កីឡាជាតិ
ជាតិ
កម្ពុជា នឹងសាងសង់សារមន្ទីអូឡាំពិក ដើម្បីរក្សាទុកឯកសារស្នាដៃ និងផ្ដល់ចំណេះដឹងផ្នែកកីឡា
24, Nov 2021 , 6:59 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)
ដោយ៖ គឹម មករា

ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានផ្តល់ជំនួយការរៀបចំសារមន្ទីរអូឡាំពិក ដែលគ្រោងសាងសង់នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ សារមន្ទីអូឡាំពិក នឹងក្លាយជាកន្លែង ផ្ដល់ចំណេះដឹងផ្នែកកីឡា ស្នាដៃរបស់កីឡាករ និងកីឡាការិនីជាតិ និងជាកន្លែងទុកនូវឯកសារកីឡាជាតិ និងអន្ដរជាតិ នៃកីឡាអូឡាំពិកផងដែរ ។



បើទោះជា ទំហំសាងសង់ និង​ថវិកា​ត្រូវចំណាយមន្ទីរសារមន្ទីរអូឡាំពិកនេះ ស្ថិតនៅក្នុងគម្រោង មិនទាន់អាចស្មានទុកក៏ដោយ តែកម្ពុជា បានកំណត់អត្ថន័យ និងខ្លឹមសារក្នុងការរៀបចំរួចទៅហើយ ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ប្រាប់សារពត៌មានថ្មីៗ ថា៖ «សារមន្ទីអូឡាំពិក គឺដាក់បង្ហាញនូវ ទស្សនៈវិជ្ជាខាងផ្នែកកីឡាអូឡាំពិក ដើម្បីស្រាវជ្រាវ និងធ្វើបទបង្ហាញ ដល់អ្នកដែលចូលមើល ឲ្យយល់ដឹងពីអត្ថន័យ និងខ្លឹមសារនៃចលនាអូឡាំពិក និងការប្រកួតកីឡាអូឡាំពិកធំៗ ។ ជាពិសេសអត្ថប្រយោជន៍របស់កីឡា ទៅដល់មនុស្សជាតិ សង្គម និងប្រទេសជាតិ» ។
 
បើតាមលោក វ៉ាត់ ចំរើន គម្រោងរៀបចំសារមន្ទីអូឡាំពិក នឹងមិនមានឧបសគ្គ ឬការលំបាកទេ ព្រោះកម្ពុជាមានទីតាំងសម្រាប់សាងសង និងទទួលបានការគាំទ្រពីលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាហើយ ។ 
 
គួរបញ្ជាក់ដែរថា កម្ពុជា ទើបតែទទួលបានលទ្ធផលត្រចេះត្រចង់ ៣រឿង គឺ កម្ពុជាបានចូលរួមមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ក្នុងនាមជាសមាជិកពេញសិទ្ធិ,  កម្ពុជាទទួលបានសិទ្ធិជាផ្លូវការ ក្នុងការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាយុវជនអាស៊ី (ASIAN YOUTH GAMES) លើកទី៥ នាឆ្នាំ២០២៩ និង ចុងក្រោយ កម្ពុជាទទួលបានជំនួយមួយចំនួនលើផ្នែកអប់រំស្មារតីអូឡាំពិក ដោយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានសម្រេចផ្តល់ជំនួយកសាងសារមន្ទីរអូឡាំពិក ៕

Tag:
 សារមន្ទីរអូឡាំពិក
  កីឡាជាតិ
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com