ជាតិ
អ្នកថតរូបនៅរមណីយដ្ឋានអង្គរបារម្ភបាត់ចំណូល ខណៈភ្ញៀវទេសចរប្រើទូរស័ព្ទថតរូបវិញ
25, Nov 2021 , 8:59 am        
រូបភាព
ដោយ:
សៀមរាប៖ អ្នកថតរូបជាច្រើននាក់ដើរកាន់កាមេរ៉ា ស្ពាយកាតាបពីក្រោយ ក្នុងបរិវេណរមណីយដ្ឋានអង្គរ។ ជាងថតមួយចំនួនតូចកំពុងថតរូបឱ្យអ្នកទេសចរ ខណៈអ្នកខ្លះទៀតបានត្រឹមអង្គុយក្បែរសួនស្រែកហៅភ្ញៀវឱ្យប្រើសេវារបស់ខ្លួន។ ប៉ុន្តែភ្ញៀវទេសចរបដិសេធ ព្រោះពួកគេមានទូរស័ព្ទផ្ទាល់ខ្លួន  ដែលអាចផ្ដិតយករូបភាពតាមអ្វីដែលខ្លួនចង់បាន។ ការណ៍នេះធ្វើឱ្យអ្នកថតរូប នៅរមណីយដ្ឋានអង្គរបារម្ភបាត់បង់របរនេះ។


​  
កូវីដ-១៩ បូករួមនឹងការរីកចម្រើននៃបច្ចេកវិទ្យា ធ្វើឱ្យជាងថតរូបខ្លះនៅរមណីយដ្ឋានអង្គរស្ទើរតែបាត់បង់ចំណូលទាំងស្រុង។ ភ្ញៀវទេសចរភាគច្រើន មានទូរស័ព្ទដៃទំនើបផ្ទាល់ខ្លួន ដែលអាចថតរូបឱ្យគ្រួសារ និងខ្លួនឯងបាន។ ភ្ញៀវទេសចរនាពេលបច្ចុប្បន្នមិនសូវនិយម ឱ្យជាងថតរូប ថតឱ្យនិងយករូបថតជាសន្លឹកនោះទេ។ អង្គុយនៅសួនច្បារ មុខប្រាសាទអង្គរវត្តតាំងពីម៉ោងប្រហែល៨ព្រឹក​ ដល់ថ្ងៃបាក់រសៀល ជាងថតរូបខ្លះមិនទាន់មានភ្ញៀវមួយផង។​
 
អ្នកថតរូបខ្លះទៀត អាចរកចំណូលបានបន្តិចបន្តួចនាពេលបច្ចុប្បន្ន ​តែពួកគេនៅបន្តប្រកបរបរនេះ។ ជាក់ស្ដែងរបរថតរូបក្នុងរមណីយដ្ឋានអង្គរ បានចិញ្ចឹមគ្រួសារលោក ឆ្លង សាវិន តាំងពីឆ្នាំ២០១៧មកម៉្លេះ​។ ដ្បិតលោកមិនសូវរកចំណូលបានច្រើនពីការថតរូប តែលោកមិនបោះបង់ការងារនេះទេ។ លោក ឆ្លង សាវិន​ ថា ការងារថតរូប ជាការងារមួយស្រាល និងមិនសូវហត់ដូចធ្វើការសំណង់ ម្យ៉ាងលោកមានអនុស្សាវរីយច្រើននៅរមណីយដ្ឋានអង្គរនេះ។

 លោក ឆ្លង សាវិន អ្នកថតរូបនៅមុខប្រាសាទអង្គរវត្ត
 
បច្ចុប្បន្នការថតរូបរបស់លោក ឆ្លង សាវិន ធ្លាក់ចុះប្រហែល ៧០ភាគរយ។ កាន់កាមេរ៉ានៅក្នុងដៃ និងស្ពាយកាតាប នៅខាងក្រោយបុរសសម្បុរស្រអែមរូបនេះ មិនដឹងថារបរជាជាងថតរូបរបស់លោកអាចនឹងបញ្ចប់នាពេលអនាគត ឬយ៉ាងណានោះទេ ព្រោះទេសចរប្រើទូរស័ព្ទខ្លួនថតរូបវិញ។
 
លោកលើកឡើងដូច្នេះថា៖ «របរនេះមិនទៀងទេ ថាទៅថ្ងៃមុខយើងអាចទៅធ្វើការងារផ្សេង ព្រោះមនុស្សសព្វថ្ងៃគឺកាន់តែវ័យឆ្លាត។ មនុស្សសម័យនេះគេចេះថត ។ យើងបារម្ភខ្លាំងថានឹងបាត់បង់របរនេះ តែធ្វើមិចបើអ៊ីចឹងទៅហើយ បើរបរយើងថតរូបតែ ដល់គេថតទូរស័ព្ទទៅក៏មិនដឹងធ្វើមិច»។
 
មិនខុសគ្នាប៉ុន្មានលោក មន់ ដេ ដែលចាប់អាជីព ជាអ្នកថតរូបនៅមុខប្រាសាទអង្គរវត្តតាំងពីឆ្នាំ២០១៩មក លើកឡើងថា ការងារនេះអាចឱ្យលោកទទួលបានចំណូលបន្តិចបន្តួចជារៀងរាល់ថ្ងៃ សម្រាប់ទុកទិញអង្ករ និងចាយវាយក្នុងគ្រួសារ ។ តែការរីករាលជំងឺកូវីដ-១៩ បានធ្វើឱ្យលោក បាត់បង់ចំណូលស្ទើរទាំងស្រុង។ ជាមួយគ្នានេះ ការរីកចម្រើននៃបច្ចេកវិទ្យាក៏ធ្វើឱ្យ លោក មន់ ដេ បារម្ភថាបាត់ចំណូលបន្តទៀតផងដែរ។

 លោក មន់ ដេ ជាងថតរូបនៅមុខប្រាសាទអង្គរវត្ត
 
ដើរចេញពីប្រាសាទអង្គរវត្ត ជាមួយដៃកាន់កាមេរ៉ាមួយ លោក មន់​ ដេ រៀបរាប់ថា៖ «ភ្ញៀវទេសចរខ្លះគាត់ចង់បានរូបភាពសន្លឹកគាត់ក៏ហៅពួកខ្ញុំជាជាងថតរូបឱ្យថត​ តែអ្នកខ្លះគាត់ក៏ប្រើទូរស័ព្ទថត។ អ្នកគាំទ្រការថតរូបនៅមានតិចតួច។ បើអត់មានភ្ញៀវខ្ញុំប្រហែលជាត្រូវទៅធ្វើការស៊ីឈ្នួលគេវិញ»។
 
ការប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ជាបញ្ហាមួយ តែអ្វីដែលពិបាកនឹងដោះស្រាយនោះគឺ ការវិវត្តនៃបច្ចេកវិទ្យាថតរូប ដែលជំរុញឱ្យទេសចរជ្រើសរើសថតរូបតាមទូរស័ព្ទដៃដោយខ្លួនឯង។ មូលហេតុទាំងអស់នេះ ធ្វើឱ្យលោក មន់ ដេ និង លោក ឆ្លង សាវិន បារម្ភខ្លាចបាត់បង់អាជីពដែលចញ្ចឹមគ្រួសាររបស់លោក៕

Tag:
 ThmeyThmey25
  ជាងថតរូប
  អង្គរ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com