ជាតិ
កម្ពុជា ទទួលបានវ៉ាក់សាំងកូវីដ-១៩ ជាង៣លានដូសហើយពីយន្តការកូវ៉ាក់
29, Nov 2021 , 1:59 pm        
រូបភាព
កម្ពុជា ទទួលបានវ៉ាក់សាំង ជាង៣លានដូសហើយ តាមរយៈយន្តការកូវ៉ាក់​ គិតត្រឹមថ្ងៃទី ២៨ ខែវិច្ឆិកា។  តាមអង្គការយូនីសេហ្វ នឹងមានវ៉ាក់សាំង Astra Zeneca និងSinovac សរុប៩០ម៉ឺនដូសបន្ថែមទៀត នឹងដឹកមកដល់កម្ពុជាត្រឹមដំណាច់ឆ្នាំ២០២១នេះ។ ក្នុងជំហានដំបូង មជ្ឈមណ្ឌលកូវ៉ាក់ បានកំណត់ការ​ផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រមាណ ៦.៦លានដូស​សម្រាប់ប្រទេសកម្ពុជា។

 
វ៉ាក់សាំង​កូវីដ-១៩ ប្រភេទ ម៉ូដឺណា (Moderna) ចំនួន១៨៨,១៦០ដូស ដែល​ផលិតនៅសហរដ្ឋអាម៉េរិក ​​បានដឹកមកដល់កម្ពុជា ​កាលពីព្រលប់ថ្ងៃទី២៨ ខែវិច្ឆិកា។  វ៉ាក់សាំងនេះ គឺជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ មកទល់ពេលនេះ កូវ៉ាក់បានផ្តល់វ៉ាក់សាំងជាង ៣លាន​ដូសហើយមកឱ្យកម្ពុជា ក្នុងចំណោមវ៉ាក់សាំង​ប្រមាណ ៦.៦លានដូស ដែលយន្តការនេះ បានសន្យា​នៅក្នុងជំហានដំបូង។  


 
អ្នកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា បានបញ្ជាក់នៅក្នុងពិធីទទួលវ៉ាក់សាំង Moderna នៅព្រលប់ថ្ងៃទី២៨ ខែវិច្ឆិកា នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញថា  កម្ពុជានឹងទទួលបានវ៉ាក់សាំងប្រភេទ  Astra Zeneca និង Sinovac សរុប៩០ម៉ឺនដូសបន្ថែមទៀត តាមយន្តកូវ៉ាក់ នៅ​ត្រឹមដំណាច់ឆ្នាំ២០២១នេះ។ មានន័យថា កូវ៉ាក់ បានផ្តល់វ៉ាក់សាំង ប្រមាណ៦០ភាគរយ នៃការសន្យារបស់ខ្លួន​ មលឱ្យប្រទេសកម្ពុជា។ នេះជាការបន្ថែមរបស់ តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា។ 

មកដល់ពេលបច្ចុប្បន្ន​ កម្ពុជាមានវ៉ាក់សាំងកូវីដ-១៩ សរុប​ ៤០ ២៣០ ០០០លានដូស​ ក្នុងនោះកម្ពុជាបានបញ្ជាទិញពីប្រទេសចិនជាង៣០លានដូស។ ចំណែកវ៉ាក់សាំង ដែលកម្ពុជា ទទួលបានតាមរយៈយន្តការកូវ៉ាក់នោះ មានជំនួយរបស់សហរដ្ឋអាម៉េរិក ជាង១លានដូសជាប្រភេទ Johnson&Johnson, ជំនួយពីរដ្ឋាភិបាលជប៉ុន ប្រមាណ១លានដូសប្រភេទ Astra Zeneca, ប្រភេទ Sinova ជាង១២ម៉ឺនដូស, វ៉ាក់សាំង Moderna​ ជាង១៨ម៉ឺនដូស និងវ៉ាក់សាងប្រភេទ Astra Zeneca ជិត៦៥ម៉ឺនដូសទៀតដែរ តាមយន្តការអន្តរជាតិមួយនេះ។ គិតត្រឹមថ្ងៃទី ២៨ ខែវិច្ឆិកា កម្ពុជាបានចាក់វ៉ាក់សាំងដល់ពលរដ្ឋជាង ១៣.២លាននាក់ ៨៨ភាគរយហើយ ធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់៕

Tag:
 យន្តការកូវ៉ាក់
 វ៉ាក់សាំង
  Moderna
© រក្សាសិទ្ធិដោយ thmeythmey.com