ជាតិ
CAST បង្កើតប្រព័ន្ធតាមដានប្រភពត្រី ដើម្បីលើកកម្ពស់គុណភាពត្រីក្នុងស្រុក
26, Nov 2021 , 8:59 am        
រូបភាព
ដើម្បីលើកកម្ពស់គុណភាពផលិតផលត្រីក្នុងស្រុក CAST បានបង្កើតប្រព័ន្ធតាមដានប្រភពត្រី ដែលអាចឲ្យអតិថិជនដឹងអំពីព័ត៌មានចិញ្ចឹមត្រីរបស់កសិករ តាមរយៈការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនស្គែន QR Code នៅលើកញ្ចប់ត្រី។ បច្ចុប្បន្ន CAST បានធ្វើការជាមួយកសិករចិញ្ចឹមត្រី និងកែច្នៃផលិតផលត្រីទូទាំងប្រទេសជាង១៥០០ទីតាំង ហើយការបង្កើតប្រព័ន្ធតាមដាននេះ តម្រូវឲ្យកសិករទាំងនោះ ចិញ្ចឹមត្រីតាមស្តង់ដារសុវត្ថិភាព និងអនាម័យ។



លោក តិច គង់ តំណាងអង្គការទស្សនពិភពលោក (World Vision CAST) បានលើកឡើងថា ការបង្កើតប្រព័ន្ធតាមដានប្រភពត្រីនេះ គឺជាការផ្ដល់ទំនុកចិត្តមួយទៀតដល់អតិថិជន ឬអ្នកបរិភោគនៅកម្ពុជា តាមរយៈការផ្ដល់ព័ត៌មានពីអ្នកចិញ្ចឹម ដោយការស្គែន QR Code នៅលើកញ្ចប់ត្រី។ មិនតែប៉ុណ្ណោះ កសិករចិញ្ចឹមត្រី ក៏មានលទ្ធភាពក្នុងការដំឡើងតម្លៃត្រីរបស់ខ្លួនដោយគ្រាន់តែផលិតតាមលក្ខណៈស្ដង់ដារ​​​ និងអនាម័យ។

 លោក តិច គង់ តំណាងអង្គការទស្សនពិភពលោក (World Vision CAST) 
 
តំណាងអង្គការទស្សនពិភពលោក ថ្លែងថា៖ «ការបង្កើតប្រព័ន្ធត្រួតពិនិត្យវាយតម្លៃនេះ គឺពិតជាមានសារៈសំខាន់ ព្រោះអ្នកប្រើប្រាស់ចុងក្រោយអាចដឹងពីប្រភពច្បាស់លាស់អំពីផលិត ពិសេសត្រីនេះ។ នៅពេលដែលវាច្បាស់លាស់ អំពីប្រភពនេះ គឺធ្វើឲ្យពួកគាត់(អតិថិជន) បរិភោគទៅមានសុវត្ថិភាព ព្រោះគាត់អាចដឹងថា ការចិញ្ចឹមហ្នឹងរបៀបមិច តើវាមានលក្ខណៈគីមី ឬមិនគីមី»។ ​
 
បច្ចុប្បន្ន CAST បានធ្វើការជាមួយកសិករ ចិញ្ចឹមត្រី និងកែច្នៃផលិតផលត្រីទូទាំងប្រទេសជាង១៥០០ទីតាំង ហើយការបង្កើតប្រព័ន្ធតាមដាននេះ តម្រូវឲ្យកសិករទាំងនោះ ចិញ្ចឹមត្រីតាមស្តង់ដារសុវត្ថិភាព និងអនាម័យ។ ចំណែក លោក ឆេង មករា តំណាងក្រុមហ៊ុនដាវ៉ាន់ បានលើកឡើងថា ការបង្កើតប្រព័ន្ធតាមដានផលិតត្រីនេះ គឺដាក់សម្ពាធមួយទៅអ្នកផលិត ដើម្បីឲ្យពួកគេមានទំនួលខុសត្រូវលើបញ្ហាសុវត្ថិភាព និងអនាម័យ។ ប្រសិនបើ កសិករមិនអនុវត្តឲ្យបានត្រឹមត្រូវតាមស្តង់ដារសុវត្ថិភាព និងអនាម័យទេនោះ កសិករទាំងនោះ នឹងត្រូវដកចេញពីបណ្តាញរបស់កម្មវិធីតាមដានផលិតផលត្រី។ 

លោក ឆេង មករា តំណាងក្រុមហ៊ុនដាវ៉ាន់  
 
លោក ឆេង មករា ប្រាប់យ៉ាងដូច្នេះថា៖ «តាមរយៈប្រព័ន្ធតាមដានផលិតផលត្រី ដែលយើងប្រើ QR Code ជាមូលដ្ឋាននេះគឺគាត់(អតិថិជន)អាចយកទូរសព្ទគាត់ស្គែនព័ត៌មានទាំងអស់ហ្នឹង។ វាជាសម្ពាធមួយដែលអាចឲ្យអ្នកផលិតហ្នឹង គោរពទៅតាមស្ដង់ដារ ហើយបើគាត់ផលិតអត់បានល្អទេ គឺគេអាចរកគាត់ឃើញ ដែលអាចឲ្យគាត់(កសិករ)ទទួលខុសត្រូវលើផលិតផលរបស់គាត់ហ្នឹង ក្នុងករណីមានមនុស្សឈឺ ឬឈឺធ្ងន់ជាដើម»។
 
ជាមួយគ្នានេះ លោក រំពឹងថា ការបង្កើនប្រព័ន្ធត្រួតពិនិ្យតាមដានត្រីនេះ នឹងទទួលបានការចូលរួមច្រើនពីអតិថិជន និងអ្នកផលិត ដើម្បីឲ្យទីផ្សារត្រីក្នុងស្រុកមានលំនឹង និងតម្លៃខ្ពស់តាមស្ដង់ដារសុវត្ថិភាព និងអនាម័យ៕ 

Tag:
 CAST
 ផលិតផលត្រី
 ប្រព័ន្ធតាមដានប្រភពត្រី
© រក្សាសិទ្ធិដោយ thmeythmey.com