ជាតិ
កម្ពុជាបន្តធ្លាក់ភ្លៀងរយៈពេលមួយសប្ដាហ៍ទៀត
24, Nov 2021 , 7:59 am        
រូបភាព
ផ្លូវមួយចំនួននៅម្តុំវត្តដំបូកខ្ពស់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក្រោយភ្លៀងធ្លាក់កាលពីថ្ងៃទី២២ ខែវិច្ឆិកា។ រូបថត អ៊ូ សុខមាន
ផ្លូវមួយចំនួននៅម្តុំវត្តដំបូកខ្ពស់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក្រោយភ្លៀងធ្លាក់កាលពីថ្ងៃទី២២ ខែវិច្ឆិកា។ រូបថត អ៊ូ សុខមាន
ដោយ:
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីជើងនៃប្រទេសចិនរំកិលចុះមកក្រោម និងខ្យល់មូសុងឦសានក្នុងកម្រិតមធ្យម។ ស្ថានភាពបែបនេះ អាចនឹងបណ្ដាលឱ្យ តំបន់មួយចំនួនមានភ្លៀងកម្រិតខ្សោយទៅបង្គួរ លាយឡំផ្គរ និងរន្ទះ។



បើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២៤-៣០ វិច្ឆិកា កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពោធខ្ពស់ពីជើងប្រទេសចិន និងខ្យល់មូសុងឦសានក្នុងកម្រិកមធ្យម។ ស្ថានភាពបែបនេះ អាចធ្វើឱ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានភ្លៀងក្នុងកម្រិតខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ នៅបណ្ដាខេត្តភាគខាងក្រោម។ 
 
ចំណែកឯ បណ្ដាខេត្តជាប់ភ្នំដងរែក និងខ្ពង់រាបឦសាន នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា អាចនឹងមានភ្លៀងក្នុងកម្រិតខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ នៅបណ្ដាខេត្តខ្ពង់រាបភាគខាងកើត។ ជាមួយគ្នានេះដែរ តំបន់ជាប់មាត់សមុទ្រ អាចនឹងមានភ្លៀងក្នុងកម្រិតខ្សោយ លាយឡំនិងខ្យល់ខុសពីធម្មតា។ នៅថ្ងៃទី២៩ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះផងដែរ។
 
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ចាប់ពីខែធ្នូ ឆ្នាំ២០២១ ដល់ខែកុម្ភៈ​ ឆ្នាំ២០២២ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក មានបាតុភូតឡានីណា (La Nina) ចុះត្រជាក់ប្រមាណ៩០ភាគរយ និងបន្តថយចុះបន្តិចម្ដងៗ នៅត្រឹម៦០ភាគ ត្រឹមនៅខែកុម្ភៈ។ ស្ថានភាពបែបនេះ អាចធ្វើឱ្យធាតុអាកាសចុះត្រជាក់នៅតំបន់ស៊ីបេរី រុញច្រានទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនចុះមកក្រោម និងគ្រប់ដណ្ដប់មកលើកម្ពុជា។ ក្រសួងបាន អំពាវនាវដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្នទៅលើបាតុភូតធម្មជាតិ ដែលបណ្ដាលឱ្យធាតុអាកាសប្រែប្រួល បូករួមជាមួយនឹងផ្គរ រន្ទះ  អាចបង្កគ្រោះថ្នាក់កើតមានជាយថាហេតុ៕ 

Tag:
 ធាតុអាកាសធាតុ
  ភ្លៀង
  ផ្គរ
  រន្ទះ
© រក្សាសិទ្ធិដោយ thmeythmey.com