ជាតិ
​​​ន​យោ​បាយ​ជាតិ​
«សកម្មភាពបំរើព្រះវររាជបិតាជាតិខ្មែរ» ស្នា​ព្រះហស្តសម្តេចក្រុមព្រះដែលបង្ហាញថាព្រះអង្គជាអ្នកសីហនុនិយម
29, Nov 2021 , 10:15 am        
រូបភាព
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ចែក​សៀវភៅ សកម្ម​ភាពបំរើព្រះវររាជបិតា ដល់សមាជិកគណបក្សព្រះអង្គកាលពីឆ្នាំ២០១៤។​រូបថត thmeythmey
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ចែក​សៀវភៅ សកម្ម​ភាពបំរើព្រះវររាជបិតា ដល់សមាជិកគណបក្សព្រះអង្គកាលពីឆ្នាំ២០១៤។​រូបថត thmeythmey
ដើម្បីបង្ហាញថាខ្លួនពិតជាអ្នករាជានិយម និងសីហនុនិយមដ៏ពិតប្រាកដនោះ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានចងក្រងសៀវភៅមួយដែលមានចំណងជើងថា «សកម្មភាពបំរើព្រះវររាជបិតាជាតិខ្មែរ»។ ស្នាព្រះហស្តនេះ មានជាង១០០ទំព័រ ដែលត្រូវបានបោះពុម្ពផ្សាយកាលពីឆ្នាំ២០១៣។ សម្តេចក្រុមព្រះ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាងសោយព្រះទិវង្គត កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយរោគាពាធ នៅប្រទេសបារាំង





ទៅហើយមកវិញ ទៅហើយមកវិញ។ នេះជាសកម្មភាពរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលធ្លាប់បានលើកឡើងថា ព្រះអង្គគឺអ្នកដែលញៀននឹងនយោបាយ ដូច្នេះហើយទើបព្រះអង្គសម្រេចចិត្តយាងចូលក្នុងឆាកនយោបាយជាច្រើនលើកច្រើនសារ។

សារព័ត៌មានថ្មីៗ សូមលើកយកស្នាព្រះហស្តរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលមានចំណងជើងថា «សកម្មភាពបំរើព្រះវររាជបិតាជាតិខ្មែរ» មកបង្ហាញ ជាពិសេសការរៀបរាប់ពីសកម្មភាពដង្ហែតាមព្រះវររាជបិតាទ្រង់ សម្តេចឪ នរោត្តម សីហនុ ពោលគឺចាប់តាំងពីការបង្កើតរណសិរ្សរួបរួមជាតិដើម្បីកម្ពុជាឯករាជ្យ អព្យាក្រឹត្យ សន្តិ និងសហប្រតិបត្តិ (ហ្វ៊ុនស៊ិនប៉ិច) មក។

តាមរយៈវណ្ណកម្មរបស់ខ្លួន អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភា សម្តេចក្រុមព្រះ បានលើកសរសើរពីព្រះគុណបំណាច់របស់សម្តេចឪ ដែលបានទាមទារឯករាជ្យបរិបូរណ៍នាឆ្នាំ១៩៥៣ ហើយបានអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីចម្រើនថ្កុំថ្កើងនាសម័យសង្គមរាស្ត្រនិយម (១៩៥៥-១៩៧០) រួមទាំងការកសាងព្រះរាជាណាចក្រកម្ពុជាតែមួយឡើងវិញចាប់ពីឆ្នាំ១៩៩៣ ។

ព្រះអង្គម្ចាស់ រណឫទ្ធិ បានសរសេរថា៖ «កន្លងមកចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្នខ្ញុំបានធ្វើការលះបង់គ្រប់បែបយ៉ាងទាំងអស់ដើម្បីដង្ហែតាមសម្តេចព្រះវររាជបិតា អង្គសម្តេចឪ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងក្នុងចលនាតស៊ូសីហនុនិយម ប្រឆាំងនឹងបរទេសឈ្លានពានទឹកដីកម្ពុជា នៅតាមជាយដែនខ្មែរ-ថៃ ហើយបន្ទាប់មកទៀត ខ្ញុំបានចូលមកវិញក្នុងទឹកដីកម្ពុជាដើម្បីបំរើជាតិមាតុភូមិកម្ពុជាដែលខ្ញុំស្រឡាញ់ស្មើនឹងជីវិតឲ្យវិវត្តរីកចម្រើនប្រកបដោយសន្តិភាពពិតប្រាកដ និងស្ថិតស្ថេរសម្រាប់ប្រជាជាតិខ្មែរ»។



