សង្គមអន្តរជាតិ​
អន្តរជាតិ
ឧស្សាហកម្មអាកាសចរណ៍ ក៏ត្រូវចូលរួមដើម្បីសម្រេចគោលដៅអព្យាក្រឹតកាបូន
13, Apr 2022 , 10:19 am        
រូបភាព
សព្វថ្ងៃ ឧស្សាហកម្មអាកាសចរណ៍កំពុងរួមចំណែកបំភាយឧស្ម័នកាបូនិចប្រហែល៣ភាគរយ ទៅក្នុងបរិយាកាស។ ដើម្បីដោះស្រាយវិបត្តិនេះ វិស័យអាកាសចរណ៍បានប្តេជ្ញាចិត្តចូលរួមសម្រេចគោលដៅអព្យាក្រឹតកាបូនឱ្យបាននៅឆ្នាំ ២០៥០ តាមរយៈយុទ្ធសាស្ត្រសំខាន់ចំនួន៤។



ជាធម្មតា យន្តហោះត្រូវការថាមពលប្រេងឥន្ធនៈដើម្បីដំណើរការ។ ក្នុងពេលហោះហើរ យន្តហោះបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនពីចំហេះប្រេងឥន្ធនៈទៅក្នុងបរិយាកាស។ ជារៀងរាល់ថ្ងៃ តម្រូវការជើងហោះហើរមានរហូតដល់ ១០ម៉ឺនជើងនៅទូទាំងពិភពលោក ដែលធ្វើឱ្យឧស្សាហកម្មមួយរួមចំណែកក្នុងការបំភាយឧស្ម័នកាបូនិចប្រហែល៣ភាគរយនៃការបំភាយសរុប។

អាស្រ័យហេតុនេះ វិស័យអាកាសចរណ៍ក៏បានចូលរួមប្តេជ្ញាចិត្តសម្រេចគោលដៅអព្យាក្រឹតកាបូនឱ្យបាននៅត្រឹមឆ្នាំ២០៥០ ដើម្បីជួយទប់ស្កាត់ការឡើងកម្តៅផែនដី។ ដើម្បីសម្រេចគោលដៅនោះ ក្រុមហ៊ុនអាកាសចរណ៍បានរៀបចំយុទ្ធសាស្ត្រចំនួន៤ រួមមានការប្រើប្រេងឥន្ធនៈប្រកបដោយនិរន្តរភាព ការទូទាត់កាបូន ការប្រើបច្ចេកវិទ្យាចាប់យកកាបូន និងការប្រើប្រាស់ថាមពលឧស្ម័នអ៊ីដ្រូសែន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។

ការប្រើប្រាស់ឥន្ធនៈប្រកបដោយនិរន្តរភាព ដែលមានន័យថាការប្រើឥន្ធនៈចម្រាញ់ពីប្រភពថាមពលកកើតឡើងវិញ ដូចជារុក្ខជាតិ ឬប្រេងសម្រាប់ធ្វើម្ហូបទៅជំនួសការប្រើប្រេងសាំងដែលធ្លាប់ប្រើកន្លងមក។ នេះជាយុទ្ធសាស្ត្រដែលគេជឿថាមានប្រសិទ្ធភាពលឿនបំផុតដើម្បីឈានដល់គោលដៅអព្យាក្រឹតកាបូន ព្រោះវាអាចកាត់បន្ថយការបំភាយកាបូនក្នុងពេលហោះហើរបានដល់ទៅ ៨០ភាគរយ។

ចំណែកឯយុទ្ធសាស្ត្រទូទាត់កាបូនអាចធ្វើទៅបានតាមរយៈការវិនិយោគលើគម្រោងថាមពលស្អាត ការដាំដើមឈើ ឬគាំទ្រសកម្មភាពដទៃទៀតដែលអាចជួយចាប់យកកាបូនពីក្នុងបរិយាកាស។ សកម្មភាពទាំងនេះនឹងជួយកាត់បន្ថយកាបូនដែលបានបញ្ចេញដោយចំហេះសាំងយន្តហោះមួយចំនួន។ លើសពីនេះ គេក៏មានយុទ្ធសាស្ត្រប្រើបច្ចេកវិទ្យាបង្កើតឧបករណ៍ចាប់យកកាបូនហើយស្តុកទុកក្នុងដីដែលមានសមត្ថភាពចាប់យកកាបូន១លានតោនក្នុងមួយឆ្នាំពីបរិយាកាស។

ចុងក្រោយគឺការប្រើប្រាស់ឥន្ធនៈឧស្ម័នអ៊ីដ្រូសែនរួមជាមួយប្រភពថាមពលកកើតឡើងវិញផ្សេងៗ ដើម្បីជំនួសសាំងយន្តហោះតែវាកំពុងស្ថិតក្នុងការសិក្សាថាតើវាអាចផលិតបានគ្រប់គ្រាន់តាមតម្រូវការដែរឬយ៉ាងណា។ គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍គ្រោងនឹងអភិវឌ្ឍយន្តហោះពាណិជ្ជកម្មដំណើរការដោយប្រើឧស្ម័នដំបូងគេនៅឆ្នាំ ២០៣៥ ខាងមុខ៕


Tag:
 អាកាសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com