កីឡាជាតិ
ជាតិ
ក្រុមស៊ីហ្គេមនឹងលេងដាច់ដោយឡែកក្នុងលីគ ហើយក្លិបនីមួយៗតម្រូវឲ្យមានកីឡាករ U22
01, Dec 2021 , 2:53 pm        
រូបភាព
លោក សៅ សុខា ប្រធាន​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងទៅកាន់អ្នកសារព័ត៌មាន​ ក្រោយជំនួបជាមួយឯកអគ្គរាជទូតជប៉ុន នៅស្ថានទូត កាលពីថ្ងៃទី​១៧ ខែវិច្ឆិកា
លោក សៅ សុខា ប្រធាន​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងទៅកាន់អ្នកសារព័ត៌មាន​ ក្រោយជំនួបជាមួយឯកអគ្គរាជទូតជប៉ុន នៅស្ថានទូត កាលពីថ្ងៃទី​១៧ ខែវិច្ឆិកា
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ជាក់ថា ក្របខណ្ឌខេមបូឌានលីគរដូវកាលឆ្នាំ២០២២ នឹងមានការរៀបចំប្រព័ន្ធប្រកួតដែលបម្រើឲ្យស៊ីហ្គេមឆ្នាំ២០២៣។ លោកពន្យល់ប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបជាមួយឯកអគ្គរាជទូតជប៉ុន លោក មិកាមី ម៉ាសាហ៊ីរ៉ូ កាលពីពេលថ្មីៗកន្លងមកថា ក្រុមកីឡាករដែលត្រូវប្រមូលផ្តុំសម្រាប់ស៊ីហ្គេម នឹងត្រូវលេងរួមគ្នាក្នុងក្លិបដាច់ឡែក ហើយក្លិបនីមួយៗ ក៏តម្រូវឲ្យមានកីឡាករកម្ពុជាអាយុក្រោម២២ឆ្នាំពីររូបនៅលើទីលានផងដែរ។



«មុនដំបូងយើងចង់ឈ្នះគ្នាឯងនៅក្នុងប្រទេស និយាយឲ្យស្រួលស្តាប់ ប៉ុន្តែគោលដៅធំបំផុតគ្រប់ក្លិប គឺសំដៅលើការកសាងជម្រើសជាតិមួយខ្លាំង ដើម្បីលេងនៅក្នុងក្រុមអន្តរជាតិ តំបន់អាស៊ានគ្នាយើង ភូមិភាគអាស៊ី ក៏ដូចជានៅក្នុងពិភពលោកយើងដែរ»។ នេះជាការលើកឡើងរបស់លោក សៅ សុខា ដោយបានអះអាងថា មិនទាន់ប្រជុំពិភាក្សាផ្លូវការជាមួយបណ្តាក្លិបនោះឡើយ ប៉ុន្តែលោកធ្លាប់បានបង្ហើបប្រាប់ដល់ប្រធានក្លិប ដោយភាគច្រើនមានការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់សហព័ន្ធ។

អត្ថបទទាក់ទង


ជុំវិញការកោះហៅកីឡាករប្រមូលផ្តុំសម្រាប់ស៊ីហ្គេមឲ្យលេងក្លិបដាច់ដោយឡែកនៅរដូវកាល២០២២ ប្រធាន FFC រំពឹងថា នឹងគ្មានក្លិបណាមួយតវ៉ានោះឡើយ ពីព្រោះកីឡាករដែលលេងឲ្យជម្រើសជាតិ គឺសហព័ន្ធទទួលរ៉ាប់រងទាំងអស់ ទាំងប្រាក់ខែ ទាំងការរស់នៅ និងសុខភាព។ លោកបានបន្ថែមថា៖ «និយាយឲ្យស្រួលស្តាប់ ដូចជាការខ្ចីជើងអ៊ីចឹងដែរ»។


ក្លិបនីមួយៗ នឹងតម្រូវឲ្យមានកីឡាករកម្ពុជាអាយុក្រោម២២ឆ្នាំនៅលើទីលាន។ លោក សៅ សុខា ពន្យល់ថា៖ «យើងកំពុងតែគិតធ្វើយ៉ាងម៉េចដើម្បីធនធានមនុស្ស […] អ្នកដែលលេងក្នុងក្លិបប្រមូលផ្តុំមិនប្រាកដថា ទាំងអស់គ្នាអាចជាប់ជម្រើសជាតិឆ្នាំ២០២៣ទាំងអស់គ្នានោះទេ វានឹងបញ្ចូលបន្ថែមនូវកីឡាករល្អៗមកពីបណ្តាក្លិបនានា»។

នៅដើមឆ្នាំ២០២៣ ពោលគឺមុនការរៀបចំធ្វើជាម្ចាស់សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ក្រុមកីឡាករបាល់ទាត់កម្ពុជា នឹងត្រូវចេញដំណើរទៅហ្វឹកហាត់នៅប្រទេសជប៉ុន។ ប្រធាន FFC បានបញ្ជាក់យ៉ាងច្បាស់ថា ការកសាងក្រុមមិនមែនសម្រាប់តែស៊ីហ្គេម២០២៣នោះឡើយ ប៉ុន្តែជាចក្ខុវិស័យវែងឆ្ងាយសម្រាប់ព្រឹត្តិការណ៍ប្រកួតអន្តរជាតិផ្សេងៗទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com