ក្នុងសៀវភៅដែលកម្រាស់១០៤ទំព័រនោះ អតីតប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានអះអាងថា ក្នុងមួយជីវិតរបស់ព្រះអង្គ គឺធ្វើអ្វីគ្រប់យ៉ាងដើម្បីសន្តិភាព ដោយចៀសវាងមធ្យោបាយបាបកម្មដែលជាហេតុនាំឲ្យគូបដិបក្ខរបស់ព្រះអង្គមានប្រៀបដោយអយុត្តិធម៌ ហើយផ្សព្វផ្សាយថា ព្រះអង្គជាក្សត្រទន់ខ្សោយទៅវិញ។ ព្រះអង្គបានបញ្ជាក់ថា ភាពទន់ភ្លន់គឺជាធម្មជាតិរាជទាយាទនៃវង្សក្សត្រជាប់តំណ ដែលមានអង្គសម្តេចឪ ជាព្រះរាជគំរូជាក់ស្តែង។

ព្រះអង្គម្ចាស់ រណឫទ្ធិ បានលើកឡើងពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ព្រះអង្គក្នុងការបញ្ចប់វិបត្តិនយោបាយទាល់ច្រកចំនួន២ គឺក្នុងឆ្នាំ១៩៩៨ និង២០០៣ តាមរយៈការគោរពប្រណិបត្តិ និងប្រតិបត្តិតាមព្រះរាជឱវាទសម្តេចឪ ដោយជៀសវាងបាននូវមហន្តរាយដែលអាចកើតឡើងហួសពីការស្មាន។

ក្រៅពីការលើកឡើងពីសមិទ្ធផលនានាដែលព្រះអង្គបានបំពេញទាំងមុនការបោះឆ្នោតឆ្នាំ១៩៩៣ និងក្រោយការបោះឆ្នោតនោះ ព្រះអង្គម្ចាស់ រណឫទ្ធិ ក៏បានរៀបរាប់ពីប្រវត្តិនយោបាយដ៏ជូរចត់របស់ខ្លួនផងដែរ ដោយព្រះអង្គត្រូវបានផាត់ចេញម្តងហើយម្តងទៀតពីនយោបាយ។

នៅឆ្នាំ១៩៩៣ ព្រះអង្គបានរៀបរាប់ថា មានព្រឹត្តិការណ៍អបគមន៍ និងការគម្រាមធ្វើសង្គ្រាមស៊ីវិល បន្ទាប់ពីគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់ព្រះអង្គឈ្នះឆ្នោត ប៉ុន្តែដោយសារមានការសម្របសម្រួលពីសម្តេចឪក្នុងការបែងចែកអំណាច ព្រះអង្គបានក្លាយជានាយករដ្ឋមន្ត្រីទី១ ។



នៅឆ្នាំ១៩៩៧ នាព្រឹត្តិការណ៍៥-៦ កក្កដា ព្រះអង្គម្ចាស់ រណឫទ្ធិ បានអះអាងថា ឥស្សរជនមេទ័ព និងសមាជិកបក្សហ្វ៊ុនស៊ិនប៉ិចត្រូវបានគេធ្វើឃាត គំរាមកំហែង និងបណ្តាលឲ្យអន្តរាយទ្រព្យសម្បត្តិជាច្រើន ហើយព្រះអង្គបង្ខំចិត្តឃ្លាតចេញពីមាតុភូមិ។

នៅឆ្នាំ២០០៦ ព្រះអង្គត្រូវបានទម្លាក់ចេញពីប្រធានប្រវត្តិសាស្ត្របក្សហ្វ៊ុនស៊ិនប៉ិច ដោយព្រះអង្គបានចោទទង្វើនេះថា ជា «បក្សប្រហារ» ដែលរៀបចំដោយក្រុមលោក ញឹក ប៊ុនឆៃ។ ពីរឆ្នាំក្រោយមក ព្រះអង្គបានមានបញ្ហាស្រដៀងគ្នាម្តងទៀតដោយសារការបែកបាក់សាមគ្គីក្នុងជួរគណបក្សនរោត្តម រណឫទ្ធិ។
ខណៈដែលអវត្តមានពីឆាកនយោបាយមួយរយៈ ព្រះអង្គម្ចាស់ រណឫទ្ធិ  ដែលមានព្រះតួនាទីជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរនោះ បានបំពេញសកម្មភាពមនុស្សធម៌តាមរយៈ «មូលនិធិ សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ»។

សម្រាប់ព្រះអង្គម្ចាស់ រណឫទ្ធិ គ្រប់គ្នាគប្បីគោរពតាមព្រះរាជបណ្តាំចុងក្រោយរបស់ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលមានព្រះរាជបន្ទូលកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១១ ថា «សាមគ្គីជាកម្លាំង» ក្នុងបំណងរួមរស់ដោយការយោគយល់ជាភាតរភាព និងសាមគ្គីរឹងមាំ៕



© រក្សាសិទ្ធិដោយ thmeythmey.com