ជាតិ
សម្ដេច ហ៊ុន សែន ជំរុញឱ្យវៀតណាម បង្កើតកិច្ចព្រមព្រៀងកសិកម្ម និងផ្គត់ផ្គង់តាមព្រំដែន ហើយបើកជើងហោះត្រង់ឡើងវិញ
24, Nov 2021 , 3:52 pm        
រូបភាព
លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) អគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា ជួបពិភាក្សាជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាវិមានសន្តិភាព នៅថ្ងៃទី២៤ វិច្ឆិកា ២០២១
លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) អគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា ជួបពិភាក្សាជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាវិមានសន្តិភាព នៅថ្ងៃទី២៤ វិច្ឆិកា ២០២១
នាជំនួបពិភាក្សាជាមួយភាគីវៀតណាម នៅវិមានសន្តិភាព សម្ដេច ហ៊ុន សែន បានជំរុញឱ្យវៀតណាម បង្កើតកិច្ចព្រមព្រៀងកសិកម្ម និងផ្គត់ផ្គង់តាមព្រំដែន ជាពិសេសបើកជើងហោះត្រង់ឡើងវិញ។

 
សម្ដេច ហ៊ុន សែន បានប្រាប់លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) អគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា ពីបំណងចង់បង្កើតកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម ដូចជាការធ្វើកសិកម្មតាមព្រំដែន ការផ្គត់ផ្គង់វត្ថុធាតុដើម ការអភិវឌ្ឍពូជ និងផ្គត់ផ្គង់ពូជ រួមទាំងការប្រើប្រាស់ទឹកតាមព្រំដែន និងការប្រយុទ្ធប្រឆាំងសត្វល្អិតចង្រៃជាដើម។
 
បើតាមសម្ដេច ហ៊ុន សែន ពាណិជ្ជកម្មកម្ពុជា និងវៀតណាម គឺបំពេញឲ្យគ្នាទៅវិញទៅមកជាអាទិ៍ នៅក្នុងវិបត្តិកូវីដ-១៩ នេះ ខណៈទំហំសេដ្ឋកិច្ចទ្វេភាគី បានកើនឡើងគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះ សម្ដេច ក៏បានជំរុញឱ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មី ផ្ដោតការយកចិត្តទុកដាក់លើការពង្រីកពាណិជ្ជកម្មភាគីទាំងពីរឱ្យកាន់តែរីកធំថែមទៀត។ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា និងវៀតណាមឡើងវិញផងដែរ។
 
លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) អគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា សន្យាពង្រឹងទំនាក់ទំនង ទាំងវិស័យនយោបាយ ការទូត សន្តិសុខ ការពារជាតិ វិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច វិស័យកសិកម្ម និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទៀតផង៕

Tag:
 ហ៊ុន សែន
  ព្រំដែន
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com