ជាតិ
មេដឹកនាំអាស៊ី-អឺរ៉ុប ចាប់ផ្តើមកិច្ចប្រជុំកំពូល ASEM13 ក្រោមការរៀបចំរបស់កម្ពុជា
25, Nov 2021 , 4:03 pm        
រូបភាព
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) បានចាប់ផ្តើមនៅថ្ងៃទី២៥ ខែវិច្ឆិកា នេះ តាមប្រព័ន្ធវីដេអូ ដែលរៀបចំដោយកម្ពុជា។ វេទិកាអន្តររដ្ឋាភិបាលនេះ ចាប់ផ្តើមពីឆ្នាំ១៩៩៦មក ដោយរៀបចំឡើងរៀងរាល់២ឆ្នាំម្តង ហើយនៅឆ្នាំនេះ កិច្ចប្រជុំផ្តោតលើមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម»។



«កិច្ចប្រជុំកំពូល ASEM នាថ្ងៃនេះ គឺជាឱកាសដ៏ទាន់ពេលមួយសម្រាប់ថ្នាក់ដឹកនាំ ASEM បញ្ជាក់សារជាថ្មីអំពីសារសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុបក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងសកល ដែលជាក្តីបារម្ភរួមគ្នា»។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះនៅក្នុងសុន្ទរកថា បើកដំណើរការកិច្ចប្រជុំ។



ក្នុងនាមជាប្រធាននៃកិច្ចប្រជុំ ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីគោលបំណងសំខាន់ៗសំខាន់ចំនួន៦នៃកិច្ចប្រជុំកំពូល ASEAM13 ដែលក្នុងនោះមានការធ្វើឲ្យកាន់តែស៊ីជម្រៅនៃការតភ្ជាប់អន្តរតំបន់ ការលើកស្ទួយភាពជាដៃគូដើម្បីអភិបាលកិច្ចសកល ប្រសិទ្ធភាពនៃប្រព័ន្ធពហុភាគីផ្អែកលើវិធានច្បាប់ ការទាញប្រយោជន៍ពីនវានុវត្តន៍ ការពង្រឹងភាពលេចធ្លោនានា និងការដោះស្រាយបញ្ហាពហុវិស័យ រួមមានការប្រែប្រួលអាកាសធាតុ ភាពក្រីក្រ សិទ្ធិអំណាចស្ត្រី និងបញ្ហាប្រឈមឆ្លងដែន។

សម្តេច ហ៊ុន សែន បានកត់សម្គាល់ពីកិច្ចប្រឹងប្រែងផ្សេងៗក្នុងក្របខណ្ឌ ASEM លើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកិច្ចសហការផ្សេងៗ រវាងអាស៊ី និងអឺរ៉ុប។



នាពិធីបើកកិច្ចប្រជុំនេះផងដែរ ក៏មានការថ្លែងសុន្ទរកថាផងដែរ ពីសំណាក់លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប, លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប, លោកនាយករដ្ឋមន្ត្រីរុស្ស៊ី Mikhail Mishustin [លោក Mishustin បានថតសុន្ទរកថាទុក ខណៈឧបនាយករដ្ឋមន្ត្រី Alexei Overchuk ជាអ្នកបង្្ហាញវត្តមានក្នុងកិច្ចប្រជុំ], លោកនាយរដ្ឋមន្ត្រីស្លូវេនី Janez Jansa និងលោកនាយរដ្ឋមន្ត្រីថៃ Prayut Chan-o-cha ក្នុងនាមជាអ្នកសម្របសម្រួលក្រុមការងារតាមតំបន់នីមួយៗ។



កិច្ចប្រជុំដែលប្រព្រឹត្តទៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា នេះ មានការចូលរួមពីបណ្តាប្រទេសអាស៊ី-អឺរ៉ុបចំនួន៥១ រួមទាំងអគ្គលេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុប ផងដែរ៕

Tag:
 ASEM13
© រក្សាសិទ្ធិដោយ thmeythmey.com