ជាតិ
ទោះបី​វិបត្តិកូវីដ-១៩ តែចំនួន​និស្សិតខ្មែររៀននៅសហរដ្ឋ​អាម៉េរិក​មានកំណើន​ជាង១៤ភាគរយ
23, Nov 2021 , 8:59 pm        
រូបភាព
និស្សិតកម្ពុជា ដែលបានជាប់អាហារូបករណ៍Fulbright សិក្សានៅសហរដ្ឋអាម៉េរិក ពីឆ្នាំ២០២១-២០២៣
និស្សិតកម្ពុជា ដែលបានជាប់អាហារូបករណ៍Fulbright សិក្សានៅសហរដ្ឋអាម៉េរិក ពីឆ្នាំ២០២១-២០២៣
ភ្នំពេញ៖ ចំនួននិស្សិតកម្ពុជា ដែលសិក្សា​នៅក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យនានា នៅសហរដ្ឋអាម៉េរិក  នាឆ្នាំសិក្សា២០២០-២០២១ មាន​៨៤៨នាក់។ ចំនួននេះ កើនឡើងជាង១០០នាក់ ឬជាង១៤ភាគរយ ធៀបនឹងឆ្នាំសិក្សា ២០១៩-២០២០ ដែលនិស្សិតកម្ពុជាទៅសិក្សានៅអាម៉េរិកចំនួន ៧៤២នាក់។ នេះបើយោងតាមរបាយការណ៍  Open Doors ឆ្នាំ២០២១ ស្តីពីការផ្លាស់ប្តូរផ្នែកសិក្សាអប់រំអន្តរជាតិ។ របាយការណ៍ដដែល ក៏បានបង្ហាញពីកំណើននិស្សិតកម្ពុជា ដែលបានទៅសិក្សានៅអាម៉េរិក ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ។

 
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា ​មានប្រសាសន៍ក្នុងសេចក្តីប្រ​កាសព័ត៌មានរបស់ស្ថានទូត ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកានេះថា៖«យើងមានមោទកភាព ដែលមាននិស្សិតកម្ពុជា ច្រើនជ្រើសយកការសិក្សា​នៅ​សហរដ្ឋអាម៉េរិក។ តាមបទពិ​សោធន៍​ផ្ទាល់ខ្លួន ខ្ញុំដឹងថាការសិក្សានៅបរទេសផ្តល់អត្ថប្រយោជន៍​ច្រើន ធ្វើឱ្យជីវិតមានការផ្លាស់ប្តូរ។ វាជាដំណឹងដ៏រីករាយដែលឃើញថា និស្សិតកម្ពុជាផ្តល់តម្លៃយ៉ាងខ្លាំង​ ដល់ការអប់រំនៅថ្នាក់ឧត្តមសិ​ក្សា​របស់អាម៉េរិក ថាជាមធ្យោបាយដ៏មានសារសំខាន់មួយ ក្នុងការទទួលបាននូវជំ​នាញ​ថ្មី​ៗ ចំណេះដឹង និង​បទពិសោធន៍ សម្រាប់ជំរុញបន្ថែមនូវការអភិវឌ្ឍក្នុងព្រះរាជាណាចក្រកម្ពុជា»។
 
​ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា គូសបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ​អាម៉េរិកគឺជាគោលដៅទី១នៅក្នុងពិភពលោក សម្រាប់និស្សិតអន្តរជាតិ​ ដោយនៅឆ្នាំ២០២០-២០២១មាននិ​ស្សិត​ចំនួន ៩១៤ ០៩៥ បានទៅសិក្សា​។ យ៉ាងណាក៏ដោយចំនួននេះ ចុះចំនួន១៥ភាគរយ ពីចំនួននៃឆ្នាំ២០១៩-២០២០ ដោយសារការរាតត្បាត​នៃជំងឺកូវីដ-១៩ តែចំនួននិស្សិតកម្ពុជា ដែលសិក្សា​នៅ​សហរដ្ឋអាម៉េរិក បែរជាមានកំណើនទៅវិញ។

  តួលេខនិស្សិតកម្ពុជា ដែលបានទៅសិក្សានៅសហរដ្ឋអាម៉េរិក ចាប់តាំងពីឆ្នាំ២០១៤-២០២១
 
សេចក្តីប្រកាសព័ត៌មានដដែលបន្ត​ថា ការអប់រំអន្តរជាតិ លើកកម្ពស់នូវទំនាក់ទំនងយូរអង្វែង ហើយនិងការផ្លាស់ប្តូរចំណេះដឹង រវាងសហគមន៍​ក្នុងសហរដ្ឋអាម៉េរិក  និងប្រទេសនានានៅទូទាំងសាកលលោក។ និស្សិតអន្តរជាតិធ្វើឱ្យថ្នាក់រៀន​ សាលារៀន និងសហគមន៍មានភាពចម្រុះច្រើន ហើយភាពចម្រុះ​នេះ បន្តមានយូរអង្វែង បន្ទាប់ពីពួកគេត្រឡប់ទៅមាតុភូមិវិញ។
 
សម្រាប់ពលរដ្ឋកម្ពុជា អាចស្វែងរកឱកាសសិក្សានៅសហរដ្ឋអាម៉េរិក តាមរយៈមជ្ឈមណ្ឌលអប់រំអាម៉េរិក(EducationUSA) និង American Spaces ដែលមានទីតាំងនៅខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងរាជធានីភ្នំពេញ និង​​មជ្ឈមណ្ឌលឯកសារឌីជីថល (AmCam Exchange)​​នៅ​ផ្សារទំនើប Exchange Square ភ្នំពេញ។
 
របាយការណ៍ Open Doors ​ត្រូវបានបោះពុម្ពផ្សាយរាល់ឆ្នាំ ដោយវិទ្យាស្ថានអប់រំអន្តរជាតិ ដោយសហការជាមួយការិយាល័យកិច្ចការអប់រំ និងវប្បធម៌ នៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក។ ​ព័ត៌មានលម្អិតស្តីពីការសិក្សាអង្កេត​នៃរបាយការណ៍​នេះ និងលទ្ធផលនៃការរកឃើញរបស់របាយការណ៍នេះ សូមចូលមើលក្នុងគេហទំព័រ https://www.iie.org/opendoors

Tag:
 សិក្សា
 និស្សិត​
© រក្សាសិទ្ធិដោយ thmeythmey.com