ជាតិ
ដ្បិតមានសិស្សខ្លះបារម្ភ តែក៏សិស្សខ្លះទៀត មានពីជំនឿចិត្ត ក្នុងការប្រឡងបាក់ឌុប
24, Nov 2021 , 8:59 am        
រូបភាព
ដោយ​៖ ហ៊ន ថូវ៉ាន
 
ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២០-២០២១ នឹងត្រូវធ្វើឡើងនៅថ្ងៃទី​ ២៧ ខែធ្នូ  ឆ្នាំ២០២១ ខាងមុខនេះ ដែលសល់ពេល វេលាកាន់តែច្រើន សម្រាប់សិស្សានុសិស្សរំលឹកមេរៀន និងរៀនបំប៉នបន្ថែម បន្ទាប់ពីការសិក្សារបស់ពួកគេ ត្រូវបានរំខានដោយសារការរីករាលដាលជំងឺកូវីដ១៩។ សិស្សខ្លះទៀត មានពីជំនឿចិត្ត ក្នុងការប្រឡងបាក់ឌុប ខណៈសិស្សខ្លះបារម្ភពីសមត្ថភាពប្រឡង។

 
យុវតី ជុន ស្រីលាភ  ជាសិស្សថ្នាក់ទី១២ ជ្រើសរើសមុខវិជ្ជាវិទ្យសាស្ត្រ នៃវិទ្យាល័យហ៊ុន សែន ចំការដូង  ក្នុងខេត្តកែប បានបង្ហាញពីជំនឿចិត្តរបស់ខ្លួនសម្រាប់ការប្រឡង ដែលខិតជិមកដល់នេះ។ ទោះបីមានការរំខានដោយកូវីដ-១៩ក្តី តែ ស្រីលាភ បានស្វះស្វែងរកការរៀនសូត្រពីការទទួលបានសំណៅឯកសារផ្សេងៗពីគ្រូ និងមេរៀនពីអ៊ីនធឺណិត ដែលគ្រូបានដាក់ឲ្យនៅក្នុងពេលបង្រៀន។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ សិស្សថ្នាក់ទី១២រូបនេះ បាននិយាយថា៖ « សម្រាប់ខ្ញុំបានត្រៀមខ្លួនរួចហើយ។ ខ្ញុំបានរំលឹកមេរៀនឡើងវិញ និងបានធ្វើលំហាត់បន្ថែមទៀត។ ម្យ៉ាងទៀត ដោយសារក្រសួងបានបើកឲ្យដំណើរការរៀនសូត្រវិញ អ៊ីចឹងទៅ ពួកខ្ញុំបានទៅរៀនគួរបន្ថែមជាមួយគ្រូនៅសាលាថែមទៀត។ ប៉ុន្តែដោយសារឥឡូវហ្នឹង ជំងឺកូវីដហ្នឹងវាមិនទាន់បាត់ទៅណាទេ អ៊ីចឹងមានការព្រួយបារម្ភ ខ្លាចនៅពេលប្រឡងមានការឆ្លង»។​
 
ស្រដៀងគ្នានេះ យុវជន សយ រដ្ឋា ជាសិស្សថ្នាក់ទី១២​ មកពីវិទ្យាល័យព្រះបិតាឯករាជ្យ ខេត្តកំពង់ស្ពឺ ដែលជ្រើសរើសមុខវិជ្ជាវិទ្យាសាស្ត្រសង្គម សម្រាប់ការប្រឡងនៅពេលខាងមុខនេះ បានបង្ហាញជំនឿចិត្តរបស់ខ្លួនថា នឹងអាចប្រឡងជាប់។ យុវជនរូបនេះបន្តថា ទោះបីជាការសិក្សាត្រូវបានរំខានដោយសារជំងឺកូវីដ១៩ រយៈពេលជាង២ឆ្នាំក្ដី ក៏មិនបានបង្អាក់ការរៀនសូត្ររបស់ខ្លួនឡើយ។ 
 
ការសិក្សាតាមប្រព័ន្ធអនឡាញតែមួយមុខ មិនអាចបំពេញនូវតម្រូវការសិក្សារបស់យុវជនរូបនេះបានឡើយ ដូច្នេះហើយទើប រដ្ឋា ​ស្វះស្វែងទៅរកឯកសារពីគ្រូឯកទេស ឬឯកសារតាមប្រព័ន្ធអ៊ីនធឺណិតមកបន្ថែមសម្រាប់អាន ព្រោះមុខវិជ្ជាវិទ្យាសាស្ត្រសង្គម តម្រូវឲ្យមានការអានច្រើន។ 
 
