ជាតិ
សង្គមជាតិ
គ្រឿងញៀន១៧០កញ្ចប់ ដែលចាប់បាននៅកោះល្ង មានទម្ងន់១៦៦គីឡូក្រាម
26, Nov 2021 , 4:59 pm        
រូបភាព
សមត្ថកិច្ចខេត្តស្ទឹងត្រែង ថ្លែង និងពិនិត្យគ្រឿងញៀន ដែលត្រូវបានលួចនាំចូលពីឡាវ និងត្រូវចាប់បាននៅកោះល្ង។ រូបពីស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
សមត្ថកិច្ចខេត្តស្ទឹងត្រែង ថ្លែង និងពិនិត្យគ្រឿងញៀន ដែលត្រូវបានលួចនាំចូលពីឡាវ និងត្រូវចាប់បាននៅកោះល្ង។ រូបពីស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
ដោយ: ថ្មីៗ
គ្រឿងញៀន១៧០កញ្ចប់ ដែលសមត្ថកិច្ចកម្ពុជា ចាប់បាននៅកោះល្ង មានទម្ងន់សរុប១៦៦គីឡូក្រាម និង៩០៦ក្រាម។ នេះបើតាមការផ្តល់ព័ត៌មានបន្ថែមរបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹង លើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

 
 
គ្រឿងញៀនជាង១៦៦គីឡូក្រាមនោះ ត្រូវបានសមត្ថកិច្ច ចាប់បាននៅចំណុចកោះល្ង ស្ថិតក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ពេលចាប់បានភ្លាមៗ សមត្ថកិច្ច ពុំបានបញ្ជាក់នោះទេថា គ្រឿងញៀនទាំងនោះ មានទម្ងន់ប៉ុន្មានគីឡូក្រាម។ ក្រោយថ្លឹងរួច ទើបសមត្ថកិច្ច បានផ្តល់ព័ត៌មានដល់សាធារណជនថា គ្រឿងញៀននោះ មានទម្ងន់១៦៦គីឡូក្រាម។ 
 
ជនល្មើស បានលួចនាំចូលគ្រឿងញៀន១៦៦គីឡូក្រាមនោះ ពីប្រទេសឡាវមក ដោយធ្វើដំណើរដោយទូកម៉ាស៊ីនតាមទន្លេមេគង្គ។ ជនល្មើស បានគេចខ្លួនរួច។ ស្នងការដ្ឋានគរបាលខេត្តស្ទឹងត្រែង បញ្ជាក់ថា កម្លាំងសមត្ថកិច្ច កំពុងបន្តស្វែងរកជនល្មើស ដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់។ 
 
ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា បច្ចុប្បន្ន គ្រឿងញៀនទាំងនោះ ត្រូវមន្រ្តីការិយាល័យប្រឆាំងគ្រឿងញៀន បានរៀបចំសំណុំរឿង ទៅអយ្យការអមតុលាការខេត្តស្ទឹងត្រែងហើយ។ 
 
សូមរម្លឹកថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ទីរប្រឆាំងប្រឆាំងបទសល្មើសគ្រឿងញៀន បានផ្សាយលើទំព័រហ្វេសប៊ុកថា សមត្ថកិច្ច ចាប់បានបុរសសញ្ជាតិកាណាដាម្នាក់ ជាមួយគ្រឿងញៀន១៦៧គីឡូក្រាម ក្នុងរាជធានីភ្នំពេញ៕ 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com