ជាតិ
​​​ន​យោ​បាយ​ជាតិ​
ដកសញ្ជាតិអាម៉េរិក៖ អ្នកគាំទ្របក្សប្រជាជននៅអាម៉េរិក នាំគ្នាចេញប្រឆាំងនឹងលោក សម រង្ស៊ី
30, Nov 2021 , 1:45 pm        
រូបភាព
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាជាង២០នាក់ ប្រមូលផ្តុំនៅរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីប្រឆាំងនឹងលោក សម រង្ស៊ី ដែលចង់ឲ្យរដ្ឋាភិបាលអាម៉េរិក ដកសញ្ជាតិអាម៉េរិកពីពួកគេ។
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាជាង២០នាក់ ប្រមូលផ្តុំនៅរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីប្រឆាំងនឹងលោក សម រង្ស៊ី ដែលចង់ឲ្យរដ្ឋាភិបាលអាម៉េរិក ដកសញ្ជាតិអាម៉េរិកពីពួកគេ។
អ្នកគាំទ្រមួយចំនួនរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសញ្ជាតិអាម៉េរិក បានប្រមូលផ្តុំគ្នា ដើម្បីប្រឆាំងនឹងលោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង និងបក្សពួក ដែលចង់ឲ្យរដ្ឋាភិបាលអាម៉េរិក ដកសញ្ជាតិអាម៉េរិកពីពួកគេវិញ ដោយគ្រាន់តែពួកគេ គាំទ្រគណបក្សប្រជាជនកម្ពុជា និងគាំទ្ររដ្ឋាភិបាលកម្ពុជា។ ការចេញមកប្រមូលផ្តុំគ្នានេះ កើតឡើងបន្ទាប់ពីមានការជំរុញពីសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាលកម្ពុជា។



តាមរយៈវីដេអូលើបណ្តាញសង្គម គេ ឃើញអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅអាម៉េរិក ប្រមូលផ្តុំគ្នា២កន្លែង ក្នុងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ គឺនៅរដ្ឋកាលីហ្វ័រញ៉ា មានគ្នាជាង២០នាក់ និងនៅរដ្ឋម៉ាសាឈូសិត ក៏មានគ្នាជាង២០នាក់ដែរ ដើម្បីប្រឆាំងនឹងលោក សម រង្ស៊ី ដែលទាមទារឲ្យរដ្ឋាភិបាលអាម៉េរិក ដកសញ្ជាតិអាម៉េរិកពីពួកគេ។ លោក សម រង្ស៊ី ដែលមានសញ្ជាតិបារាំង និងមានផ្ទះផ្ទាល់ខ្លួននៅបារាំង ថែមទាំងប្រកាសផងដែរថា អតីតគណបក្សសង្គ្រោះជាតិ នឹងពិនិត្យលទ្ធភាពពឹងពាក់ឬជួលមេធាវី ដើម្បីស្នើឲ្យដកសញ្ជាតិអាម៉េរិកពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។

បុរសឈ្មោះ ផល្លី លើកឡើងថា ខ្លួន ទៅចូលរួមប្រមូលផ្តុំគ្នា នៅរដ្ឋកាលីហ្វ័រញ៉ា ដើម្បីបញ្ចេញមតិ និងទាមទារសិទ្ធិក្នុងការរស់នៅ បន្ទាប់ពីលោក សម រង្ស៊ី ចង់ឲ្យរដ្ឋាភិបាលអាម៉េរិក ដកសញ្ជាតិអាម៉េរិកពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ លោក និយាយសំដៅទៅលោក សម រង្ស៊ី ថា៖«អ្នកនយោបាយ ដែលគួរឲ្យគោរព ហើយទៅប្រើគំនិតថោកទាបអ៊ីចឹង គឺធ្វើឲ្យយើង ឈឺចាប់ណាស់ យើងជាខ្មែរដូចគ្នា។»

