ជាតិ
សង្គមជាតិ
មូលនិធិចាប៉ីដងវែង នឹងសម្ដែងនៅខេត្តកំពត ដើម្បីអបអរខួប៥ឆ្នាំ ដែលបានចុះបញ្ជីយូណេស្កូ
27, Nov 2021 , 9:30 am        
រូបភាព
 
ភ្នំពេញ៖ ដើម្បីអបអរខួប៥ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីសម្បតិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការ យូណេស្កូ (UNESCO) មូលនិធិចាប៉ីដងវែង នឹងរៀបចំការសម្ដែងក្រោមប្រធានបទ “វប្បធម៌មួយ អត្តសញ្ញាណមួយ” នៅក្នុងបរិវេណវត្តបាលិលេយ្យក៍ នៃខេត្តកំពត នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ។


ការសម្ដែងចាប៉ីដងវែង ដែលរៀបចំឡើងដោយមូលនិធិចាប៉ីដងវែង នឹងប្រារព្ធឡើងនៅភូមិ ច្រេស ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ទីតាំងក្នុងវត្តបាលិលេយ្យក៍។ ចំពោះការជ្រើសរើសខេត្តកំពត ដើម្បីរៀបចំកម្មវិធី ក៏ព្រោះព្រះចៅអធិការវត្ត បាលិលេយ្យក៍ ដែលជាសមាជិកស្ថាបនិក មូលនិធិចាប៉ីដងវែង បានផ្ដល់ទីតាំងឱ្យរៀបចំកម្មវិធីដោយមិនគិតថ្លៃ ហើយមូលនិធិពុំទាន់មានលទ្ធភាពជួលទីតាំងនៅភ្នំពេញ។

ការសម្ដែងចាប៉ី មានការចូលរួមពីព្រឹទ្ធាចារ្យចាប៉ីដងវែងមួយចំនួន ដូចជាព្រឹទ្ធាចារ្យ អែល បៀន ព្រឹទ្ធាចារ្យ អ៊ិន សារុន ព្រឹទ្ធាចារ្យ ឯ យិន ព្រឹទ្ធាចារ្យ កែ ប៉ិច និងព្រឹទ្ធាចារ្យ សាក់ ភារម្យ  ដែលនឹងបកស្រាវពីសុភាសិតបុរាណមួយចំនួន។ ចំណែកសិល្បករចាប៉ីដងវែងជំនាន់ក្រោយមួយចំនួនទៀត និងបកស្រាយប្រធានបទ “ថែរក្សាឫស្សី ដើម្បីបណ្ដុះទំពាំង”។
លោក ភិន សាវៃ ដែលជាសមាជិកស្ថាបនិកមូលនិធិចាប៉ីដងវែង បានប្រាប់សារព័ត៌មានថ្មីៗថា ការរៀបចំកម្មវិធីសម្ដែងចាប៉ីនេះឡើង គឺក្នុងគោលបំណង៤ធំៗ។ ទី១ គឺដើម្បីចូលរួមអបអរសាទរ ការដាក់បញ្ចូលចាប៉ីដងវែងទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ ទី២ ដើម្បីរំលឹក និងដឹងគុណដល់វីរៈបុព្វបុរសខ្មែរ ដែលបានបន្តថែរក្សា អភិរក្ស និងអភិវឌ្ឍន៍ទម្រង់ចាប៉ីបុរាណ មកដល់យុវជនជំនាន់ក្រោយ។

សិល្បៈ, ចាប៉ី, វប្បធម៌, សិល្បៈបុរាណ

ចំណែកទី៣ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយការចូលរួមរបស់យុវជន តាមរយៈការចូលរួមកម្មវិធីនេះ និងការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គម របស់ផេកមូលនិធិចាប៉ីដងវែង។ និងទី៤ គឺដើម្បីផ្សព្វផ្សាយពី តួនាទី និងសារសំខាន់របស់អ្នកជំនាន់ក្រោយ ដើម្បីចូលរួមអភិរក្ស អភិវឌ្ឍន៍ និងថែរក្សាទម្រង់ចាប៉ីដងវែង។

