ជាតិ
សកម្មជនមាតាធម្មជាតិ ទទួលបានពានរង្វាន់អ្នកការពារជួរមុខ ពីអង្គការមួយ នៅប្រទេសអៀរឡង់
25, Nov 2021 , 3:42 pm        
រូបភាព
សកម្មជនមាតាធម្មជាតិ ចេញពីពន្ធនាគារ កាលពីយប់ថ្ងៃទី១២ វិច្ឆិកា ២០២១
សកម្មជនមាតាធម្មជាតិ ចេញពីពន្ធនាគារ កាលពីយប់ថ្ងៃទី១២ វិច្ឆិកា ២០២១
ភ្នំពេញ៖ ក្រុមមាតាធម្មជាតិកម្ពុជា ទទួលបានពានរង្វាន់អ្នកការពារជួរមុខ ពីអង្គការអ្នកការពារជួរមុខ ដែលមានមូលដ្ឋាននៅទីក្រុងឌុយប្លាំង ប្រទេសអៀរឡង់ កាលពីថ្ងៃទី២៤ វិច្ឆិកា ២០២១។ ចំណែកបុគ្គល និងស្ថាប័ន នៅក្នុងប្រទេស៥ផ្សេងទៀត ក៏ទទួលបានរង្វាន់នេះដែរ។



ក្រុមមាតាធម្មជាតិកម្ពុជា និងបុគ្គល ស្ថាប័នពីប្រទេស៥ទៀត ដែលទទួលបានពានរង្វាន់ជួរមុខនេះ ក្រោមការវាយតម្លៃលើកិច្ចការពារសិទ្ធិមនុស្ស ដែលស្ថិតនៅក្នុងកាលៈទេសៈហានិភ័យ នៅក្នុងប្រទេសពួកគេ។ 
 
អង្គការអ្នកការពារជួរមុខ បានរៀបរាប់យ៉ាងដូច្នេះថា៖«ក្នុងឆ្នាំ២០២១ មានការរីករាលដាលជំងឺកូវីដ-១៩ ដែលបន្តផ្ទុះឡើងនោះ រដ្ឋាភិបាលបានគាបសង្កត់ដោយវាយប្រហារលើអ្នកការពារសិទ្ធិមនុស្ស ហើយបិទលំហរសិទ្ធិក្នុងការបំពេញការងាររបស់ពួកគេ។ ក្នុងការប្រារព្ធខួប២០ឆ្នាំ នៃអ្នកការពារជួរមុខនេះ ត្រូវការបន្តការគាំទ្រអ្នកការពារសិទ្ធិ ដោយធានាសុវត្ថិភាព ការពារ និងប្រកបដោយសុខុមាលភាព»។
 
សម្រាប់ក្រុមមាតាធម្មជាតិវិញ អង្គការអ្នកការពារជួរមុខ បានមើលឃើញពីសកម្មភាពពួកគេ ទាក់ទងនឹងបញ្ហាបរិស្ថានដោយមានការគាំទ្រ និងយុទ្ធនាការក្នុងតំបន់ និងអន្តរជាតិ សម្រាប់ការអភិរក្ស លើកកម្ពស់ និងការពារបរិស្ថានកម្ពុជា រួមទាំងការតាមដាន និងលើកកម្ពស់ការយល់ដឹង និងសិទ្ធិអំណាចពលរដ្ឋនៅក្នុងមូលដ្ឋាន និងសហគមន៍ផ្ទាល់។
 
ក្រុមមាតាធម្មជាតិ៦នាក់ រួមមាន ថុន រដ្ឋា, ភួន កែវរស្មី, ឡុង គន្ធា, យីម លាងហ៊ី, លី ចន្រ្ទដារ៉ាវុធ, និង ស៊ុន រដ្ឋា ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ កាលពីថ្ងៃទី១២ វិច្ឆិកា ក្រោយជាប់ពន្ធនាគារអស់១ឆ្នាំ ក្រោមបទបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គមដែរ ដោយសាររៀបចំគម្រោងដង្ហែញត្តិទៅជូននាយករដ្ឋមន្រ្តី និងបទរួមគំនិតក្បត់ជាតិជាដើម។
 