បុរសឈ្មោះ រូណា ម៉ៅ ដែលស្ថិតក្នុងការប្រមូលផ្តុំនៅរដ្ឋកាលីហ្វ័រញ៉ាដែរ លើកឡើងថា ខ្លួន ចេញមកប្រតិកម្ម និងជំនាស់នឹងគម្រោងរបស់លោក សម រង្ស៊ី ដែលចង់ជួលមេធាវី ដើម្បីស្នើឲ្យរដ្ឋាភិបាលអាម៉េរិក ដកសញ្ជាតិអាម៉េរិកពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ បុរសរូបនេះ និយាយថា៖«គាត់ធ្វើនេះ គឺបំផ្លាញខ្មែរយើងខ្លួនឯងតើ។»

បុរសឈ្មោះ ចក់ យារិទ្ធ ដែលចូលរួមក្នុងការប្រមូលផ្តុំនៅរដ្ឋកាលីហ្វ័រញ៉ាដែរនោះ លើកឡើងថា ពួកគេ ថ្កោលទោសចំពោះចេតនារបស់លោក សម រង្ស៊ី ដែលចង់ឲ្យរដ្ឋាភិបាលអាម៉េរិកដកសញ្ជាតិអាម៉េរិកពីពួកគេ។ លោក បានហៅសាររបស់លោក សម រង្ស៊ី ថាជានយោបាយបំភ័យខ្មែរគ្នាឯង។ លោក អំពាវនាវថា៖«ខ្ញុំ សូមអំពាវនាវឲ្យលោក សម រង្ស៊ី ឈប់ប្រព្រឹត្តអំពើបែបនេះតទៅទៀត បើមិនអ៊ីចឹងទេ ប្រហែលជាថ្ងៃណាមួយ ប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាម៉េរិកនេះ ទ្រាំលែងបានប្រយ័ត្នគេនាំគ្នាប្តឹង ឈប់ឲ្យចូលសហរដ្ឋអាម៉េរិកទៀត។»

ចំណែក បុរសម្នាក់ ដែលបានទៅចូលរួមប្រមូលផ្តុំនៅរដ្ឋម៉ាសាឈូសិត លើកឡើងដោយមិនបានបញ្ចេញឈ្មោះថា ក្រុមលោក មិនពេញចិត្តយ៉ាងខ្លាំងនឹងគម្រោងជួលមេធាវីរបស់លោក សម រង្ស៊ី។ លោក ថ្លែងថា៖«យើងខ្ញុំ ក្នុងនាមខ្មែរអាម៉េរិក ស្នើដល់សភាអាម៉េរិក ក៏ដូចជារដ្ឋាភិបាលអាម៉េរិក សូមមេត្តាចាត់វិធានការលើបុគ្គល សម រង្ស៊ី នេះ ពីព្រោះនេះវា ចូលលក្ខណៈបំភិតបំភ័យដល់ប្រជាពលដ្ឋខ្មែរអាម៉េរិក ដែលគាត់ មិនមានការយល់ដឹងពីច្បាប់ទម្លាប់ហ្នឹង។»

លោក អះអាងថា យោងតាមរដ្ឋធម្មនុញ្ញអាម៉េរិក ជនបរទេស ដែលរស់នៅលើទឹកដីអាម៉េរិក ឬមានសញ្ជាតិអាម៉េរិក មានសិទ្ធិនិយាយ និងមានសិទ្ធិគាំទ្រលើមេដឹកនាំនៃប្រទេសកំណើតខ្លួន បើយល់ថា មេដឹកនាំនោះ អាចផ្តល់សុភមង្គលដល់ប្រទេសជាតិ។

បុរសទាំង៤នាក់ខាងលើ ប្រកាសប្រាប់ពលរដ្ឋខ្មែរដទៃទៀត ដែលមានសញ្ជាតិអាម៉េរិក និងបានគាំទ្រគណបក្សប្រជាជនកម្ពុជា កុំឲ្យភ័យនឹងសាររបស់លោក សម រង្ស៊ី។ ពួកគេ បញ្ជាក់ថា អាម៉េរិក គ្មានច្បាប់ដកហូតសញ្ជាតិអាម៉េរិកពីជនបរទេស ដែលគ្រាន់តែគាំទ្ររដ្ឋាភិបាលនៃប្រទេសកំណើតខ្លួនឡើយ។ 

អ្នកគាំទ្ររបស់អតីតគណបក្សប្រឆាំងខ្លះ សរសេរលើបណ្តាញសង្គមថា ព្រោះតែលុយ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងនោះ បានចេញមកប្រមូលផ្តុំគ្នាប្រឆាំងនឹងលោក សម រង្ស៊ី។  

