ជាតិ
លោកស្រី សៀង ចាន់ហេង រួមចំណែកជួសជុលសំណង់បុរាណកាន់តែច្រើនក្នុងរមណីយដ្ឋានអង្គរ
01, Dec 2021 , 3:09 pm        
រូបភាព
ពីខាងឆ្វេងទៅស្ដាំ៖ លោក យិត ចាន់ដារដ្ឋ អគ្គនាយករង​អាជ្ញាធរជាតិអប្សរា, លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌, លោកស្រី សៀង ចាន់ហេង ប្រធានក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និងលោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរជាតិអប្សរា
ពីខាងឆ្វេងទៅស្ដាំ៖ លោក យិត ចាន់ដារដ្ឋ អគ្គនាយករង​អាជ្ញាធរជាតិអប្សរា, លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌, លោកស្រី សៀង ចាន់ហេង ប្រធានក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និងលោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរជាតិអប្សរា
លោកស្រី សៀង ចាន់ហេង ប្រធានក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានបន្តសកម្មភាពចូលរួមជួសជុល និងស្ដារសំណង់បុរាណមួយចំនួនទៀតនៅក្នុងឧទ្យានជាតិអង្គរដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ។

 
ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ខែធ្នូនេះ អាជ្ញាធរជាតិអប្សរានឹងរៀបចំពិធី «រំឭកគុណអង្គរ»ជាលើកដំបូងនៅមុខភ្នំបាខែង មុខប្រាសាទអង្គរវត្ត និងនៅមុខព្រះលានជល់ដំរី។ លោកស្រី សៀង ចាន់ហេង នឹងចូលរួមនៅក្នុងពិធីដ៏ឱឡារិកនោះ ពិសេសកម្មវិធីនៅមុខភ្នំបាខែង។
 
អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាលោក យិត ចាន់ដារដ្ឋ បានពន្យល់ប្រាប់សារព័ត៌ថ្មីៗថា អាជ្ញាធរជាតិកំពុងស្ដារ និងបង្កើតឡើងវិញនូវទីតាំងលើកតម្កើងសាសនាដ៏ធំមួយនៅមុខភ្នំបាខែង ដែលជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយ ភ្ជាប់ដោយផ្លូវបុរាណមួយពីភ្នំបាខែងនេះទៅអតីតរាជធានីហរិហរាល័យក្នុងតំបន់រលួសសព្វថ្ងៃនេះ។ លោកអគ្គនាយករងបានបញ្ជាក់បន្ថែមថា៖«លោកស្រីបានចូលរួមដោះស្រាយទិញដីពីប្រជាពលរដ្ឋដែលធ្វើស្រែនៅលើកសិន្ធុ និងស្រះទឹកទល់មុខភ្នំបាខែងនោះ មកជូនអាជ្ញាធរអប្សរា ដើម្បីយើងអាចអនុវត្តការដ្ឋានរបស់យើង។»។


 
ភ្នំបាខែង គឺជាទីតាំងកណ្ដាលរាជធានីយសោធរ (ទីមួយ) ក្នុងសម័យអង្គរ។ ប្រាសាទលើភ្នំបាខែងត្រូវបានសាងសង់នៅដើមសតវត្សរ៍ទី១០ ក្នុងរាជព្រះបាទយសោវរ្ម័នទី១។
 
ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ លោកស្រី សៀង ចាន់ហេង បានបរិច្ចាគធនធានដោយសទ្ធារបស់លោកស្រីដើម្បីចូលរួមជាមួយអាជ្ញាធរជាតិអប្សរា នៅក្នុងគម្រោងជួលជុលបេតិកភណ្ឌ វត្ថុសិល្បៈនានានៅក្នុងរមណីយដ្ឋានអង្គរ។ លោក យិត ចាន់ដារដ្ឋ បានរៀបរាប់ឱ្យដឹងអំពីសមិទ្ធិធំៗមួយចំនួនដែលក្រុមហ៊ុន ហេង អភិវឌ្ឍ បានចូលរួមចំណែកដែលរួមមាន៖ ការជួសជុលរហាត់ទឹក, គម្រោងជួសជុលលើកប្រាសាទកណ្ដាលស្រះស្រង់, គម្រោងជួសជុលក្លោងទ្វារតាកាវដែលជាច្រកទ្វារខាងលិចនៃក្រុងអង្គរធំ, អំណោយថ្មបាយក្រៀមមួយម៉ឺនដុំសម្រាប់ការប្រើប្រាស់ក្នុងរមណីយដ្ឋាន, គម្រោងកែលម្អផ្លូវវាងបុរាណក្បែរប្រាសាទតាកែវ, គម្រោងជួសជុលព្រះពុទ្ធបដិមាបីទិសនៅលើរួតបាកានដែលជាកំពូលប្រាសាទអង្គរវត្ត និងការជួយទិញដីស្រែពីប្រជាជននៅមុខប្រាសាទភ្នំបាខែង។
 