កញ្ញា ភួន កែវរស្មី ដែលទើបចេញពីពន្ធនាគារនោះ ចាត់ទុកពានរង្វាន់អ្នកការពារជួរមុខនេះ ជាការលើកទឹកចិត្តបន្ថែមទៀត ដល់សកម្មជនបរិស្ថាន ក្នុងការលះបង់ជីវិត និងសេរីភាពផ្ទាល់ខ្លួន ដើម្បីបំពេញការងារ។ សកម្មជនមាតាធម្មជាតិរូបនេះ បានសរសេរលើហ្វេសប៊ុកខ្លួនដូច្នេះថា៖«យើងសូមអរគុណការគាំទ្រ ការលើកទឹកចិត្តពីប្រជាជនកម្ពុជាទាំងអស់ ជាពិសេសគ្រួសារដែលតែងតែផ្តល់ឱកាសឲ្យយើងចូលរួមកិច្ចការងារទាំងនេះពេញទំហឹង។ ពានរង្វាន់នេះជារបស់ប្រជាជនខ្មែរ ជារបស់សកម្មជនគ្រប់ជំនាន់របស់មាតាធម្មជាតិនិងអ្នកដែលបានលះបង់ ជីវិត សេរីភាព សេចក្តីសុខផ្ទាល់ខ្លួនដើម្បីការការពារបរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ និងប្រយោជន៍ជាតិទាំងអស់គ្នា»។
 
កាលពីពេលថ្មីៗនេះ សកម្មជនដែលត្រូវតុលាការសម្រេចឲ្យនៅក្រៅឃុំ អះអាងថា ពួកគេនៅតែបន្តបេសកកម្មខ្លួនក្នុងតស៊ូមតិ និងទាមទារការគោលសិទ្ធិមនុស្ស និងការពារបរិស្ថាន។ ពួកគេ ស្នើឲ្យមានការទម្លាក់បទចោទទាំងអស់លើសកម្មជន ទាំងអ្នកនៅក្រៅឃុំនិងក្នុងពន្ធនាគារ។
 
ចំណែកពានរង្វាន់អ្នកការពារជួរមុខ ចំនួន៥ទៀត រួមមាន៖ Sami and Sameeha Huraini គឺជាបងប្អូនប្រុសស្រី ជនជាតិប៉ាឡេស្ទីន ដែលជាស្ថាបនិកបង្កើតក្រុមចលនាយុវជន Sumud (Sami and Sameeha Huraini of the Youth of Sumud movement) ដើម្បីជួយហែហមការពារអ្នកគង្វាល និងកុមារនៅតាមសាលារៀន ដែលស្ថិតនៅក្រុមការគំរាមកំហែងនៃការវាយប្រហារដោយក្រុមយោធាអ៊ីស្រាអ៊ែល។ ក្រុមចលនានេះ ក៏ជួយរៀបចំសកម្មភាព និងលើកកម្ពស់ស្ដ្រីនៅក្នុងសហគមន៍របស់ពួកគេ នៅតំបន South Hebron ផងដែរ។ តំបន់នេះ គ្រោះថ្នាក់បំផុតសម្រាប់ការរស់នៅរបស់ប្រជាជនប៉ាឡេស្ទីន។
 
Aminata Fabba គឺជាប្រធានសមាគមម្ចាស់ដីដែលរងផលប៉ះពាល់ម៉ាលេន (Malen Affected Land Owners Association (MALOA) ដែលជាកសិករ និងជាអ្នកការពារសិទ្ធិដីធ្លីនៅមូលដ្ឋាននៅស្រុក Pujehun ខេត្តភាគខាងត្បូង។ MALOA គឺជាចលនាសហគមន៍ដែលប្រឆាំងនឹង SOCFIN និងអ្នកដើមទុនជីវឥន្ធនៈផ្សេងទៀតនៅក្រុង Sierra Leone Aminata បានឈរប្រឆាំងនឹងអាជ្ញាធរ ចំពោះគម្រោងវិនិយោគ ដែលបង្កផលប៉ះពាល់ដល់ដីគ្រួសាររបស់នាង កាលពីឆ្នាំ២០១១ ហើយនាងក៏ត្រូវបានប៉ូលិសចាប់ខ្លួននៅពេលនោះដែរ។
 
