កីឡាអន្តរជាតិ
អន្តរជាតិ
ស្រ្តីគុយបាម្នាក់ចោទ Diego Maradona រំលោភនាង គ្រាវ័យជំទង់
24, Nov 2021 , 9:29 am        
រូបភាព
អ្នកស្រី Mavys Alvarez សញ្ជាតិគុយបាមួយរូប ដែលធ្លាប់មានទំនាក់ទំនងជាមួយវីរៈបុរសបាល់ទាត់អាហ្សង់ទីន កាលពីពីរទសវត្សរ៍មុន បាននិយាយថាលោក Diego Maradona បានចាប់រំលោភអ្នកស្រី កាលពីខ្លួននៅវ័យជំទង់។ នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃទី ២២ខែវិច្ឆិកា។



អ្នកស្រី Alvarez បច្ចុប្បន្នវ័យ៣៧ឆ្នាំ បានចូលផ្តល់សក្ខីកម្មទៅកាន់ក្រសួងយុត្តិធម៍របស់ប្រទេសអាហ្សង់ទីន ដែលកំពុងតែស៊ើបអង្កេតលើរឿងរបស់អ្នកស្រី បានប្តឹងអតីតមិត្តរួមក្រុមរបស់លោក Maradona ដែលបានជួញដូរអ្នកស្រី គ្រាមានវ័យ ១៦ឆ្នាំ ។ អ្នកស្រី Alvarez ក៏បានបកស្រាយថា អ្នកស្រីមានទំនាក់ទំនងជាមួយ Maradona ក្នុងឆ្នាំ ២០០១ កាលនោះ លោកមានវ័យ៤០ឆ្នាំ ហើយខ្លួនមានវ័យ ១៦ឆ្នាំ។
 
ក្នុងកិច្ចសម្ភាសន៍ព័ត៌មានមួយក្នុងទីក្រុង Buenos Aires ថ្ងៃទី២២ខែវិច្ឆិកា អ្នកស្រី Alvarez បាននិយាយថា លោក Maradona បានចាប់រំលោភនាង នៅក្នុងគ្លីនិកក្នុងរដ្ឋ Havana ដែលលោកបានស្នាក់នៅ ខណៈម្តាយរបស់អ្នកស្រី Alvarez ស្ថិតនៅបន្ទប់ជាប់នោះដែរ។
 
«គាត់បានយកអ្វីមកបិទមាត់ខ្ញុំ ហើយគាត់ក៏រំលោភខ្ញុំ ខ្ញុំពិតជាមិនចង់រំលឹកពីវាច្រើនឡើយ ភាពបរិសុទ្ធរបស់ខ្ញុំក៏ត្រូវបានគេលួចចេញពីខ្ញុំ។ វាពិតជាពិបាកខ្លាំងណាស់ នៅពេលដែលខ្ញុំត្រូវរស់នៅដោយគ្មានភាពជឿជាក់លើខ្លួនឯង នៅពេលយើងមានវ័យត្រូវជួបទទួលបាននូវបទពិសោធន៍ជាច្រើន។» នេះជាការលើកឡើងពីអ្នកស្រី Alvarez។
 
គួររំលឹកថា វីរៈបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona បានស្លាប់ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្នុងវ័យ ៦០ឆ្នាំ នៅទីក្រុង Dique Lujan ប្រទេសអាហ្សងទីន៕

© រក្សាសិទ្ធិដោយ thmeythmey.com