ជាតិ
ចលនាយុវជន ដ៏ធំប្រារព្ធខួបកំណើត​៤៣ឆ្នាំ
26, Nov 2021 , 9:30 am        
រូបភាព
សហភាពសហព័ន្ធយុវជនកម្ពុជា​ នឹងរៀបចំកម្មវិធីខួបឆ្នាំទី​៤៣​របស់ខ្លួន នៅព្រឹកថ្ងៃអាទិត្យ​ ទី​២៨​ខែវិច្ឆិកា ​ឆ្នាំ​២០២១ នៅអគារ​ខេមរានីក្នុងសង្កាត់ព្រែកលាភ។

 
លោក ហ៊ុន ម៉ានី នឹងដឹកនាំប្រារព្ធ​ខួបលើកទី​៤៣នៃកំណើត​របស់សហភាពសហព័ន្ធយុវជនកម្ពុជានោះ។ មនុស្សប្រមាណ​២០០នាក់​ដែលជាសមាសភាពថ្នាក់ដឹកនាំ ជាសមាជិកគណៈកមា្មធិការកណ្ដាល និងជា​តំណាងសមាជិកនីតិបុគ្គល នឹងចូលរួមអបអរ​កម្មវិធីរយៈពេលមួយព្រឹក​ដែលនឹងត្រូវ​ផ្សព្វផ្សាយផ្ទាល់​ផង​តាម​រយៈទូរទស្សន៍ព័ត៌មាន BTV។
 
សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានប្តូរឈ្មោះពី សមាគមយុវជនកម្ពុជានៅឆ្នាំ​២០១២ ដែលមាន​ឋានៈជា​អង្គការមិនមែនរដ្ឋាភិបាលមួយ។ តាម​ពិត សមាគមយុវជនកម្ពុជា មានឈ្មោះដើម​ជា សមាគម​យុវជនសង្គ្រោះជាតិកម្ពុជាដែលត្រូវបានបង្កើតឡើង​ទន្ទឹមគ្នា​នឹងរណសិរ្ស​សាមគ្គីសង្គ្រោះជាតិ​កម្ពុជា​នៅថ្ងៃ​ទី​២ខែធ្នូ​ឆ្នាំ​១៩៧៨។ កាលណោះ សមមិត្ត ហ៊ុន សែន ដែលជា​ស្ថាបនិក​មួយ​រូបនៃរណៈសិរ្ស គឺជាអ្នក​ទទួល​​បន្ទុកលើការងារយុវជននេះ។
 
នៅឆ្នាំ២០១២ នៅក្នុងក្របខណ្ឌនៃ​មហាសន្និបាត​លើកទី៣ នាថ្ងៃទី២-៣ ខែវិច្ឆិកា លោក ហ៊ុន ម៉ានី ដែលមុននេះមានតួនាទី​ជាអនុប្រធានសមាគម​យុវជនកម្ពុជាហើយនោះ ត្រូវបានបោះឆ្នោតជា​ប្រធាន​សមាគម ហើយដែលត្រូវបានផ្លាស់ប្តូរឈ្មោះមកជាសហភាព​សហព័ន្ធយុវជនកម្ពុជា​នៅក្នុង​មហាសន្និបាត​នោះ។ 
 
សហភាពសហព័ន្ធយុវជនកម្ពុជា ជាកន្លែងប្រមូលផ្ដុំយុវជនគ្រប់មជ្ឈដ្ឋាន​ដោយមិនប្រកាន់ ពូជសាសន៍ សាសនា ឋានៈសង្គម និងជាពិសេស​និន្នាការនយោបាយ ដើម្បីបង្កើតជាកម្លាំងសាមគ្គី​រួមចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ដែលឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ។ សហភាពសហព័ន្ធយុវជនកម្ពុជា​ក៏មានបេសកកម្ម​បណ្ដុះបណ្ដាល​សមត្ថភាពយុវជនទូទាំងប្រទេស​ និងដឹកនាំ​ជំរុញទឹកចិត្ត​ឱ្យពួកគេ​ធ្វើកិច្ចការ​មនុស្សធម៌ និងកិច្ចការសង្គម​ដោយស្ម័គ្រចិត្តផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com