ជាតិ
សាលាគរុកោសល្យក្នុងខេត្តចំនួន១១ ត្រូវបានដាក់ឲ្យប្រើក្រោយកែលម្អហេដ្ឋារចនាសម្ព័ន្ធអប់​រំ​
25, Nov 2021 , 6:59 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ក្នុងពិធីដាក់ឲ្យប្រើប្រាស់ អគារសាលាគរុកោសល្យ ។ រូបថត៖ ក្រសួងអប់រំ​
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ក្នុងពិធីដាក់ឲ្យប្រើប្រាស់ អគារសាលាគរុកោសល្យ ។ រូបថត៖ ក្រសួងអប់រំ​
 ដោយ៖ ហ៊ន ថូវ៉ាន
 
ភ្នំពេញ៖ បន្ទាប់ពីកែលម្អហេដ្ឋារចនាសម្ព័ន្ធអប់រំរួច    អគារសាលាគរុកោសល្យ និងវិក្រឹតការ នៅក្នុងខេត្តចំនួន១១ ត្រូវបានដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី២៤វិច្ឆិកា។ បើតាម លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សម្រេចដាក់ឲ្យប្រើប្រាស់ ​អគារសាលាគរុកោសល្យទាំងនេះ  គឺដើម្បីលើកកម្ពស់គុណភាពនៃការរៀន និងការបង្រៀន ដែលស្ថិតក្រោមគម្រោង​ STEPCam របស់អង្គការយូណេស្កូ។

 
លោក ហង់ជួន ណារ៉ុន សម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសាលាគរុកោសល្យ និងវិក្រឹតការ និងការប្រគល់-ទទួលហេដ្ឋារចនាសម្ព័ន្ធអប់រំដល់សាលាចំនួន១១ទីតាំង ដែលស្ថិតនៅក្នុងខេត្តគោលដៅចំនួន១១ ដើម្បីលើកកម្ពស់គុណភាពនៃការរៀនរបស់សិស្ស និងការបង្រៀនរបស់គ្រូ។ 


 
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសាលាគរុកោសល្យ និងវិក្រឹតការ កាលព្រឹកថ្ងៃទី២៤វិច្ឆិកា ឆ្នាំ២០២១ លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធអប់រំ និងអគារសាលាគរុកោសល្យនេះ គឺស្ថិតនៅក្រោមគម្រោងពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា(STEPCam) ក្នុងទឹកប្រាក់ ១៤,៤លានដុល្លារ ពីមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ(GPE)។  ក្រសួងអប់រំ យុវជន និងកីឡា អនុវត្តគម្រោងនេះ ​ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ។ 
 
បើតាម លោក ហង់ជួន ណារ៉ុន គម្រោង STEPCamនេះ ត្រូវបានបង្កើតឡើងដោយយល់ឃើញថា ការបង្កើនសមត្ថភាពគ្រូបង្រៀនបឋមសិក្សានៅកម្ពុជា គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការលើកកម្ពស់ការអប់រំរបស់កុមារ និងផ្តល់ឱ្យពួកគេ នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការរៀនសូត្រ និងការអភិវឌ្ឍនាពេលអនាគត។ តាមរយៈគម្រោងនេះ ក្រសួងអប់រំ​បានប្រគល់ កុំព្យូទ័របន្ទះ (Tablets) ចំនួន១៧៦គ្រឿង ដល់នាយកដ្ឋានបឋមសិក្សា សម្រាប់ផ្តល់ឱ្យគ្រូឧទ្ទេស និងអ្នកសម្របសម្រួលកម្មវិធីអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍលើជំនាញឌីជីថល។ 


 
ខេត្តចំនួន១១ ដែលទទួលបានការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលាគរុកោសល្យ និងវិក្រឹតការនោះ រួមមានខេត្តបន្ទាយមានជ័យ កំពត កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ ក្រចេះ ព្រះសីហនុ ព្រះវិហារ ពោធិ៍សាត់ ស្ទឹងត្រែង និងខេត្តស្វាយរៀង។ ការកែលំអ និងជួសជុល ហេដ្ឋារចនាសម្ព័ន្ធនៅតាមសាលាគរុកោសល្យ និងវិក្រឹតការទាំង១១ខេត្តនោះ គឺមាន​ការជួសជុលអគារ ដែលផ្ដោតទៅលើអគារបង្រៀន បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ បណ្ណាល័យ ការិល័យរដ្ឋបាល ការជួសជុលអគារអន្តេវាសិកដ្ឋាន ការជួសជុលបន្ទប់សិក្សា និងបន្ទប់គ្រូឧទ្ទេស និងការជួសជុលសាលាអនុវត្តន៍។​ ការជួសជុលទូទៅ មានការតបណ្ដាញមេភ្លើងថ្មី ការតបណ្ដាញលូបង្ហូរទឹកក្នុងដី និងការជួសជុលប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត។ ការអភិវឌ្ឍបរិក្ខារបង្រៀន រួមមានការបំពាក់នូវគ្រឿងសង្ហារឹម និងឧបករណ៍អេឡិចត្រូនិច សម្ភារៈវិទ្យាស្ត្រថ្មីៗ ​និងការអភិវឌ្ឍបណ្ណាល័យឲ្យក្លាយទៅជាមជ្ឈមណ្ឌលពហុព័ត៌មាន រួមទាំងការដំឡើងឧបករណ៍ ICT មានប្រព័ន្ធ WIFI និងប្រព័ន្ធផ្ទុកទិន្នន័យ ជាដើម។​


 
ក្រោយពីសាលាគរុកោសល្យ និងវិក្រឹតការទទួលបានកែលម្អ និងជួសជុលរួច គណៈគ្រប់គ្រងសាលា នឹងទទួលបានវគ្គបណ្ដុះបណ្ដាល ស្ដីពីការថែទាំអគារ សម្ភារៈបរិក្ខារ និងសេវាកម្មផ្សេងៗ។​ គ្រូឧទ្ទេស នឹងទទួលបានវគ្គបណ្ដុះបណ្ដាល ស្តីពីការប្រើប្រាស់ឧបករណ៍ពិសោធន៍វិទ្យាសាស្ត្រ និងឧបករណ៍ទំនើបផ្សេងៗទៀត។ រដ្ឋមន្ត្រីក្រសួងអប់រំ បានបន្ថែមថា សាលាគរុកោសល្យ និងវិក្រឹតការដែលបានជួសជុលទាំង១១ទីតាំងនោះ គឺមានបន្ទប់សិក្សាសរុប១១១បន្ទប់ ដោយនៅក្នុងនោះ មាន៦៣បន្ទប់សម្រាប់សាលាគរុកោសល្យនិងវិក្រឹតការ និង៤៨បន្ទប់សម្រាប់សាលាអនុវត្តន៍។  ដោយឡែក ២៥៨បន្ទប់ទៀត គឺសម្រាប់សាលាអន្តេវាសិកដ្ឋាន ដែលបានចំណាយសាងសង់ប្រាក់អស់ជិត២,៥លានដុល្លារ៕ 

Tag:
 គរុកោសល្យ
  លោក ហង់ជួន ណារ៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com