ជាតិ
សម្ដេច ហ៊ុន សែន ៖ កម្ពុជា ជាមិត្តមួយដ៏ស្មោះត្រង់របស់ជប៉ុន
01, Dec 2021 , 7:59 pm        
រូបភាព
ភ្នំពេញ៖ តាមរយៈកិច្ចជួបពិភាក្សាតាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី១ ធ្នូ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យលោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន ថា កម្ពុជា ជាមិត្តស្មោះត្រង់ ចំពោះជប៉ុន។

 
«កម្ពុជា ជាមិត្តមួយដ៏ស្មោះត្រង់របស់ជប៉ុន»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានលើកពីការជួយជ្រោមជ្រែង និងផ្តល់ជំនួយពីសំណាក់រដ្ឋាភិបាលជប៉ុន ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។ ជាពិសេសការផ្តល់នូវជំនួយនានាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មានដូចជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ,រថយន្តសង្គ្រោះ និងបរិក្ខារពេទ្យដទៃទៀត។ បើតាមសម្ដេច ហ៊ុន សែន ជំនួយទាំងអស់នេះ បានឆ្លើយតបយ៉ាងសំខាន់ សម្រាប់តម្រូវការកម្ពុជា ក្នុងការយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩។
 
សម្ដេច ក៏បានរំឭកពីការបញ្ជូនកងទ័ពរក្សាសន្តិភាពរបស់ជប៉ុន មកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩២ ដែលជាការបញ្ជូនកងទ័ពចេញក្រៅប្រទេសលើកដំបូងរបស់ជប៉ុន។ «ចង់ឃើញមានការរៀបចំពិធី ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនៅឆ្នាំ២០២២ ដែលជាខួប ៣០ឆ្នាំនៃការបញ្ជូនកងទ័ពរក្សាសន្តិភាពនេះ»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល ដែលបានស្នើនាយករដ្ឋមន្ត្រីជប៉ុន បន្តជំរុញនូវកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងរក្សាសន្តិភាពជប៉ុន និងកម្ពុជា។
 
បន្ថែមពីនេះ សម្ដេច ក៏ស្នើឱ្យភាគីជប៉ុនបើកជើងហោះហើរឡើងវិញ ដើម្បីទាញភ្ញៀវទេសចរ និងវិស័យសេដ្ឋកិច្ច បន្ទាប់ពីស្ថានភាពកូវីដ-១៩ ធូរស្រាល។ បច្ចុប្បន្ននេះ ជប៉ុន បានបិទជើងហើហោះពីបណ្ដាប្រទេសមួយចំនួន ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩ និងស្របពេលដែលមានវីរុសជំងឺកូវីដ-១៩ មួយប្រភេទទៀត មានឈ្មោះ អូមីក្រុង កំពុងរីករាលដាលនៅលើពិភពលោកដែរ។
 
សូមបញ្ជាក់ថា កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងកាទូតផ្លូវការ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៣។ ទំនាក់ទំនងកម្ពុជា និងជប៉ុន កាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់ រហូតក្លាយទៅជាដៃគូយុទ្ធសាស្ត្រ នៅខែធ្នូ ឆ្នាំ២០១៣ ។ ជប៉ុន បានរួមដំណើរជួយគាំទ្រដល់ការស្វែងរកសន្តិភាព និងការស្តារឡើងវិញ ក្នុងការអភិវឌ្ឍកម្ពុជា ដែលបង្កើតបានជាមូលដ្ឋានគ្រឹះ នៃចំណងមិត្តភាពប្រទេសទាំងពីរ ។ ភាគីទាំងពីរមានភាពស៊ីជម្រៅថែមទៀត ក្នុងវិស័យផ្សេងៗដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរធនធានមនុស្សជាដើម៕

Tag:
 ហ៊ុន សែន
  COVID-19
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com