ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី មិនជឿថា លោក កឹម សុខា និយាយចេញពីចិត្ត
29, Nov 2021 , 1:20 pm        
រូបភាព
លោក សម រង្ស៊ី មេចលនានៃក្រុមប្រឆាំងនៅក្រៅប្រទេស នៅតែយល់ថា អ្វី ដែលលោក កឹម សុខា និយាយ គឺមិនចេញពីចិត្តរបស់លោក កឹម សុខា ឡើយ។ ផ្ទុយទៅវិញ លោក បែរជាយល់ថា អ្វី ដែលលោក កឹម សុខា និយាយចេញមក គឺដោយសារលោក កឹម សុខា ស្ថិតក្រោមការគំរាមរបស់គេ។



តាមរយៈសារលើទំព័រហ្វេសប៊ុក នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សម រង្ស៊ី ដែលធ្លាប់ធ្វើជាប្រធានអតីតគណបក្សសង្គ្រោះជាតិមុនលោក កឹម សុខា បានសរសេរដូច្នេះថា៖«សេចក្តីថ្លែងការណ៍របស់លោក កឹម សុខា ស្តីពីគណបក្សសង្គ្រោះជាតិ គឺជាលទ្ធផលនៃការគំរាមកំហែងពីសំណាក់លោក ហ៊ុន សែន ដែលភ័យខ្លាចជាទីបំផុត ចំពោះឯកភាពនៃអ្នកប្រជាធិបតេយ្យខ្មែរ ហើយដែលចាប់យកលោក កឹម សុខា ធ្វើជាចំណាប់ខ្មាំងរបស់គាត់។»

លោក សោ ចាន់ដេត មន្រ្តីជាន់ខ្ពស់ម្នាក់របស់អតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅឯក្រៅប្រទេស បានបញ្ចេញមតិយ៉ាងខ្លីលើគណនីហ្វេសប៊ុកថា៖«ដរាបណា​ លោក កឹម​ សុខា​ មិន​ទាន់​ មាន​នីតិសម្បទា​ត្រឹមត្រូវ​ សំណេរ​របស់​គាត់ ​មិន​អាច​យក​ជា​ការ​ពិត​បាន​ទេ​។»

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ច្រានចោលចំពោះការចោទប្រកាន់របស់លោក សម រង្ស៊ី ដែលថា លោក កឹម សុខា ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បង្ខំឲ្យនិយាយអ្វីមួយ។ លោក បានហៅការចោទប្រកាន់របស់លោក សម រង្ស៊ី ថាជាការឆ្លុះបញ្ចាំងឲ្យឃើញពីការមិនទទួលខុសត្រូវ និងការមិនហ៊ានទទួលយកការពិត។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០២១ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ថ្លែងថា៖«វា ជាទំនាស់បុគ្គល មិនពាក់ព័ន្ធអីនឹងសម្តេចនាយករដ្ឋមន្រ្តីទេ។»

សាររបស់លោក សម រង្ស៊ី ធ្វើឡើយបន្ទាប់ពី លោក កឹម សុខា បានដាច់ចិត្តចេញសារជាលើកដំបូង ដោយស្តីឲ្យលោក សម រង្ស៊ី ចំៗថា នៅតែយករូបថត និងឈ្មោះរបស់លោក ទៅភ្ជាប់នឹងសកម្មភាពនានា ទាំងដែលគ្មានការអនុញ្ញាតពីលោក។ ជាការពិត គេ សង្កេតឃើញថា ក្រុមអ្នកប្រឆាំងនៅក្រៅប្រទេស នៅតែប្រើរូបលោក កឹម សុខា ជាមួយលោក សម រង្ស៊ី ដដែល ជាពិសេសរូប ដែលលោកទាំង២ចាប់ដៃគ្នាលើកឡើងលើ។

លើសពីនេះ លោក កឹម សុខា បានទម្លាក់កំហុសឲ្យលោក សម រង្ស៊ី ថាលោក សម រង្ស៊ី និង សហការី បានដើរចេញពីគោលការណ៍ដើមនៃការរួបរួម ដោយលោក សម រង្ស៊ី បានទៅបង្កើតចលនានយោបាយផ្សេងៗ ជាពិសេសថ្មីៗនេះ បានត្រឡប់ទៅគាំទ្រដោយចំហ ឬនៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់ របស់លោក គឺគណបក្សភ្លើងទៀន។

លោក កឹម សុខា ដែលទទួលបានតំណែងជាប្រធានអតីតគណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា៖«ទង្វើរបស់ពួកគេ សបញ្ជាក់ឲ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬជាជំហររបស់ខ្ញុំឡើយ។»

លោក កឹម សុខា ដែលកំពុងជាប់ចោទពីគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា និងមិនទាន់អាចធ្វើសកម្មភាពនយោបាយបាននោះ បានស្នើឲ្យលោក សម រង្ស៊ី រួមទាំងបក្សពួក ឈប់បំពានលើលោក ដោយឈប់យកឈ្មោះ និងរូបថតរបស់លោក ទៅភ្ជាប់ជាមួយសកម្មភាពនានា ដែលធ្វើឲ្យសាធារណមតិជាតិ-អន្តរជាតិ មានការភ័ន្តច្រឡំ។ លោក ថែមទាំង ប្រកាសថា លោក មិនពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក សម រង្ស៊ី ឡើយ។

ចំពោះលោក សម រង្ស៊ី ជារឿងៗ លោក តែងតែប្រកាសថា លោក និងលោក កឹម សុខា ជាមនុស្សតែមួយ ហើយមិនបែកគ្នាឡើយ។ លើសពីនេះ ឲ្យតែមានវេទិកា លោក សម រង្ស៊ី តែងបញ្ចេញសារទាមទារ ឲ្យតុលាការកម្ពុជា ដោះលែងលោក កឹម សុខា៕

Tag:
 សម រង្ស៊ី-កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com