ជាតិ
កម្ពុជាចង់ឃើញការចូលរួមដោយស្ថាបនា និងបង្កើនទំនុកចិត្តពីអាម៉េរិក
25, Nov 2021 , 10:54 am        
រូបភាព
(ឆ្វេង) លោក Derek Chollet ទីប្រឹក្សានៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក សន្ទនាតាមរយៈទូរសព្ទ ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៣ វិច្ឆិកា ២០២១
(ឆ្វេង) លោក Derek Chollet ទីប្រឹក្សានៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក សន្ទនាតាមរយៈទូរសព្ទ ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៣ វិច្ឆិកា ២០២១
ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានបង្ហាញបំណងចង់ឃើញការចូលរួមរបស់អាមេរិក ប្រកបដោយការស្ថាបនា និងសហប្រតិបត្តិការយ៉ាងជិតស្និទ ដែលបង្កើនទំនុកចិត្តចំពោះគ្នាទៅវិញទៅមក។



ថ្លែងប្រាប់លោក Derek Chollet ទីប្រឹក្សានៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក តាមរយៈទូរសព្ទ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា បើទោះបីជាមានបញ្ហាលំបាកខ្លះៗក៏ដោយ កម្ពុជាតែងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក ដែលកំពុងស្ថិតនៅលើគន្លងត្រឹមត្រូវ និងរីកចម្រើនលូតលាស់លើវិស័យជាច្រើន។ 
 
បើតាមប្រមុខការទូតកម្ពុជា វិស័យរីកចម្រើនលក្ខណៈទ្វេភាគីនោះ រួមមាន ពាណិជ្ជកម្មនិងវិនិយោគ សុខាភិបាល កសិកម្ម វប្បធម៌ ការដោះមីន បេសកកម្មថែរក្សាសន្តិភាព ស្វែងរកអដ្ឋិធាតុទាហានអាម៉េរិកបាត់ខ្លួនក្នុងពេលសង្គ្រាម ការធ្វើមាតុភូមិនិវត្តន៍ជនជាតិខ្មែរពីសហរដ្ឋអាម៉េរិក និងអ្នកស្ម័គ្រចិត្តទីភ្នាក់ងារ Peace Corps ជាដើម។
 
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ កាលពីថ្ងៃទី២៤ វិច្ឆិកា បានបន្ថែមថា ភាគីទាំងពីរបានប្តេជ្ញាបន្តជំរុញទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើគ្រប់វិស័យដែលមានសក្តានុពល។
 
កិច្ចពិភាក្សារវាងប្រមុខការទូតកម្ពុជា និងទីប្រឹក្សាការបរទេសអាម៉េរិក បានពិភាក្សាគ្នាដោយផ្ដោតលើបញ្ហាទ្វេភាគី និងតំបន់ដែលជាការព្រួយបារម្ភ និងផលប្រយោជន៍រួម។ ត្រង់ចំណុចនេះ លោក ប្រាក់ សុខុន បានប្រាប់លោក Chollet ពីតួនាទីកម្ពុជា ធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ថា កម្ពុជាបានកំណត់អាទិភាព និងបញ្ហាប្រឈមដែលត្រូវដោះស្រាយដោយប្រុងប្រយ័ត្ន ដើម្បីពង្រឹងមជ្ឈភាព និងភាពធន់របស់អាស៊ាន ។ ជាពិសេសជំរុញកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុង និងក្រៅតំបន់អាស៊ីអាគ្នេយ៍។
 
 «ថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការគាំទ្រដ ល់មជ្ឈភាពអាស៊ាន និងភាពជោគជ័យរបស់កម្ពុជាក្នុងតួនាទីជាប្រធានអាស៊ានផងដែរ»។ នេះបើក្រសួងការបរទេស ដែលបានស្រង់សម្តីលោក ប្រាក់ សុខុន៕

Tag:
 ប្រាក់ សុខុន
  ការទូត
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com