សម្តេច ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រតិកម្ម នៅពេលឃើញក្រុមប្រឆាំងជំរុញឲ្យរដ្ឋាភិបាលអាម៉េរិក ដកសញ្ជាតិអាម៉េរិកពីពលរដ្ឋខ្មែរ ដោយគ្រាន់តែគាំទ្រគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជា។ សម្តេច សម្តែងការហួសចិត្ត និងហៅការជំរុញឲ្យរដ្ឋាភិបាលអាម៉េរិក ដកសញ្ជាតិអាម៉េរិកពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ថាជាអំពើឆ្កួតឡប់ឡែ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដែលជាស្ពានមិត្តភាពកម្ពុជា-ចិន កាលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេច ហ៊ុន សែន ផ្ញើសារទៅកាន់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលរស់នៅលើទឹកដីអាម៉េរិកថា៖«មើល៍ខ្មែរយើងនៅអាម៉េរិក ដែលជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ងើបឈរឡើងនៅអាម៉េរិក ដើម្បីប្រឆាំងជំទាស់ ហើយទៅសួរសមាជិកសភាអាម៉េរិក ទៅកន្លែងវិមាន Capitol [វិមានសភាអាម៉េរិក] ឬក៏ទៅកន្លែងណាមួយ ទៅសួរខាងអាម៉េរិកមើល៍ នាំគ្នាធ្វើបាតុកម្ម សួរអាម៉េរិកមើល៍ ដកមែន ឬអត់ បើដកមែន អាលរៀបបង្វិចមក។»

ថ្មីៗនេះ លោក សម រង្ស៊ី ម្តងជាពីរដង បានប្រកាសថា រដ្ឋាភិបាលអាម៉េរិក អាចនឹងដកសញ្ជាតិអាម៉េរិក ពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ ហេតុផលរបស់លោក គឺថា គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជា គឺងាកចេញពីគន្លងប្រជាធិបតេយ្យ ហើយទៅដើរតាមគន្លងកុម្មុយនីស្ត ដែលផ្ទុយនឹងអាម៉េរិក ដែលអនុវត្តលទ្ធិប្រជាធិបតេយ្យ។ លើសពីនេះ លោក ថែមទាំងចោទថា រដ្ឋាភិបាលកម្ពុជា បម្រើផលប្រយោជន៍ចិន ដែលជាចិន ជាសត្រូវរបស់អាម៉េរិក។ ដូច្នេះ លោក សន្មតថា អ្នកដែលគាំទ្ររដ្ឋាភិបាលកម្ពុជា គឺគាំទ្ររបបកុម្មុយនីស្ត ហើយការគាំទ្ររដ្ឋាភិបាលកម្ពុជា ប្រៀបដូចជាបានចូលរួមបម្រើផលប្រយោជន៍ចិនដែរ ហើយប្រឆាំងនឹងផលប្រយោជន៍អាម៉េរិក ដែលអាម៉េរិក ត្រូវតែដកសញ្ជាតិអាម៉េរិកចេញវិញ។

ក្នុងពិធីសម្ពោធស្ពានស្ទឹងត្រង់-ក្រូវឆ្មារ សម្តេច ហ៊ុន សែន ចាត់ទុកលោក សម រង្ស៊ី ថាយល់ដឹងតិចតួចលើមេដឹកនាំអាម៉េរិក និងមេដឹកនាំចិន។ ប្រមុខរដ្ឋាភិបាលកម្ពុជា អធិប្បាយថា៖«ថ្ងៃមុន លោក ស៊ី ជិនពីង និង លោក ចូ បៃឌិន ជួបគ្នា គេ មានវិធីសាស្រ្តគ្រប់គ្រងទំនាក់ទំនងរវាងចិន ជាមួយម៉េរិកច្បាស់លាល់។ បើទោះបីជាប្រកួតប្រជែងគ្នាយ៉ាងណាក៏ដោយ អ្នកទាំងពីរ បានប្តូរផ្តាច់នឹងគ្នា មិនឲ្យប៉ះទង្គិចគ្នាទេ៕»

Tag:
 ដកសញ្ជាតិអាម៉េរិក
  សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com