ជាតិ
សកម្មជនទើបចេញពីពន្ធនាគារ ​ប្រកាសបន្តសកម្មភាពខ្លួន តែលោក ជិន ម៉ាលីន ថា ធ្វើអ្វីក៏ដោយ កុំឱ្យប្រឈមមុខច្បាប់ទៀត
24, Nov 2021 , 9:59 pm        
រូបភាព
 ក្រុមសកម្មជនបរិស្ថាននិងសិទ្ធិមនុស្ស ក្នុងសន្និសិទកាសែតថ្ងៃទី២៣វិច្ឆិកា ២០២១។
ក្រុមសកម្មជនបរិស្ថាននិងសិទ្ធិមនុស្ស ក្នុងសន្និសិទកាសែតថ្ងៃទី២៣វិច្ឆិកា ២០២១។
ភ្នំពេញ៖ សកម្មជនដែលត្រូវតុលាការសម្រេចឲ្យនៅក្រៅឃុំ អះអាងថា ពួកគេនៅតែបន្តបេសកកម្មខ្លួនក្នុងតស៊ូមតិ និងទាមទារការគោលសិទ្ធិមនុស្ស និងការពារបរិស្ថាន។ ពួកគេ ស្នើឲ្យមានការទម្លាក់បទចោទទាំងអស់លើសកម្មជន ទាំងអ្នកនៅក្រៅឃុំនិងក្នុងពន្ធនាគារ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ឆ្លើយតបថា ពួកគេចង់ធ្វើអ្វីក៏បានដែរ តែកុំឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សង្គម និងប្រឈមមុខច្បាប់ទៀត។

 
 
លោក រ៉ុង ឈុន ដែលជាទីប្រឹក្សាគ្រូបង្រៀនឯករាជ្យកម្ពុជា និងប្រធានសហភាពសហជីពកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ជំហររបស់លោក មិនមានអ្វីប្រែប្រួលឡើយ គឺបន្តទាមទារឲ្យកម្ពុជា មានលទ្ធិប្រជាធិបតេយ្យពេញលេញ។ ថ្លែងក្នុងសន្និសិទកាសែត កាលពីថ្ងៃទី២៣ វិច្ឆិកា លោក រ៉ុង ឈុន បានបញ្ជក់ថា៖ «ជំហររបស់ខ្ញុំនៅតែបន្ត បេសកកម្មរបស់យើងបន្តទៀត ដើម្បីស្វែងរកសេរីភាព ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»។ 


 លោក រ៉ុង ឈុន ក្នុងសន្និសីទកាសែតថ្ងៃទី២៣វិច្ឆិកា ឆ្នាំ២០២១។
 
សម្រាប់លោក លី ចាន់ដារ៉ាវុធ ដែលជាសមាជិកនៃអតីតអង្គការមាតាធម្មជាតិវិញ បានបង្ហាញជំហរដែរថា ទោះបីជាខ្លួន និងសកម្មជនដទៃទៀត ត្រូវបានដោះលែង ហើយស្ថិតក្រោមការតាមដានរបស់អាជ្ញាធរ និងតុលាករក្តី ក៏ពួកគេនៅតែមានឆន្ទៈមោះមុតដដែល។ តែយ៉ាងណា ចាន់ដារ៉ាវុធ យល់ឃើញថា ការដោះលែងឱ្យក្រៅឃុំ ស្ថិតក្រោមការតាមដានបែបនេះ ប្រៀបដូចជាការគូសបន្ទាត់ឲ្យដើរ មិនមែនសិទ្ធិសេរីភាពពេញលេញឡើយ។
 
 «យើងនៅតែបន្តធ្វើការងារបរិស្ថានដដែល ហើយការងារពួកយើង គឺដើម្បីការពារបរិស្ថាន ជំរុញឲ្យមានការប្រើប្រាស់ធនធានធម្មជាតិឲ្យមាននិរន្តរភាព ដើម្បីប្រឆាំងនឹងអំពើពុករលួយលើបរិស្ថាន មិនមែនអំពើក្បត់ជាតិណាមួយនោះទេ»។ នេះបើតាមលោក ដារ៉ាវុធ ។


