ជាតិ
កុំឈ្លោះគ្នា​តាម​អ្នកនយោបាយ​!
01, Dec 2021 , 8:59 pm        
រូបភាព
រូបបង្ហាញពីអ្នកនយោបាយ ប្រកួតប្រជែងគំនិតគ្នាលើវេទិកាសាធារណៈ។ រូបពីគេហទំព័រ pelladium.com
រូបបង្ហាញពីអ្នកនយោបាយ ប្រកួតប្រជែងគំនិតគ្នាលើវេទិកាសាធារណៈ។ រូបពីគេហទំព័រ pelladium.com
ដោយ: ថ្មីៗ
អ្នកនយោបាយ ឈ្លោះគ្នា ក៏បែរជាឈ្លោះគ្នាតាម ហើយដល់ពេលអ្នកនយោបាយ ត្រូវគ្នា ក៏ចាប់ផ្តើមត្រូវគ្នាដែរ។ ឥរិយាបថទន់ទោរទៅតាមតែអ្នកនយោបាយបែបនេះ ប្រជាពលរដ្ឋខ្មែរ ល្មមលះបង់ចេញហើយ។



​មិន​ដូច​សម័យ​ដើមឡើយ បច្ចុប្បន្ន កម្ពុជា ប្រកាន់យក​លទ្ធិប្រជាធិបតេយ្យ ដែល​ផ្តល់​សិទ្ធិអំណាច​ជូន​ប្រជាពលរដ្ឋ ធ្វើជា​ម្ចាស់​វាសនា​នៃ​ប្រទេសជាតិ​។ ដូច្នេះ ប្រជាពលរដ្ឋ ត្រូវធ្វើ​ខ្លួន​ឲ្យ​​សមជា​ប្រជាពលរដ្ឋ​ក្នុងសង្គម​ប្រជាធិបតេយ្យ ដោយ​ត្រូវមាន​ជំហរ​រឹងប៉ឹង និង​អាច​យល់ដឹង​ពី​កាតព្វកិច្ច​ខ្លួន ដែល​ត្រូវធ្វើ ដោយ​មិន​ចេះតែ​រេ​ចុះ​រេ​ឡើង​តាមតែ​អ្នកនយោបាយ​ឡើយ​។
 
ជាពិសេស បើស្ថិតក្នុង​ស្ថានភាព ដែលអ្នកនយោបាយ កំពុងទាស់ទែងគ្នា គឺ​រឹតតែ​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ រក្សា​ស្មារតី​ឲ្យ​នឹងន និង​មិន​ច្រួលច្របល់​នោះទេ​។ ជា​ប្រជាពលរដ្ឋ​ក្នុងសង្គម​ប្រជាធិបតេយ្យ មិនត្រូវ​ដើរ​តាម​គន្លង​អ្នកនយោបាយ ​រហូតដល់​ថ្នាក់​ស្លាប់​​រស់ ហើយ​មិនត្រូវ​បែងចែក​ពណ៌​សម្បុរ​នយោបាយ​រវាង​គ្នា​នឹង​គ្នា និង​មិនត្រូវចាត់ទុក​ខ្មែរ​គ្នាឯង​ជាស​ត្រូវ​ឡើយ​។ ទម្លាប់​គាំទ្រ​ខាង​នេះ ជាន់​ខាង​នោះ ឬ​គាំទ្រ​ខាង​នោះ ជាន់ខាងនេះ ប្រជាពលរដ្ឋ គួរតែទម្លាក់ចោល។ 
 
ការបែកបាក់​ជាតិ​ ជាទូទៅ​កើតចេញពី​សកម្មភាព និង​ការប្រើ​វោហា​សាស្ត្រ ដើម្បី​ឃោសនា​គំនិត​នយោបាយ ក្នុង​គោលបំណង​បំពេញ​មហិច្ឆតា​របស់ខ្លួន ឬ​បក្ស​ដែល​ខ្លួន​គាប់ចិត្ត​។ ពេលនោះ ពួកគេ ​ចាំតែជាន់ពន្លិច​គ្នា​ទៅវិញទៅមក ពេល​ភាគីណា​ថ្កុំថ្កើង ហើយនឹង​សើចចំអក​ដាក់គ្នា ពេលភាគីណា​វិនាស​អន្តរាយ​។​
 
ប្រជាពលរដ្ឋ ​គប្បី​យល់​ឲ្យ​ច្បាស់​ថា ការទទួល​ឥទ្ធិពល និង​ការដើរតាម​វិថី​អ្នកនយោបាយ​ស្លាប់រ​ស់រៀងៗ​ខ្លួន រហូតដល់​ស្អប់ខ្ពើម​ប្រជាពលរដ្ឋ​ជាតិ​សាសន៍​ខ្លួនឯង​បែបនេះ គឺជា​ដើមចម ដែល​បណ្តាល​ឲ្យ​ជាតិ​ទាំងមូល ជួប​ការបែកបាក់។ ចំណែក អ្នកនយោបាយ គួរតែ​យក​ផលវិបាក​នៃ​ការឈ្លោះគ្នា មក​ធ្វើជា​មេរៀន ដើម្បី​ប្រែក្លាយ​ប្រទេសជាតិ​ឲ្យ​មាន​សាម​គ្តី​ភាព​។ «​សាមគ្គីរស់ បែកបាក់​សាមគ្គី​ស្លាប់​»។ 
 
ជាការពិត ក្នុងសង្គមប្រជាធិបតេយ្យ គឺមានបក្ស និងអ្នកនយោបាយច្រើនភាគី សម្រាប់ឲ្យប្រជាពលរដ្ឋ ជ្រើសរើស ហើយការខ្វែងគំនិតគ្នា តែងជៀសមិនផុត។ យ៉ាងណា ប្រជាពលរដ្ឋ មិនត្រូវឆាប់លង់ ឬឆាប់ជឿអ្នកនយោបាយ ដោយគ្រាន់តែស្តាប់វោហាររបស់ពួកគេឡើយ។ ជាធម្មតា អ្នកនយោបាយ តែងនិយាយពីភាពល្អរបស់ពួកគេ និងនិយាយយកត្រូវតែខ្លួនឯង ហើយទម្លាក់កំហុសឲ្យភាគីម្ខាងទៀត។ ប្រជាពលរដ្ឋ ត្រូវពិចារណា និងសង្កេតមើលឲ្យច្បាស់លាស់ថា អ្នកនយោបាយណា គណបក្សណា ដែលមានគោលនយោបាយល្អ មានសុចរិតភាព និងអាចជួយប្រទេសជាតិបានពិតប្រាកដ។ 
 
មិន​ថា​អ្នក ជា​អ្នកនយោបាយ អ្នកវិភាគ​នយោបាយ សាស្ត្រាចារ្យ​នយោបាយ អ្នកគាំទ្រ​បក្សនយោបាយ អ្នកបម្រើ​នយោបាយ ឬជាអ្នកដើរ​តាម​អ្នកនយោបាយនោះទេ គួរតែ​ប្រកាន់ខ្ជាប់​នូវ​ជំហរ «​ជាតិនិយម និង​ប្រជាជន​ជា​អាទិភាព​» ជាង​បក្ស ​និងបុគ្គល​ដែល​ខ្លួន​ពេញចិត្ត​៕ 

Tag:
 ទស្សននយោបាយ
  សាមគ្គី
© រក្សាសិទ្ធិដោយ thmeythmey.com