ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ៖«កម្ពុជា នឹងបន្តជួយអង្គការសហប្រជាជាតិឲ្យកាន់តែរឹងមាំ និងជួយធ្វើឲ្យពិភពលោក មានសន្តិភាពសម្រាប់ទាំងអស់គ្នា»
24, Nov 2021 , 10:59 pm        
រូបភាព
ព្រះមហាក្សត្រកម្ពុជា ទ្រង់មានព្រះបន្ទូលក្នុងពិធីប្រារព្ធខួបលើកទី៧៥ឆ្នាំនៃអង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងប៉ារីស ប្រទេសបារាំង និង លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ថ្លែងក្នុងសន្និសីទកាសែតមួយ ក្នុងប្រទេសអេស្ប៉ាញ កាលខែកក្កដា ឆ្នាំ២០២១។ រូបពី AFP
ព្រះមហាក្សត្រកម្ពុជា ទ្រង់មានព្រះបន្ទូលក្នុងពិធីប្រារព្ធខួបលើកទី៧៥ឆ្នាំនៃអង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងប៉ារីស ប្រទេសបារាំង និង លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ថ្លែងក្នុងសន្និសីទកាសែតមួយ ក្នុងប្រទេសអេស្ប៉ាញ កាលខែកក្កដា ឆ្នាំ២០២១។ រូបពី AFP
ដោយ: ថ្មីៗ
ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ​ទ្រង់បានប្រទានព្រះរាជសារត្រឡប់ទៅលោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (António Gutteres) អគ្គលេខាធិការអង្គការសហប្រជាជាតិវិញ ដើម្បីសម្តែងព្រះរាជហឫទ័យអរគុណចំពោះលោក ដែលបានថ្វាយលិខិតអបអរសាទរបុណ្យឯករាជ្យកម្ពុជាលើកទី៦៨ឆ្នាំ ដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ព្រះអង្គ។

 
បន្ថែមពីលើការអរគុណ ព្រះករុណាជាម្ចាស់ជីវិតលើត្បួង ទ្រង់ក៏បានមានបន្ទូលពីឆន្ទៈរបស់កម្ពុជាផងដែរ ក្នុងការបន្តជួយដោះស្រាយបញ្ហាពិភពលោក ដូចជា បញ្ហាអាកាសធាតុ ជាដើម និងការបន្តជួយដល់អង្គការសហប្រជាជាតិឲ្យកាន់តែរឹងមាំ។

តាមរយៈព្រះរាជសារ ព្រះប្រមុខរដ្ឋកម្ពុជា ទ្រង់មានព្រះរាជឱង្ការទៅកាន់លោកប្រមុខអង្គការសហប្រជាជាតិថា៖«សូមឯកឧត្តម ទុកចិត្តថា ព្រះរាជាណាចក្រកម្ពុជា នឹងបន្តចាត់វិធានការដោះស្រាយគ្រោះអាសន្ននៃអាកាសធាតុ បន្តកិច្ចប្រឹងប្រែង ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងជួយពង្រឹងអង្គការសហប្រជាជាតិឲ្យកាន់តែរឹងមាំ ជួយធ្វើឲ្យពិភពលោកមានភាពល្អប្រសើរ និងសុខសន្តិភាពសម្រាប់ទាំងអស់គ្នា។»
 
ព្រះបន្ទូលចុងក្រោយរបស់ព្រះករុណក្នុងព្រះរាជសារ គឺព្រះអង្គ ប្រទានពរឲ្យលោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងភារកិច្ច។ ព្រះរាជសាររបស់ទ្រង់ ធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា និងទើបត្រូវបានបង្ហោះជាសាធារណៈលើទំព័រហ្វេសប៊ុក Royal Du Cambodge នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១៕ 
 
 

Tag:
 ព្រះមហាក្សត្រ
  António Gutteres
© រក្សាសិទ្ធិដោយ thmeythmey.com