ទាក់ទងនឹងការរួមចំណែកជួសជុលព្រះពុទ្ធបដិមាទាំងបីអង្គនៃទិសខាងជើង ខាងកើត និងខាងលិចនៅលើកំពូលប្រាសាទអង្គរវត្តរបស់លោកស្រី សៀង ចាន់ហេង នោះ មានពលរដ្ឋ និងព្រះសង្ឃផងជាសប្បុរសជនបានស្ម័គ្រចិត្តចូលរួមថវិកាតាមសទ្ធារបស់ពួកគេជាមួយលោកស្រី។ លោកស្រីបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា៖«ខ្ញុំមិនបានអំពាវនាវបំផុសបំផុលឱ្យពួកគេចូលរួមនោះទេ។ ប៉ុន្តែពួកគេបានទទួលដំណឹងនេះ ហើយពួកគេស្ម័គ្រចិត្តចូលរួមជាមួយខ្ញុំ។ ខ្ញុំរំភើបនឹងទឹកចិត្ត និងសកម្មភាពរបស់ប្រជាជនខ្មែរយើងដូចនេះណាស់។ ខ្ញុំក៏បានជម្រាបទៅខាងអាជ្ញាធរអប្សរាឱ្យស្រង់ឈ្មោះរបស់សប្បុរសជនយើងទាំងអស់គ្នាដែរ។»។ ការណ៍ដែលលោកស្រីនៅតែបន្តចូលរួមចំណែកកសាង ជួសជុលប្រាសាទបុរាណនៅក្នុងរមណីយដ្ឋានអង្គរ ក៏ព្រោះតែលោកស្រីមានទឹកចិត្តគិតដល់ការថែរក្សាសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រដែលជាមរតក៌ដូនតាខ្មែរ។ លោកស្រី សៀង ចាន់ហេង មានប្រសាសន៍ថា៖«ខ្ញុំចង់រំឭកឡើងវិញនូវទំនៀមទម្លាប់ វប្បធម៌ និងស្នាដៃបុព្វបុរសខ្មែរយើង។ ខ្ញុំចង់បង្ហាញថាដូនតាខ្មែរយើងពិតជាម្ចាស់មហានគរយ៉ាងពិតប្រាកដ។»។


 
ក្រៅពីសប្បុរសជនខ្មែរទូទៅ លោកស្រី សៀង ចាន់ហេង នៅតែតំណាងឱ្យវិស័យឯកជនដ៏ចម្បង​ដែលបានចូលរួមចំណែកយ៉ាងច្រើនក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍតំបន់បេតិកភណ្ឌអង្គរ។ នេះបើតាមការអះអាងរបស់លោក យិត ចាន់ដារដ្ឋ ដែលជាអគ្គនាយករងអាជ្ញាធរជាតិអប្សរា។ «ខ្ញុំសង្ឃឹមថាលោកស្រីគឺជាចលករសំខាន់ដែលនឹងទាក់ទាញវិស័យឯកជននានាទៀតឱ្យរួមចំណែកនៅក្នុងកិច្ចការថែរក្សាសម្បត្តិវប្បធម៌បុរាណនេះ។ ការចូលរួមពីវិស័យឯកជនជាមួយអាជ្ញាធរជាតិអប្សរាក្នុងកិច្ចការថែរក្សាតំបន់អង្គរនឹងបង្ហាញពីការរួមគ្នានៃប្រជាជនខ្មែរចំពោះវិស័យនេះ។»។ នេះជាការអំពាវនាវរបស់មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិអប្សរា មុននឹងលោកទាញចំណាប់អារម្មណ៍ឱ្យដឹងថា មានអ្នកជំនាញ និងកូនខ្មែរកាន់តែច្រើនឡើងៗដែលកំពុងតែជួសជុលប្រសាទបុរាណ វត្ថុសិល្បៈ និងអភិរក្ស អភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរដោយខ្លួនឯង ដែលមុននេះ កិច្ចការទាំងអស់នោះត្រូវបានដឹកនាំ និងធ្វើឱ្យជនបរទេស៕

© រក្សាសិទ្ធិដោយ thmeythmey.com