«សម្រាប់ការប្រឡងនៅពេលខាងមុខនេះ ខ្ញុំជឿជាក់ថាខ្ញុំនឹងទទួលបានលទ្ធផលល្អក្នុងការប្រឡង ទោះបីមានការរំខានពីជំងឺកូវីដ១៩ ប៉ុន្មានឆ្នាំមកនេះក៏ដោយ។ តែខ្ញុំនិងពុកម្ដាយខ្ញុំបារម្ភថា នៅពេលប្រឡងអាចមានការឆ្លងជំងឺកូវីដ ព្រោះថាពេលប្រឡងមានមនុស្សច្រើន។» នេះបើតាមយុវជន សយ រដ្ឋា។

លោកសយ រដ្ឋា ជាសិស្សថ្នាក់ទី១២​ មកពីវិទ្យាល័យព្រះបិតាឯករាជ្យ ខេត្តកំពង់ស្ពឺ
 
 
ក្រៅពីសិស្សទាំងពីររូបខាងលើ ក៏មានសិស្សខ្លះទៀត កំពុងបារម្ភពីសមត្ថភាពរបស់ខ្លួន ក្នុងការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំនេះដែរ។ ហេតុផល ដែលសិស្សទាំងនោះបារម្ភខ្លាំងពីការប្រឡងបាក់ឌុប គឺដោយសារការសិក្សាតាមរយៈប្រព័ន្ធអនឡាញអស់ជាច្រើនខែរបស់ពួកគេកន្លងមក គឺមិនសូវទទូលបានចំណេះដឹងពេញលេញ ទាំងការអនុវត្តក្នុងម៉ោងសិក្សានិងក្រៅម៉ោងសិក្សា។
 
ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា​២០២០-២០២១ លោក រស់​ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួង បានរំកិលកាលបរិច្ឆេទប្រឡងបាក់ឌុបទៅថ្ងៃ២៧ ធ្នូ ២០២១ ដើម្បីទុកឱកាសជូនសិស្សថ្នាក់ទី១២ មានពេលបន្ថែមរៀនត្រៀមប្រឡង។ កាលបរិច្ឆេទនេះ មានគម្លាតអាចទទួលយកបាន បើធៀបនឹងបវេសនកាលឆ្នាំសិក្សា២០២១-២០២២ ដែលចាប់ផ្តើមនាថ្ងៃ ១០ មករា ២០២២។ 
 
លោក ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេលេក្រាម នារសៀសថ្ងៃទី២២ វិច្ឆិកា ដូច្នេះថា៖ « ទោះមានវត្តមានកូវីដ-១៩ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ការរៀន និងបង្រៀននៅតែមានដំណើរការនៅទូទាំង២៥ខេត្ត-រាជធានី តាមបែបចម្រុះគឺសិស្សរៀនតាមបណ្តុំតូចៗនៅទីតាំងសមស្រប តាមអនឡាញ តាមទូរទស្សន៍-វិទ្យុ  អមដោយក្រដាសកិច្ចការជំនួយ និងសៀវភៅសិក្សាគោល ដោយអនុវត្តវិធានការសុខាភិបាល។ »
 
អ្នកនាំពាក្យក្រសួងអប់រំរូបនេះ បានអះអាងថា ការប្រឡងបាក់ឌុប ត្រូវបន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។
 
តាមទិន្នន័យបឋមដែលផ្ដល់ដោយអ្នកនាំពាក្យក្រសួងអប់រំ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២០-២០២១ មានចំនួនបេក្ខជនសរុប ១១៥ ១៣៩ នាក់  (បេក្ខនារី ៦០ ៦៦១នាក់) មណ្ឌលប្រឡងចំនួន ២០៤ និង បន្ទប់ប្រឡងចំនួន ៤៦៥២។
 
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនអនុញ្ញាតឱ្យសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាប់ដោយស្វ័យប្រវត្តិឡើយ។ សម្តេច បានថ្លែងបែបនេះ នៅក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ លើមនុស្សអាយុចាប់ពី៦ឆ្នាំឡើង និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារអាយុ៥ឆ្នាំ នៅវិមានសន្តិភាព កាលពីថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២១៕ 

Tag:
 បាក់ឌុប​
© រក្សាសិទ្ធិដោយ thmeythmey.com