ជាតិ
សង្គមជាតិ
អនាម័យ និងបរិស្ថានស្អាត ធ្វើឱ្យ«វត្តសិរិសាគរ ដូនស្ដើង»ទទួលបានបណ្ណសរសើរថ្នាក់ជាតិ
27, Nov 2021 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
 
ភ្នំពេញ៖  «វត្តសិរិសាគរ ដូនស្ដើង» នៅក្នុងខេត្តព្រៃវែង ទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថានថ្នាក់ជាតិ នៅឆ្នាំ២០២១ ពីក្រសួងបរិស្ថាន។ ព្រះចៅអធិការ អ៊ឹម ទៀង មានសង្ឃដីកាថា នេះជាលើកទីមួយដែលវត្តសិរិសាគរ ទទួលបានបណ្ណសរសើរថ្នាក់ជាតិ ហើយនេះជាកិត្តិយស ជាដំណឹងដ៏ល្អសម្រាប់វត្ត និងជាមុខមាត់សម្រាប់ស្រុកភូមិ ក៏ដូចជាខេត្តព្រៃវែងផងដែរ។



ព្រះតេជគុណ អ៊ឹម ទៀង ចៅអធិការវត្តសិរិសាគរ ដូនស្ដើង បានប្រាប់សារព័ត៌មានថ្មីៗ២៥ ថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វត្តសិរិសាគរ ដូនស្ដើង បានទទួលបណ្ណសរសើរមេត្រីភាពបរិស្ថានថ្នាក់ជាតិពីក្រសួងបរិស្ថាន។ នេះជាលើកទីមួយ ដែលវត្តសិរិសាគរ ដូនស្ដើង បានទទួលបណ្ណសរសើរមេត្រី ក្នុងសកម្មភាពចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាពនៅក្នុងមូលដ្ឋាន។

ព្រះចៅអធិការរូបនេះ ពន្យល់ថា បណ្ណសរសើរដែលក្រសួងបរិស្ថានបានប្រគល់ឱ្យវត្ត ដោយផ្អែកលើចំណុចបីធំៗគឺ ទីមួយផ្តោតទៅលើទីអារាមដែលប្រកបដោយអនាម័យ និងផាសុកភាព សម្រាប់ការរស់នៅ។ ទីពីរ ទៅលើការដាំដុះបន្លែផ្លែឈើ  និងដើមឈើកម្រតាមព្រៃរបស់ខ្មែរ និងទីបី សំដៅដល់ការកែប្រែសោភ័ណភាពវត្តទៅជាបៃតង ជួយជីវិតនៅលើភពផែនដី  និងការដកដង្ហើមសម្រាប់មនុស្សជាតិ។

«នេះជាលើកទីមួយហើយ ដែលវត្តទទួលបានបណ្ណសរសើរថ្នាក់ជាតិពីក្រសួងបរិស្ថាន។ ចំពោះមេត្រីភាពផ្សេងៗវត្តធ្លាប់ទទួលច្រើនមកហើយ។ ដំណឹងនេះមិនថាតែអាត្មាភាព ឬព្រះសង្ឃគង់ក្នុងវត្តទេ ដែលសាទរ សូម្បីតែពុទ្ធបរិស័ទ ជិតឆ្ងាយក៏រីករាយដែរ។ អាត្មាមិននឹកស្មានថា នឹងមានថ្ងៃនេះទេ»។ នេះសង្ឃដីការបស់ព្រះចៅអធិការវត្ត។
ស្ថិតក្នុងភូមិស្វាយព្រឹម ឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច ខេត្តព្រៃវែង «វត្តសិរិសាគរ ដូនស្ដើង» បានប្រែក្លាយពីវត្តមានសភាពក្រៀមក្រោះ មកជាវត្តដែលមានបរិស្ថានស្អាត និងបៃតង។ ព្រះតេជគុណ អ៊ឹម ទៀង ព្រះចៅអធិការវត្ត បានចំណាយពេលជិត ១០ឆ្នាំ ដើម្បីឱ្យវត្តមានភាពបៃតង និងមានដើមឈើតូចធំជាង៣រយប្រភេទ ស្មើនឹង៣ពាន់ដើម ដែលផ្ដល់ម្លប់យ៉ាងត្រឈឹងត្រឈៃ។


ព្រះតេជគុណ អ៊ឹម ទៀង មានសង្ឃដីកាដូច្នេះ៖ «មិនមែនជារឿងមួយដែលស្រួលទេ។ ពេលចាប់ផ្ដើមដំបូង គឺមិនមានអ្នកជួយគាំទ្រទេ ព្រោះគ្មានអ្នកគិតថានឹងអាចធ្វើបាន ព្រោះពីមុនមកមិនធ្លាប់មានអ្នកណាគិតថានឹងចង់កែប្រែផង។ អាត្មាចាប់ផ្ដើមធ្វើតែឯងទៅ គេក៏និយាយថាអាត្មាធ្វើមិនកើត។ តែអាត្មាភាពនៅតែជម្នះ និងបន្តប្រឹងទាំងកម្លាំង និងថវិកាផ្ទាល់ខ្លួន»។

តាមរយៈការទទួលបានបណ្ណសរសើរ និងការធ្វើឱ្យមានបរិស្ថានល្អ ព្រះតេជគុណ អ៊ឹម ទៀង ប្ដេជ្ញាបន្តដាំដុះ និងរក្សានូវភាពបៃតងបែបនេះជាបន្ដដើម្បីធ្វើយ៉ាងណាឱ្យទីអារាមមួយនេះ ក្លាយជាគំរូ ផ្នែកបរិស្ថានដល់សង្ឃ និងពលរដ្ឋជិតឆ្ងាយឱ្យចេះរក្សាអនាម័យ ស្រឡាញ់បរិស្ថាន និងរស់នៅប្រកបដោយសុខុមាលភាពនៅក្នុងសង្គម។ សូមបញ្ជាក់ថា បច្ចុប្បន្ន វត្តសិរិសាគរ ដូនស្ដើង មានព្រះសង្ឃសរុបចំនួនជាង ១០អង្គ។ វត្តមានផ្ទៃដីសរុបចំនួន៤ ហិកតា មានស្រះទឹកចាស់ៗចំនួន២ និងស្រះថ្មីចំនួន១ ដែលមានប្រវែង២០០ម៉ែត្រ និងជម្រៅ៣ម៉ែត្រ៕






Tag:
 ព្រៃវែង
  មេត្រីភាពបរិស្ថាន
  វត្តសិរីសាគរ ដូនស្ដើង
© រក្សាសិទ្ធិដោយ thmeythmey.com