ជាតិ
សង្គមជាតិ
លោក កឹម សុខា ចូលរួមរំលែកទុក្ខចំពោះការចូលទិវង្គតរបស់សម្តេចក្រុមព្រះ
29, Nov 2021 , 5:06 pm        
រូបភាព
ដោយ: ថ្មីៗ
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានចេញលិខិតចូលរួមរំលែកទុក្ខ ចំពោះការចូលទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៊ិច និងជាព្រះប្រធានក្រុមឧត្តមទីប្រឹក្សាព្រះមហាក្សត្រ។ លោក បង្ហោះលិខិតចូលរួមរំលែកទុក្ខនេះ លើទំព័រហ្វេសប៊ុករបស់លោក។



ក្នុងលិខិតរបស់ខ្លួន ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក កឹម សុខា បានទូលថ្វាយដល់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ជាព្រះជាយារបស់សម្តេចក្រុមព្រះ និងព្រះបុត្រា-បុត្រា រួមទាំងសមាជិក-សមាជិកាគណបក្សហ៊្វុនស៊ិនប៊ិច ថា លោក មានក្តីអាឡោះអាល័យជាអនេក ចំពោះការបាត់បង់សម្តេចក្រុមព្រះ ដែលជាព្រះស្វាមី ព្រះបិតា និង ជាព្រះប្រធានគណបក្ស ជាទីគោរពស្រឡាញ់បំផុត។  
 
ប្រធានអតីតគណបក្សសង្គ្រោះជាតិរូបនេះ សរសេរថា៖«ក្នុងឱកាសនេះ ទូលព្រះបង្គំ សូមឧទ្ទិសបួងសួង សូមឲ្យដួងវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមយាងទៅសោយក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។» 
 
លោក សម រង្ស៊ី ដែលធ្លាប់រួមរស់ក្នុងគណបក្សហ៊្វុនស៊ិនប៊ិចជាមួយសម្តេចក្រុមព្រះកាលពីអតីតកាល ក៏បានចូលរួមរំលែកទុក្ខដែរ។ តាមរយៈសារលើទំព័រហ្វេសប៊ុក លោក សម រង្ស៊ី បានចាត់ទុកសម្តេចក្រុមព្រះ ថាជាមេដឹកនាំចលនាតស៊ូ ដែលគួរឲ្យគោរព ពីចុងទសវត្សរ៍១៩៨០ ដល់ការបោះឆ្នោតអាណត្តិទី១ ដែលរៀបចំដោយអង្គការសហប្រជាជាតិ ក្នុងខែឧសភា ឆ្នាំ១៩៩៣។ កាលពីអាណត្តិទី១ សម្តេចក្រុមព្រះ បានឈ្នះការបោះឆ្នោតធ្វើជានាយករដ្ឋមន្រ្តីទី១ ហើយសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តីទី២ ឯលោក សម រង្ស៊ី ជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច។  
 
សម្តេចក្រុមព្រះ នរោត្ត រណឫទ្ធិ ទ្រង់ចូលទិវង្គ ដោយរោគាពាធ ក្នុងព្រះជន្ម៧៧ព្រះវស្សា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសបារាំង។ គណបក្សហ៊្វុនស៊ិនប៊ិច ប្រកាសដំណឹងថា ព្រះសពរបស់ទ្រង់ នឹងត្រូវយាងដង្ហែមកកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ៕ 

Tag:
 កឹម សុខា
  សម្តេចក្រុមព្រះ
© រក្សាសិទ្ធិដោយ thmeythmey.com