អត្ថបទពាណិជ្ជកម្ម
កូកា-កូឡាកម្ពុជា និងក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រៀមទទួលទេសចរណ៍វ៉ាក់សាំង អនាម័យ និងបដិសណ្ឋារកិច្ច
× ព្រះសីហនុ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ - ក្រុមហ៊ុនកូកា-កូឡាកម្ពុជា សហការរៀបចំ និងឧបត្ថម្ភដល់វគ្គបណ្តុះបណ្តាល ដើម្បីត្រៀមរៀបចំទទួលទេសចរណ៍វ៉ាក់សាំង អនាម័យ និងបដិសណ្ឋារកិច្ចភ្ញៀវដល់អាជីវករ នៅក្នុងខេត្តព្រះសីហនុ ដែលរៀបចំផ្តួចផ្តើមដោយក្រសួងទេសចរណ៍ និងគាំទ្រផ្សព្វផ្សាយដោយសារព័ត៌មានថ្មីៗ ដោយមានការចូលរួមពី លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងកញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃក្រុមហ៊ុនកូកា-កូឡាកម្ពុជា និងមន្រ្តីសាលាខេត្តនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងសាលប្រជុំក្នុងបរិវេណសាលាខេត្តព្រះសីហនុ។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលដៅរួមចំណែកបង្កឱ្យមានភាពកាន់ប្រសើរឡើង ក្នុងសេវាម្ហូបអាហារ និងបដិសណ្ឋារកិច្ចត្រៀមទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសក្នុងបរិបទដែលចាំបាច់នៅតែបន្តការការពារនូវការរីករាលដាលជំងឺកូវីដ-១៩។ វគ្គបណ្តុះបណ្តាលនេះ មានខ្លឹមសារសម្រាប់ការត្រៀមរៀបចំទទួលទេសចរណ៍វ៉ាក់សាំង និងការបណ្តុះបណ្តាលផ្នែកបដិ-សណ្ឋារកិច្ច ការទទួលភ្ញៀវ អនាម័យចំណីអាហារ ការរៀបចំកន្លែងលក់ ការរៀបចំខ្លួនក្នុងនាមជាអ្នកលក់ និងការគ្រប់គ្រងបែងចែកសំណល់។
កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃក្រុមហ៊ុនកូកា-កូឡា កម្ពុជា បានលើកឡើងថា៖ «ខេត្តព្រះសីហនុពិតជាមានសក្តានុពលខ្លាំងក្នុងវិស័យទេសចរណ៍ ហើយវគ្គបណ្តុះបណ្តាលនេះដែរគឺពិតជាមានអត្ថប្រយោជន៍ណាស់សម្រាប់បងប្អូនអាជីវករ ព្រោះថានៅពេលដែលពួកគាត់បានយល់ដឹងច្បាស់លាស់អំពីការអនុវត្តវិធានសុវត្ថិភាពអនាម័យម្ហូបអាហារក្នុងវិស័យទេសចរណ៍ ការរៀបចំទីកន្លែងលក់ឱ្យមានអនាម័យ និងការធ្វើបដិសណ្ឋារកិច្ច នឹងរួមចំណែកលើកស្ទួយវិស័យ ទេសចរណ៍ ដែលចាំបាច់មានការសហការពីបងប្អូនអាជីវករ»។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ ជាវគ្គបណ្តុះបណ្តាលលើកទី៥ ដែលក្រុមហ៊ុនកូកា-កូឡាកម្ពុជាបានសហការរៀបចំជាមួយក្រសួងទេសចរណ៍ ដោយវគ្គបណ្តុះបណ្តាលចំនួន៤មុន ប្រារព្ធនៅខេត្តបាត់ដំបង កំពង់ធំ កោះកុង និង កែបរួចមកហើយ។ វគ្គបណ្តុះបណ្តាលនេះ គឺជាគំនិតផ្តួចផ្តើមមួយដើម្បីលើកកម្ពស់ស្ត្រី ដែលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង៥ គឺ ១.ពិភពលោកគ្មានសម្រាម ២.ទឹក ៣.ការលើកកម្ពស់ស្ត្រី ៤.អាកាសធាតុ ៥. សុខុមាលភាពសហគមន៍ ដោយឈរលើគោលបំណងបង្កើតភាពស្រស់ស្រាយដល់ពិភពលោក និងបង្កើតភាពខុសគ្នាជាវិជ្ជមាន៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com