ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សរបស់លោក យ៉ែម បុញ្ញឫទ្ធិ អាចធ្វើសកម្មភាពនយោបាយពេញលេញបានហើយ
24, Nov 2021 , 7:59 pm        
រូបភាព
លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម និងស្លាសញ្ញាគណបក្សកម្ពុជានិយម (រូបពីទំព័រហ្វេសប៊ុក Yem Ponhearith)
លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម និងស្លាសញ្ញាគណបក្សកម្ពុជានិយម (រូបពីទំព័រហ្វេសប៊ុក Yem Ponhearith)
ដោយ: ថ្មីៗ
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចចុះឈ្មោះឲ្យគណបក្សកម្ពុជានិយម ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។ ការសម្រេចរបស់រដ្ឋមន្រ្តីមហាផ្ទៃ ធ្វើឡើងតាមរយៈប្រកាស ដែលចេញនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

 
 
ប្រកាសរបស់សម្តេច ស ខេង ណែនាំដូច្នេះថា៖«គណបក្សកម្ពុជានិយម ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់គណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ»។ 
 
ក្រោយក្រសួងមហាផ្ទៃ ចុះបញ្ជីរួចហើយ គណបក្សកម្ពុជានិយម បានក្លាយជាគណបក្សនយោបាយផ្លូវការ និងអាចធ្វើសកម្មភាពនយោបាយដោយសេរី ក្នុងក្របខ័ណ្ឌច្បាប់។ 
 
លោក យ៉ែម បុញ្ញឫទ្ធ ប្រធានគណបក្សកម្ពុជានិយម បានសរសេរនៅលើទំព័រហ្វេសប៊ុកថា៖«កម្ពុជានិយម ចង់បានថាមពលវិជ្ជមាន ហើយអ្នក ដែលចង់ឆ្ពោះទៅមុខ គឺអាចតាមរយៈចលនានេះ។ កម្ពុជានិយម ចាប់ផ្តើមពីពេលនេះ ហើយវា អាស្រ័យលើយើងទាំងអស់គ្នាឥឡូវនេះ។»
 
លោក រម្លឹកថា តំណាងគណបក្សកម្ពុជានិយម បានដាក់សំណើសុំបង្កើតគណបក្សកម្ពុជានិយម ទៅក្រសួងមហាផ្ទៃ ហើយទទួលបានការអនុញ្ញាតឲ្យបង្កើត នៅខែកក្កដា ឆ្នាំ២០២១។ លោក បន្តថា ដំណាក់កាលបន្ទាប់ តំណាងគណបក្សកម្ពុជានិយម បានដាក់សំណើសុំចុះបញ្ជីគណបក្សកម្ពុជានិយម ទៅក្រសួងមហាផ្ទៃ ហើយទទួលបានការចុះបញ្ជី នៅខែវិច្ឆិកា ឆ្នាំ២០២១នេះ។
 
លោក យ៉ែម បុញ្ញឫទ្ធិ គឺជាមនុស្សម្នាក់ ដែលសិទ្ធិនឹងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ចោទពីគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ លោក បានដើរតាមលោក កឹម សុខា តាំងពីនៅក្នុងគណបក្សសិទ្ធិមនុស្សមកម្ល៉េះ។  
 
លោក យ៉ែម បុញ្ញឫទ្ធិ ស្ថិតក្នុងចំណោមថ្នាក់ដឹកនាំជាង១០០នាក់របស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានបិទសិទ្ធិមិនឲ្យធ្វើនយោបាយ៥ឆ្នាំ។ ប៉ុន្តែលោក និងថ្នាក់ដឹកនាំបួនដប់នាក់ទៀតរបស់អតីតគណបក្សសង្គ្រោះជាតិ បានសម្រេចចិត្តសុំសិទ្ធិធ្វើនយោបាយឡើងវិញពីរដ្ឋាភិបាល។ 
 
ក្រៅពីគណបក្សកម្ពុជានិយម នៅមានគណបក្សថ្មីមួយចំនួនទៀត ដែលកើតចេញពីថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ។ គណបក្សថ្មីទាំងនោះ មានដូចជា គណបក្សកែទម្រង់កម្ពុជា មានលោក ប៉ុល ហំម ជាប្រធាន គណបក្សខ្មែរស្រឡាញ់ជាតិ មានលោក ជីវ កត្តា ជាប្រធាន និង គណបក្សខ្មែរអភិរក្សនិយម មានលោក រៀល ខេមរិន្ទ ជាប្រធាន ជាដើម។ 
 
ចំពោះលោក ប៉ុល ហំម លោក ក៏ជាមនុស្សម្នាក់ដែលស្និទ្ធនឹងលោក កឹម សុខា ដូចលោក យ៉ែម បុញ្ញឫទ្ធិ ដែរ។ គេ មិនដឹងថា លោក ប៉ុល ហំម និង លោក យ៉ែម បុញ្ញឫទ្ធិ បង្កើតគណបក្សថ្មីឡើង ដើម្បីទុកជូនលោក កឹម សុខា ពេលទទួលបានសិទ្ធិសេរីភាពពេញលេញវិញ ឬក៏ការបង្កើតគណបក្សថ្មីនេះ ដោយសារតែពួកលោក បែកបាក់គ្នានោះទេ។ 
 
គណបក្សថ្មីទាំងនេះ ត្រូវបានបង្កើតឡើងស្របពេលការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣ ជិតមកដល់។ ដោយសារគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ ត្រូវបានរំលាយចោលនៅចុងឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានឈ្នះការបោះឆ្នោតតែម្នាក់ឯង ក្នុងឆ្នាំ២០១៨។ តំណាងរាស្រ្តទាំង១២៥រូប ក្នុងរដ្ឋសភាបច្ចុប្បន្ន សុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជាទាំងអស់៕ 

Tag:
 គណបក្សកម្ពុជានិយម
© រក្សាសិទ្ធិដោយ thmeythmey.com