាក់សិនអេតកម្ពុជា ក៏បានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន ដាក់ភ្លើងបំភ្លឺផ្លូវនៅកន្លែងងងឹត និងដាក់ប្រជាការពារភូមិ ឬនគរបាលល្បាតនៅតាមទីស្ងាត់ ដើម្បីការពារស្ត្រី ពីការបៀតបៀនគ្រប់ទម្រង់រូបភាព។
 
ចំណែកកញ្ញា បុណ្យ រចនា បានអំពាវនាវឱ្យមហាជន សង្គម ឈប់ដាក់បន្ទុកលើស្ត្រីឱ្យការពារខ្លួន រាល់ពេលចេញទៅក្រៅ ឬកាលៈទេសណាមួយ តែត្រូវឱ្យមនុស្សប្រុស ឬសង្គម ចូលរួមគោរពស្ត្រី និងការពារស្ត្រី ដើម្បីបញ្ឈប់ការបៀតបៀន ការរំលោភបំពាន និងបញ្ឈប់ការស្ដីបន្ទោសលើជនរងគ្រោះ។
 
គួរបញ្ជាក់ផងដែរថ្មីៗ នេះមានករណីរំលោភ និងសម្លាប់ ​លើ​សិស្សថ្នាក់ទី១២ ​នៅស្រុកចំការលើ ខេត្តកំពង់ចាម។ ករណីនេះ អ្នកប្រើប្រាស់បណ្តាញសង្គម បង្ហាញក្តីអាណិតចំពោះនាងយ៉ាងខ្លាំង និងស្នើឲ្យកម្លាំងសមត្ថកិច្ច តាមចាប់ជនល្មើសឲ្យបានទាំងអស់ ដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់៕
​ 

Tag:
 ការបៀតបៀនផ្លូវភេទ
© រក្សាសិទ្ធិដោយ thmeythmey.com