លោក ភិន សាវៃ បញ្ជាក់បន្ថែម៖«ការសម្ដែង មានតែចាប៉ីមួយមុខប៉ុណ្ណោះ ប៉ុន្តែក្រោមប្រធានបទផ្សេងគ្នា។ ព្រឹទ្ធាចារ្យ បកស្រាយសុភាសិតបុរាណ។ ចំណែកសិល្បករចាប៉ីជំនាន់ក្រោយ មានការចោទឆ្លើយចាប៉ី អំពីប្រធានបទ “ថែរក្សាឫស្សី ដើម្បីបណ្ដុះទំពាំង” ថាតើឫស្សីជានរណា ហើយទំពាំងជានរណា? ហេតុអ្វីត្រូវថែរក្សាឫស្សី ដើម្បីបណ្ដុះទំពាំង?»។



សូមបញ្ជាក់ថា មូលនិធិចាប៉ីដងវែង បង្កើតឡើងក្នុងខែមិថុនា ឆ្នាំ២០២១ ដោយក្រុមយុវជនមួយក្រុម រួមទាំងព្រះសង្ឃ ដែលមានព្រះទ័យ និងទឹកចិត្តស្រឡាញ់ ចង់ថែរក្សាទម្រង់សិល្បៈចាប៉ីដងវែង ក៏ដូចជាសិល្បៈបុរាណផ្សេងៗទៀត។ បច្ចុប្បន្នសមាជិកក្នុងក្រុមនេះ មានជាង១០រូប។

មូលនិធិចាប៉ីដងវែង បង្កើតឡើងក្នុងគោលបំណង កៀងគររកថវិកា ដើម្បីយកទៅជួយផ្គត់ផ្គង់ជីវភាពព្រឹទ្ធាចារ្យចាប៉ីដងវែងជើងចាស់ ក៏ដូចជាក្នុងបំណងបង្កើតការងារដល់ព្រឹទ្ធាចារ្យជើងចាស់ តាមរយៈវគ្គសិក្សាខ្លី ឬការធ្វើបទបង្ហាញនានាជាដើម។ បន្ថែមពីនោះ មូលនិធិ ក៏បង្កើតឡើង ដើម្បីផ្សព្វផ្សាយទម្រង់ចាប៉ីដងវែង និងសិល្បៈបុរាណដទៃទៀត ទៅទូទាំងប្រទេសកម្ពុជា ក៏ដូចជាក្នុងកម្រិតតំបន់ផងដែរ។ ថវិកាដែលទទួលបានពីវិភាគទានរបស់សមាជិក និងសប្បុរសជន កន្លងទៅ មូលនិធិ បានយកទៅជូនព្រឹទ្ធាចារ្យចាប៉ីដងវែងមួយចំនួនហើយ។ ហើយការងារនេះ នឹងបន្តធ្វើជាបន្តបន្ទាប់ទៀត។

«យើងចង់បណ្ដុះអ្នកបន្តវេន ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ ទម្រង់សិល្បៈបុរាណ។ យើងបានឃើញថា ព្រឹទ្ធាចារ្យផ្នែកទម្រង់បុរាណមួយចំនួន បានចែកឋានទៅច្រើន ហើយទម្រង់បុរាណមួយចំនួន បានបាត់បង់ ព្រោះគ្មានអ្នកបន្តវេន។ ដូច្នេះយើងត្រូវតែស្វះស្វែងស្រាវជ្រាវ រកទម្រប់ទាំងនោះឡើងមកវិញ។ យើងក៏ចង់លើកកម្ពស់ជីវភាព សិល្បករបុរាណតាមរយៈការផ្សព្វផ្សាយ និងការសម្ដែងសិល្បៈនានាផងដែរ»។ នេះជាការពន្យល់បន្ថែមរបស់ សមាជិកស្ថាបនិកមូលនិធិចាប៉ីដងវែងលោក ភិន សាវៃ៕







Tag:
 សិល្បៈ
  ចាប៉ី
  វប្បធម៌
  សិល្បៈបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com