កីឡាអន្តរជាតិ
អន្តរជាតិ
FIFA បញ្ចប់ការត្រួតពិនិត្យកីឡដ្ឋានដែលត្រៀម World Cup 2026
24, Nov 2021 , 8:29 am        
រូបភាព
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បញ្ចប់ចុះទៅត្រួតពិនិត្យកីឡដ្ឋានដែលបានដាក់ឱ្យជ្រើសរើសសម្រាប់ព្រឹត្តិការណ៍ World Cup 2026 ដែលអាមេរិក កាណាដា និងម៉ិកស៊ិក ដែលជាម្ចាស់ផ្ទះរួមគ្នា។ សេចក្តីសម្រេចលើការជ្រើសរើសកីឡដ្ឋាន អាចនឹងប្រកាសនៅខែមេសា ឆ្នាំ២០២២។



កីឡដ្ឋាន២ក្នុងប្រទេសកាណាដា ជាគោលដៅចុងក្រោយដែលប្រតិភូ FIFA ចុះត្រួតពិនិត្យមុនការសម្រេចចិត្តចុងក្រោយសម្រាប់ព្រឹត្តិការណ៍ World Cup 2026 នៅអាម៉េរិក កាណាដា និងម៉ិកស៊ិក។ កីឡដ្ឋានរបស់មានទីតាំងស្ថិតក្នុងទីក្រុង Toronto និងទីក្រុង Edmonton ដែលប្រតិភូ FIFA បានទៅដល់ចុងក្រោយ។
ម៉ិកស៊ិក ត្រៀមកីឡដ្ឋានពីរនៅទីក្រុង Guadalajara និង Monterrey ឯអាមេរិកត្រៀម១៨កីឡដ្ឋានសម្រាប់ព្រឹត្តិការណ៍ World Cup 2026 នេះ។ ជាសរុប កីឡដ្ឋានចំនួន២៣ ត្រូវទទួលការត្រួតពិនិត្យ។
 
គណៈប្រតិភូ FIFA បានដាក់សំណើក្នុងការជ្រើសរើសកីឡដ្ឋាន១៦កន្លែងដើម្បីរៀបចំព្រឹត្តិការណ៍ World Cup 2026 ទៅកាន់ប្រធានផ្នែករៀបចំការប្រកួត FIFA លោក Collin Smith។
«ក្នុងគោលការណ៍ត្រូវជ្រើសរើស ១៦កីឡដ្ឋានតាមផែនការហើយ យើងបានចុះត្រួតពិនិត្យ និងជ្រើសរើសរួចរាល់ ប៉ុន្តែសេចក្តីសម្រេចចុងក្រោយគឺស្ថិតលើ FIFA ទាំងមូល។ យើងបានបញ្ចប់ការត្រួតពិនិត្យ ហើយរឿងបន្ទាប់យើងត្រូវសម្រេចចិត្តយកទីតាំងដែលនឹងអាចទាក់ទាញចំនួនមនុស្សបានច្រើនពេលប្រកួត។» លោក Smith បានលើកឡើងបែបនេះក្នុងកិច្ចសម្ភាសមួយនៅក្នុងទីក្រុង Toronto នាថ្ងៃទី ២២ ខែវិច្ឆិកា។
 
ព្រឹត្តិការណ៍ World Cup 2026 នឹងត្រូវបង្កើនចំនួនក្រុមចូលរួមប្រកួតដល់ទៅ៤៨ក្រុមឯណោះ។ កាណាដាក៏ដូចជាម៉ិកស៊ិក បានចូលរួមការដេញថ្លៃធ្វើជាម្ចាស់ផ្ទះចំនួន២០ប្រកួត ខណៈការប្រកួតផ្សេងទៀតត្រូវរៀបចំនៅអាមេរិកទាំងអស់៕ 

© រក្សាសិទ្ធិដោយ thmeythmey.com