Camila Moradia គឺជាមេដឹកនាំចលនាស្ត្រីនៃតំបន់Alemão (Women of Alemão in Action) ។ បេសកកម្មរបស់ចលនានេះ គឺដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី និងរួមចំណែកដល់ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងក្រុមគ្រួសាររបស់ពួកគេ ដូច្នេះការពង្រឹងស្វ័យភាពរបស់ពួកគេ និងការធានាសិទ្ធិជាមូលដ្ឋានរបស់ពួកគេ។ ស្ត្រីជាង 400 នាក់ត្រូវបានជួយនៅក្នុង Complexo do Alemão ដែលជាតំបន់អនាធិបតេយ្យនៅតំបន់ភាគខាងជើងនៃទីក្រុង Rio de Janeiro ។
 
Siarhei Drazdouski (Office for the Rights of Persons with Disabilities ) គឺជាស្ថាបនិក និងជានាយកការិយាល័យសិទ្ធិជនពិការ ខណៈលោក Aleh Hrableuski ធ្វើការជាមេធាវីនៅទីនោះ។ អង្គការនេះ ផ្តល់ជំនួយផ្នែកច្បាប់ និងសម្របសម្រួលការពិគ្រោះយោបល់ស្តីពីសិទ្ធិជនពិការ អ្នកតស៊ូមតិសម្រាប់ការផ្លាស់ប្តូរច្បាប់។ ជាពិសេសធ្វើការស្រាវជ្រាវ និងសកម្មភាពអប់រំដើម្បីឱ្យប្រជាពលរដ្ឋស្វែងយល់បន្ថែមអំពីជនពិការនៅប្រទេសបេឡារុស្ស។

Mamadou Ba កើតនៅប្រទេសសេណេហ្គាល់ និងជាជនអន្តោប្រវេសន៍ទៅកាន់ប្រទេសព័រទុយហ្គាល់ ។ លោក Mamadou Ba បានលះបង់ជីវិតរបស់គាត់ចំពោះសកម្មភាពប្រឆាំងការរើសអើងជាតិសាសន៍។ លោកបានក្លាយជាសមាជិកនៃចលនា SOS Racismo តាំងពីឆ្នាំ 1999 ហើយជាសមាជិកស្ថាបនិកនៃអង្គការជាតិ និងអឺរ៉ុបមួយចំនួនដែលការពារសិទ្ធិជនចំណាកស្រុក និងប្រជាជនប្រកាន់ពូជសាសន៍។ 
 
ពួកគេទាំងនេះ នឹងទទួលពានរង្វាន់នេះ នៅថ្ងៃទី៩ ធ្នូ ឆ្នាំ២០២១ ដែលជាខួប២០ឆ្នាំនៃការបង្កើតអង្គការអ្នកការពារជួរមុខផងដែរ។
 
គួរបញ្ជាក់ថា អង្គការអ្នកការពារជួរមុខ ឬមូលនិធិអន្តរជាតិ សម្រាប់ការពារអ្នកការពារសិទ្ធិមនុស្ស មានមូលដ្ឋាននៅទីក្រុងឌុយប្លាំង ប្រទេសអៀរឡង់ ដែលបង្កើតឡើងកាលពីឆ្នាំ២០០១។ អង្គការនេះ បង្កើតឡើងដើម្បីការពារអ្នកធ្វើការក្នុងសកម្មភាពបញ្ឈប់អំពើហិង្សា ,រំលោភបំពានសិទ្ធិមនុស្ស និងសិទ្ធិជនពិការ កុមារ និងស្ត្រី , បរិស្ថាន និងការរើសអើងជាតិសាសន៍ជាដើម៕

Tag:
 មាតាធម្មជាតិ
  ពានរង្វាន់ការពារសិទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com