កីឡាជាតិ
ជាតិ
Hun Sen Cup៖ ព្រះខ័នរាជស្វាយរៀង អាចដណ្ដើមជើងឯកពីវិសាខាបានដែរទេ?
25, Nov 2021 , 2:30 pm        
រូបភាព
រូប ពីCNCC
រូប ពីCNCC
ដោយ៖ គឹម មករា

ម្ចាស់ជើងឯកឆ្នាំ២០២០ វិសាខា ត្រូវការពារតំណែងជើងឯក ជាមួយព្រះខ័នរាជស្វាយរៀង នៅវេលាម៉ោង ៦:០០ល្ងាច ក្រោយប្រកួតរវាងភ្នំពេញក្រោន និងបឹងកេត នៅវេលាម៉ោង ៣៖០០រសៀល នាកីឡដ្ឋាន ស្មាត អ.អេស.អិន នៃពានសម្ដេច ហ៊ុន សែន រដូវកាល ២០២១ នាថ្ងៃទី២៥ ខែវិច្ឆិកា។



កីឡដ្ឋាន ស្មាត អ.អេស.អិន នឹងក្លាយជាកន្លែងកាត់សេចក្ដី រកជើងឯក ជើងឯករង និង ចំណាត់ថ្នាក់លេខ៣ នៃពាននេះ ។ វិសាខា ដែលគ្រងជើងឯកពានសម្ដេច ហ៊ុន សែន ឆ្នាំ២០២០នោះ បានវាយបកយកឈ្នះ បឹងកេត ក្នុងលទ្ធផល២-១ ដោយ​ប្រើ៣៧នាទីចុងក្រោយនៃតង់ទី២​ កាលពីថ្ងៃទី២៣ ខែវិច្ឆិកាកន្លងមក ខណៈព្រះខ័នរាជស្វាយរៀង បានទម្លាក់ភ្នំពេញក្រោន ដោយលទ្ធផល៣-២។
 
ក្លិបវិសាខា និងព្រះខ័នរាជស្វាយរៀង មិនសូវជួបគ្នាច្រើនឡើយ នៅក្នុងការប្រកួតពានរង្វាន់សម្ដេច ហ៊ុន សែន ។ ប៉ុន្តែក្រុមទាំងពីរ ធ្លាប់ប៉ះគ្នាច្រើននៅក្នុងពានរង្វាន់លីគកំពូលកម្ពុជាមិត្តហ្វូន។ ក្រុមទាំងពីរឈ្នះចាញ់គ្នាទៅវិញទៅមក ក្នុងការប្រកួតពានរង្វាន់មិត្តហ្វូននេះ។ សម្រាប់ការជួបគ្នាពីរលើកនៅក្នុងឆ្នាំ២០២១ នៃពានលីគកំពូលកម្ពុជាវិញ វិសាខាបានយកឈ្នះព្រះខ័នស្វាយរៀង ១លើក និងស្មើ១ដង។ 
 
លោក Akeeb Tunji Ayoyinka គ្រូបង្វឹករបស់ ក្លិបវិសាខា បាននិយាយថា ព្រះខ័នរាជស្វាយរៀង គឺជាក្រុមមួយខ្លាំង នៅក្នុងលីគកំពូលកម្ពុជា បូកផ្សំជាមួយកីឡាករឆ្នើមជាច្រើនរូប រួមទាំងគ្រូបង្វឹកសម្បូរបទពិសោធន៍ ប៉ុន្តែវិសាខាក៏មិនភ្លេចខ្លួនដែរ ក្នុងនាមជាជើងឯកចាស់ ពោលគឺវិសាខាត្រូវធ្វើការងារឲ្យខ្លាំង ដើម្បីការពារតំណាងជើងឯកនេះ។
 
គ្រូបង្វឹករបស់ ក្លិបវិសាខា បានបញ្ជាក់ប្រាប់ ទូរទស្សន៍ BTV ថា៖ «យើងនៅតែធ្វើនូវផែនការបស់យើងដដែរ ហើយកីឡាករទាំងអស់បានត្រៀមខ្លួនរួចស្រេចអស់ ដើម្បីធ្វើការប្រកួតជាមួយព្រះខ័នរាជ នៅថ្ងៃស្អែក ទោះបីពួកយើងដឹងខ្លួនថាគ្មានពេលគ្រប់គ្រាន់ក្នុងការរៀបចំខ្លួន មានពេលត្រឹមតែ២ថ្ងៃ ដើម្បីសម្រាកក៏ដោយ  តែពួកយើងត្រូវធ្វើការងាររបស់ពួកយើង គឺការងារក្នុងការការពារជើងឯកឆ្នាំចាស់ ។ ទោះបីមិនងាយស្រួលក៏ដោយ តែយើងនិងព្យាយាមឲ្យអស់ពីសមត្ថភាព»។ 
 
ព្រះខ័នរាជអាចប្រជែងយកពាន ពីវិសាខាម្ចាស់ជើងឯករដូវកាល២០២០ ដែរទេ ខណៈវិសាខាកំពុងជួបបញ្ហាវិបត្តិកីឡាករផងនោះ។ សំនួរពិបាកឆ្លើយ ដោយសារក្រុមទាំងពីរសុទ្ធតែជាក្រុមខ្លាំង ប៉ុន្តែព្រះខ័នរាជស្វាយរៀង ធ្លាប់ឈ្នះពាននេះ៤លើករួចមកហើយ។
 
សម្រាប់លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងវិញ ក៏មិនហ៊ានមើលស្រាលវិសាខាដែរ។ «វា គឺជារឿងមួយល្អ ដែលយើងបានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ មិនថាយើងប៉ះជាមួយ វិសាខា ឬបឹងកេត​ តែការប្រកួតទាំងអស់សុទ្ធតែសំខាន់ តែអ្វី ដែលយើងផ្ដោតសំខាន់ គឺទៅលើក្រុមរបស់យើង ។ យើងបានបង្កើតនូវប្រវត្តិសាស្ត្រជាច្រើន ដែលយើងឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ ។ វាការប្រកួតដែលជក់ចិត្ត នៅវគ្គផ្ដាច់ព្រ័ត្រនេះ ។ យើងសប្បាយចិត្ត ដើម្បីលេងនៅកីឡដ្ឋាន RSN ព្រោះជាកន្លែងដែលល្អ ដែលអាចឲ្យយើងលេងបានយ៉ាងល្អ ហើយក៏ជាកន្លែងល្អសម្រាប់អ្នកគាំទ្របាល់ទាត់ ។ ការចាញ់បឹងកេត ឆ្នាំ២០១៩ នៅកីឡដ្ឋាន RSNនេះ ជាការកំណត់ត្រា មួយដែលមិនល្អ នៃការប្រកួតពានសម្ដេច ហ៊ុន​ សែន» ។ នេះបើតាមគ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ។
 
ចំណែក បឹងកេត ត្រូវជួបភ្នំពេញក្រោន ម្ដងទៀត ក្នុងនាមជាបេក្ខភាពដណ្ដើមយកចំណាត់ថ្នាក់លេខបី នៃពានសម្ដេច ហ៊ុន សែន ៕

© រក្សាសិទ្ធិដោយ thmeythmey.com