ជាតិ
អាជ្ញាធរ ផ្អាកចរាចរណ៍ចំណុចផ្លូវ៧០អា បណ្ដោះអាសន្ន ដោយសារបាក់ច្រាំងទន្លេក្នុងស្រុកមុខកំពូល
24, Nov 2021 , 5:12 pm        
រូបភាព
បាក់ច្រាំងទន្លេ ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបភាពពី ទំព័រហ្វេសប៊ុករដ្ឋបាលខេត្តកណ្ដាល។
បាក់ច្រាំងទន្លេ ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបភាពពី ទំព័រហ្វេសប៊ុករដ្ឋបាលខេត្តកណ្ដាល។
កណ្ដាល៖ ចរន្តទឹកហូរច្រោះតាមច្រាំងទន្លេ ធ្វើឱ្យបាក់ច្រាំងទន្លេប្រវែងប្រមាណ៤០ម៉ែត្រ នៅចំណុចភូមិព្រែកផ្ដៅ និងភូមិពាម ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលបណ្ដាលឱ្យខូចខាតផ្លូវលេខ៧០អា។ ហេតុការណ៍ខាងលើនេះ កើតឡើងនារសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

 
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរស័ព្ទ ថា ក្រោយករណីបាក់ច្រាំងទន្លេនេះ អាជ្ញាធរសម្រេចផ្អាកចរាចរណ៍រថយន្តគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវលេខ៧០អា ដោយសារការបាក់នេះមានសភាពធ្ងន់ធ្ងរ រហូតដល់ទ្រូងផ្លូវ។ លោកបន្ថែមទៀតថា ការបិទចរាចរណ៍នេះ គឺបិទចាប់ពីថ្ងៃទី២៤ រហូតដល់ការជួសជុលកំណាត់ផ្លូវ និងស្ថាបនាច្រាំងទន្លេឡើងវិញ។ 


  លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នាកិច្ចប្រជុំមួយ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ រូបភាពពី ទំព័រហ្វេសប៊ុករដ្ឋបាលខេត្តកណ្ដាល។
 
ពាក់ព័ន្ធនឹងការផ្អាកចរាចរណ៍ លោក គង់ សោភ័ណ្ឌ បន្ថែមដូច្នេះ៖ «ឥឡូវអាជ្ញាធររៀបចំហើយ។ រៀបចំផ្លូវបញ្ចៀស ដើម្បីឱ្យបងប្អូនចរាចរណ៍បាន គឺយើងស្ថាបនាផ្លូវអែបមួយ ដាក់ថ្មគ្រួសក្រហម ដើម្បីឱ្យពលរដ្ឋយើងធ្វើដំណើរទៅស្រួល កុំឱ្យរអិល»។ 
 
លោកបន្ថែមថា ការបាក់ច្រាំងទន្លេនេះ ខាងមន្ត្រីជំនាញធនធានទឹក និងឧតុនិយម នឹងចុះសិក្សារៀបចំបាតទន្លេ និងជួសជុលកំណាត់ផ្លូវឡើងវិញ ខណៈការបាក់ច្រាំងទន្លេខាងលើនេះ មិនបានបង្កផលប៉ះពាល់ផ្ទះពលរដ្ឋ និងទ្រព្យសម្បត្តិពលរដ្ឋឡើយ។ ប៉ុន្តែលោកអំពាវនាវដល់ពលរដ្ឋរស់នៅ និងចរាចរណ៍ តាមផ្លូវជាតិ៧០អានេះ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង កុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ៕

Tag:
 ThmeyThmey25
  បាក់ច្រាំងទន្លេ
  ស្រុកមុខកំពូល
  កណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com