ជាតិ
សង្គមជាតិ
លោក សម រង្ស៊ី៖«សម្តេចក្រុមព្រះ ជាមេដឹកនាំ ដែលគួរឲ្យគោរព»
29, Nov 2021 , 10:42 am        
រូបភាព
លោក សម រង្ស៊ី (ពាក់វ៉ែនតា) និង សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាឆ្នាំ១៩៩៨។
លោក សម រង្ស៊ី (ពាក់វ៉ែនតា) និង សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាឆ្នាំ១៩៩៨។
លោក សម រង្ស៊ី ប្រមុខដឹកនាំក្រុមប្រឆាំង បានបង្ហោះសារខ្លីលើទំព័រហ្វេសប៊ុកពីនាយសមុទ្រចូលរួមរំលែកទុក្ខចំពោះការចូលទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៊ិច និងជាព្រះប្រធានក្រុមឧត្តមទីប្រឹក្សារបស់ព្រះមហាក្សត្រ។



លោក សម រង្ស៊ី សរសេរដូច្នេះថា៖«ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជាមេដឹកនាំចលនាតស៊ូមួយរូប គួរឲ្យគោរព ពីចុងទសវត្សរ៍ឆ្នាំ១៩៨០ ដល់ការបោះឆ្នោត រៀបចំដោយអង្គការសហប្រជាជាតិ ក្នុងខែឧសភា ឆ្នាំ១៩៩៣។ ខ្ញុំ សូមសម្តែងការគោរពចំពោះវិញ្ញាណក្ខន្ធព្រះអង្គ។»

លោក សម រង្ស៊ី ក៏ជាអ្នកនយោបាយម្នាក់ ដែលធ្លាប់ជាកូនចៅរបស់សម្តេចក្រុមព្រះដែរ កាលពីព្រះអង្គ នៅធ្វើជានាយករដ្ឋមន្រ្តីទី១ នៃអាណត្តិទី១ នាឆ្នាំ១៩៩៣។ ពេលនោះ លោក សម រង្ស៊ី គឺជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច។ ក្រោយមក លោក ក៏ចាកចេញពីព្រះអង្គ ទៅបង្កើតគណបក្សដោយខ្លួនឯង គឺគណបក្សជាតិខ្មែរ។ គណបក្សជាតិខ្មែរ ត្រូវប្តូរឈ្មោះមកជាគណបក្ស សម រង្ស៊ី។ ចុងក្រោយ គណបក្ស  សម រង្ស៊ី ត្រូវប្តូរឈ្មោះមកជាគណបក្សភ្លើងទៀន។

សម្តេចក្រុមព្រះ ទ្រង់បានចូលទិវង្គត ដោយរោគាពាធ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្ម៧៧ព្រះវស្សា នៅប្រទេសបារាំង។ មេដឹកនាំកម្ពុជាជាច្រើនរូប ដូចជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាដើម បានផ្ញើសារចូលរួមរំលែកទុក្ខជាមួយព្រះរាជវង្សានុវង្សចំពោះការបាត់បង់សម្តេចក្រុមព្រះ ហើយប្រជាពលរដ្ឋទូទៅ ក៏បានចូលរួមរំលែកទុក្ខផងដែរតាមរយៈសារលើបណ្តាញសង្គម។

លោក ចាប ញ៉ាលីវុធ អនុប្រធានគណបក្សហ៊្វុនស៊ិនប៊ិច និងជាប្អូនប្រុសឪពុកទីទៃរបស់សម្តេចក្រុមព្រះ ប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ថា លោក មិនទាន់ទទួលព័ត៌មាននោះទេថា ព្រះសពរបស់ព្រះអង្គ នឹងត្រូវតម្កល់ធ្វើបុណ្យក្នុងព្រះបរមរាជវាំង ឬក្នុព្រះរាជដំណាក់របស់ព្រះអង្គ ឬក្នុងវត្តបទុមវត្តី។ ប៉ុន្តែ លោក យល់ថា សពរបស់ព្រះអង្គ ទំនងជាងត្រូវតម្កល់ធ្វើបុណ្យក្នុងវត្តបទុមវត្តី ដូចសពរបស់ឥស្សរជនមុនៗដែរ ដូចជា ព្រះសពរបស់់សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី ដែលត្រូវបានតម្កល់ធ្វើបុណ្យក្នុងវត្តបទុមវត្តី។

លោក ចាប ញ៉ាលីវុធ ក៏មិនដឹងច្បាស់ដែរថា ព្រះសពរបស់សម្តេចក្រុមព្រះ នឹងត្រូវដង្ហែមកដល់កម្ពុជានៅថ្ងៃណា ដោយលោក គ្រាន់តែដឹងថា បច្ចុប្បន្ន ព្រះបរមរាជវាំង កំពុងរៀ់បចំពិធីបុណ្យសព្វរបស់ទ្រង់។ គណបក្សហ្វ៊ុនស៊ិនប៊ិច ជូនដំណឹងជាធារណៈថា សពរបស់ទ្រង់ នឹងត្រូវដង្ហែមកកាន់កម្ពុជាក្នុងពេលដ៏ខ្លីខាងមុខ៕

Tag:
 សម រង្ស៊ី
  សម្តេចព្រះ នរោត្តម រណឫទ្ធិ
© រក្សាសិទ្ធិដោយ thmeythmey.com