 កញ្ញា ភួន កែវរស្មី ក្នុងសន្និសិទកាសែតថ្ងៃទី២៣ វិច្ឆិកា ២០២១។ 
 
កញ្ញា ភួន កែវរស្មី ជាសមាជិកមាតាធម្មជាតិ និងលោក ហ៊ុន វណ្ណៈ សមាជិកក្រុមយុវជនខ្មែរថាវរៈ ដែលទើបត្រូវបានដោះលែងកាលពីពេលថ្មីៗដែរនោះ បានជំរុញឱ្យយុវជន និងទើបចេញពីពន្ធនាគារ កុំតក់ស្លុត និងកុំបាក់ស្មារតី ពោលគឺត្រូវបន្តសកម្មភាពការងាររបស់ខ្លួនដដែរ។ 
 
ជំវិញការលើកឡើងរបស់សកម្មជនខាងលើ លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាននិយាយថា ការប្រកាសរក្សាជំហរធ្វើកិច្ចការសង្គមដដែលរបស់ពួកគេនេះ គឺជាសិទ្ធិសេរីភាពពួកគេ។ ប៉ុន្តែ បើសកម្មភាពពួកគេ បំពានផ្លូវច្បាប់ និងប៉ះពាល់សណ្ដាប់ធ្នាប់សង្គម និងសេរីភាពអ្នកដទៃនោះ ពួកគេនឹងប្រឈមមុខផ្លូវច្បាប់ទៀត។ 


 លោកជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ រូបពីតេឡេក្រាមលោក ជិន ម៉ាលីន
 
លោក ជិន ម៉ាលីន ថ្លែងយ៉ាងដូច្នេះថា៖ «ការអំពាវនាវ គឺជាសិទ្ធិសេរីភាពសម្ដែងមតិរបស់គាត់ទេ ប៉ុន្តែធ្វើយ៉ាងម៉េច កុំឲ្យប៉ះពាល់ដល់ស្ថាប័នរដ្ឋ ប៉ះពាល់សិទ្ធិសេរីភាពរបស់អ្នកដទៃ ដូចជាការញុះញុងឲ្យមានអំពើហិង្សា ការរើសអើង ការចោទប្រកាន់ដោយមិនមានភស្តុតាង ក្នុងចតនាទុច្ចនឹងប្រឈមមុខផ្លូវច្បាប់»។ 
 
ពាក់ព័ន្ធនឹងការចាប់ខ្លួនពួកគេកន្លងមកនេះ ទាំងលោក កើត សារ៉ាយ ,កញ្ញា ឈឿន ដារ៉ាវី ,លោក ហ៊ុន វណ្ណៈ សមាជិកក្រុមយុវជនខ្មែរថាវរៈ និងកញ្ញា ភួន កែវរស្មី ជាសមាជិកមាតាធម្មជាតិ សុទ្ធតែអះអាងថា អាជ្ញាធរ និងតុលាការ បានចាប់ខ្លួន និងអនុវត្តនីតិច្បាប់ទាំងបំពានលើពួកគេ។ពួកគេទាំង៤នាក់នេះ សុទ្ធតែស្នើឲ្យតុលាការទម្លាក់បទចោទលើក្រុមខ្លួនទាំងស្រុង។ 
 
តែយ៉ាងណាលោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រួសួងយុត្តិធម៌ និងមន្រី្តជាន់ខ្ពស់សិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ការឃាត់ខ្លួននិងដាក់ទោសក្រុមសកម្មជនខាងលើកន្លងមក ដោយសារពួកគេបានប្រព្រឹត្តបទល្មើសខុសច្បាប់ ហើយព្យាយាមយកកិច្ចការសង្គមមកបិទបាំង៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com